ភ្នំពេញ ៖ នៅថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២២នេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធជាផ្លូវការ បានចាប់ដំណើរការ ហើយនៅរាជធានីភ្នំពេញដែលកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំប្តូរវេននៅឆ្នាំនេះ ដោយសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាប្រធានកិច្ចប្រជុំដ៏មានសារសំខាន់នេះ នៅរាជធានីភ្នំពេញក្នុងនាមជាម្ចាស់ផ្ទះ។

តាមការគូសបញ្ជាក់របស់លោកសាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា៖ គិតពីថ្ងៃទី៧ដល់ទី១០ខែវិច្ឆិកា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ជារួមក្នុងរាជធានីភ្នំពេញគឺមានលក្ខណៈល្អប្រសើរ មិនមានអ្វីគួរកត់សម្គាល់នោះទេ គឺអាស្រ័យដោយមានការចូលរួម សហការគ្នាយ៉ាងល្អពីកម្លាំងចម្រុះ គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ ក៏ដូចកិច្ចប្រជុំពាក់ព័ន្ធ ឲ្យប្រព្រឹត្តទៅដោយជោគជ័យ ដែលជាមុខមាត់ប្រទេសជាតិរបស់យើង។

លោកសាន សុខសីហា បានបន្ថែមថា៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងជាង២៣០០នាក់ លើចំនួនសរុបដែលបញ្ជាក់ ដោយអគ្គស្នងការនគរបាលជាតិមានប្រមាណ១ម៉ឺននាក់។ កម្លាំងទាំងអស់ត្រូវបានបែងចែកទទួលខុសត្រូវ តាមគោលដៅសំខាន់ៗ រួមមានកម្លាំងអន្តរាគមន៍ពិសេស, កម្លាំងតាមការិយាល័យជំនាញ, កម្លាំងសណ្តាប់ធ្នាប់ចរាចរ ដែលបានដាក់ពង្រាយតាមដងវិថីសំខាន់ៗទាំងអស់ ដើម្បីជួយរៀបចំសណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរកុំងោយមានការកកស្ទះ រួមទាំងកម្លាំងត្រៀមបង្ការគ្រោះអគ្គីភ័យ ដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោងផងដែរ។
ក្នុងនាមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង បានចាត់ទុកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១និងកិច្ច ប្រជុំពាក់ព័ន្ធថា ជាមុខមាត់និងជាកិត្តិយសជាតិដ៏ធំធេង ព្រមទាំងធ្វើឲ្យកិត្យានុភាពកម្ពុជា កាន់ល្បីល្បាញលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ដូច្នេះយើងត្រូវរួមគ្នាធ្វើយ៉ាងណាការពារ សន្តិសុខសណ្តាប់ធ្នាប់ដែលជាចំណុចអាទិភាពបំផុត សម្រាប់កិច្ចប្រជុំកំពូលអាស៊ាននាពេលនេះ ដោយធានាថាកិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅដោយជោគជ័យ ទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ជាមុខមាត់សម្រាប់រាជធានីភ្នំពេញ និងជាមុខមាត់សម្រាប់ប្រទេសកម្ពុជាទាំងមូល។

ក្នុងសន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ថ្លែងក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាព្រឹកថ្ងៃទី១១វិច្ឆិកានេះថា៖ ឆ្នាំនេះជាឆ្នាំវិសេសវិសាល របស់អាស៊ានដោយយើង បានប្រារព្វពិធីខួបអនុស្សាវរីយ៍៥៥ឆ្នាំ នៃវឌ្ឍនភាព និងការអភិវឌ្ឍន៍ចាប់តាំងពីការបង្កើតសមាគមន៍។ យើងបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ក្នុងនាមជាអង្គការថ្នាក់តំបន់ក៏ដូចជា គ្រួសារនិងបងប្អូន។ យើងបានរួមគ្នាសម្រេច បាននូវគោលបំណងចម្បង ក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយសុខ សន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាបន្ន។
សន្ទរកថា របស់សម្តេចតេជោបានបន្តថា៖ ដើម្បីប្រារព្វអបអរសាទរលើការសម្រេច បាននូវសមិទ្ធិផលគោលដៅជា ប្រវត្តិសាស្ត្រនេះ យើងនឹងដាក់ចេញនូវ សេចក្តីថ្លែងការរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីខួបលើកទី៥៥ នៃការបង្កើតអាស៊ានដែលនឹងត្រូវបានបំពេញបន្ថែមដោយសេចក្តីថ្លែងការណ៍២ផ្សេងទៀត គឺសេចក្តីថ្លែងការណ៍ចក្ខុវិស័យ របស់ថ្នាក់ដឹកនាំ អាស៊ានស្តីពី៖ អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា និងសេចក្តីថ្លែងការណ៍ស្តីពីរបៀបវារះ នៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ដែលនឹងត្រូវអនុម័ត ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី
























