ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្តម Zhang Ming អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅក្នុងកិច្ចប្រជុំនៅថ្ងៃ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចំពោះការសម្របសម្រួលរបស់ឯកឧត្តមក្នុងការគាំទ្រការដាក់បេក្ខភាពរបស់កម្ពុជាជាអ្នកសង្កេតការណ៍នៃ SCO និងបានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការទទួលយកនូវអនុសាសន៍នានារបស់ SCO និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីសម្រេចបាននូវគោលដៅនេះ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមអគ្គលេខាធិការ Zhang Ming បានពិភាក្សាគ្នាយ៉ាងផុល ផុសអំពីការដាក់បេក្ខភាពកម្ពុជាដើម្បីក្លាយជាអ្នកសង្កេតការណ៍ នៃអង្គការសហប្រតិបត្តិការសៀងហ បន្ទាប់ពីបានក្លាយជាដៃគូសន្ទនារបស់អង្គការនេះក្នុងឆ្នាំ២០១៥។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន មានប្រសាសន៍ថា ចាប់តាំងពីបានក្លាយជាដៃគូសន្ទនារបស់SCO ក្នុងឆ្នាំ ២០១៥ កម្ពុជាបានរួម ចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង SCO ដោយបានលើកឡើងពីការចូលរួម យ៉ាងសកម្មរបស់កម្ពុជានៅក្នុងអង្គការនានាក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹងចំណង មិត្តភាព និងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ។
ទន្ទឹមនឹងការសាទរចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្ដម ឯកឧត្តម អគ្គលេខាធិការ Zhang Ming បានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបាន អញ្ជើញឯកឧត្តមចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កម្ពុជាជា ប្រធានអាស៊ាន។

ឯកឧត្តមអគ្គលេខាធិការ បានកោតសរសើរកម្ពុជាចំពោះការចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ ទំនាក់ទំនងរវាងអាស៊ាន និងSCO និងបានលើកឡើងពីដំណើរការផ្ទៃក្នុងរបស់ SCO ក្នុងការដំឡើង ឋានៈពីដៃគូសន្ទនាទៅជាអ្នកសង្កេតការណ៍របស់ SCO និងបង្ហាញពីក្តីសង្ឃឹមថាកម្ពុជានឹងក្លាយជា អ្នកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការសៀងហៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមអគ្គលេខាធិការ បានពិភាក្សា និងធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង SCO៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី









