ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី៖ កម្ពុជាបើកសេដ្ឋកិច្ចឡើងវិញ ហើយតាមការរំពឹងទុក សេដ្ឋកិច្ចរបស់កម្ពុជានឹងមានកំណើន ៥,៣ភាគរយសម្រាប់ឆ្នាំនេះ

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី ADB នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា បានសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន បានជោគជ័យ។

ឯកឧត្តមក៏បានសម្ដែងនូវការអបអរសាទរ ផងដែរជូនចំពោះសម្ដេចតេជោ ដែលបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩ បានល្អ , បានបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញហើយតាមការរំពឹងទុករបស់ធនាគារអភិវឌ្ឍន៍អាស៊ី សេដ្ឋកិច្ច របស់កម្ពុជានឹងមានកំណើន ៥,៣ភាគរយសម្រាប់ ឆ្នាំនេះ ។
ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា ក៏បានគោរពវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្ត របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ។

ពីនោះទៅទៀត ឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ចំពោះភាពជាដៃគូល្អ និងបានគូសបញ្ជាក់ជូនសម្ដេចតេជោថា ធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញាចិត្ត ពង្រឹងភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ ថែមទៀត។ ក្នុងន័យនេះ ធនាគារអភិវឌ្ឍន៍អាស៊ីនិងបន្តគាំទ្រកម្ពុជា តាមរយៈជំនួយ ការជួយគៀងគរថវិកាជួយគៀងគរអ្នកវិនិយោគ និងគាក៏បច្ចេកវិទ្យាដើម្បីជួយកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជា ប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ហើយក៏នឹងជួយកម្ពុជា ក្នុងការអភិវឌ្ឍន៍ បៃតង ផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូន ចំពោះ ឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា ដែលបានទទួល ការអញ្ជើញមកចូលរួម ចែករំលែកធាតុចូលក្នុងវេទិកាកិច្ច សន្ទនាអាស៊ានជាសកល ហើយក៏បានថ្លែងអំណរគុណ ធនាគារ ADB ផងដែរ ដែលបានគាំទ្រកម្ពុជា ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជួយកម្ពុជា ឱ្យរួចផុតពីការរាតត្បាត នៃជំងឺកូវីដ-១៩ ។​ សម្ដេចតេជោ បានមានប្រសាសន៍ថា ADB ជាដៃគូល្អ ហើយរាល់គម្រោងជាមួយ ADB រមែងទទួលបានជោគជ័យ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ADB ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ របស់កម្ពុជា – ចំពោះការផ្ដល់ជំនួយ និងការផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ កម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់អំពីជំនួយរបស់ ADB ដែលបានផ្ដល់ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបជាបន្ទាន់ចំពោះជំងឺរាតត្បាតកូវីដ-១៩ និងក្នុងការអនុវត្ត “ក្របខណ្ឌយុទ្ធសាស្ត និងកម្មវិធីសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ-១៩ តាមបែប គន្លងថ្មី ២០២១-២០២៣»។

ឯកឧត្តម Masatsugu Asakawa បានអបអរសាទរចំពោះកម្ពុជាសម្រាប់ដំណើរការយ៉ាងរលូនក្នុង ការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង ADB ក្នុងរយៈពេលជាង ៣០ឆ្នាំ មកនេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា ADB បានរក្សាការព្យាករណ៍របស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងកម្រិត ៥.៣ ភាគរយនៅឆ្នាំ ២០២២ ប៉ុន្តែបានបន្ទាបការព្យាករណ៍នៅឆ្នាំ ២០២៣ ពីក្នុងកម្រិត ៦.៥ ភាគ រយ មកនៅត្រឹម ៦,២ ភាគរយ ដោយសារតែការចុះខ្សោយជាងមុននៃកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងកំពុងរៀបចំយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) ថ្មី សម្រាប់រយៈពេល ២០២៤- ២០២៨។

ឯកឧត្តម Masatsugu Asakawa បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការពង្រឹង និង ពង្រីកបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីបន្តការរួមចំណែករបស់ខ្លួនក្នុងការដោះស្រាយ បញ្ហាប្រឈមនានាដែលកម្ពុជាកំពុងជួបប្រទះក្នុងការអភិវឌ្ឍ និងបានសាទរដល់កម្ពុជា ក្រោមការ ដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ- ១៩ ប្រកបដោយជោគជ័យ ដោយសម្រេចបានឋានៈជាប្រទេសមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុត មួយ ក្នុងចំណោមបណ្តាប្រទេសជាច្រើន ដែលបានចាក់វ៉ាក់សាំងការពាររួចហើយ បានបើកដំណើរ ការប្រទេសឡើងវិញទាំងស្រុងកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ និងសម្រេចបាននូវការស្ដារ សេដ្ឋកិច្ចឡើងវិញពីវិបត្តិសុខភាពពិភពសាកលដែលមិនធ្លាប់មានពីមុនមក។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធាន ADB បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើ វិស័យបម្រែបម្រួលអាកាសធាតុ ដោយក្នុងនោះ ADB បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនក្នុងការធ្វើ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំផែនការកម្មវិធីអាទិភាព នានា ស្តីពីការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍថាមពលបៃតង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម