ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យ ក្លាស ស្វាប់ (Klaus Schwab) ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ។
ក្នុងជំនួបនេះ សាស្ត្រាចារ្យ ក្លាស ស្វាប់ (Klaus Schwab) បានគោរពវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំនៅរាជធានីភ្នំពេញ ហើយបានគោរពជម្រាបជូនសម្តេចតេជោថា លោកបានជួបនិស្សិតកម្ពុជា ហើយបានឃើញនូវសក្កដានុពលយ៉ាងខ្លាំងលើយុវជនកម្ពុជា ជាពិសេសគឺចំណាប់អារម្មណ៍របស់ពួកគេលើបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងន័យនេះ សាស្ត្រាចារ្យ ក្លាស ស្វាប់ សូមគោរពសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីចំពោះការអភិវឌ្ឍន៍កម្ពុជាយ៉ាងឆាប់រហ័ស និងសក្កានុពលសម្រាប់ការអភិវឌ្ឍន៍កម្ពុជាកាន់តែខ្លាំងថែមទៀត។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ សាស្ត្រាចារ្យ ក្លាស ស្វាប់ ដែលបានយល់ព្រមអញ្ជើញមកចែករំលែកធាតុចូល នៅពេលដែលកម្ពុជាកំពុងតែស្តារសេដ្ឋកិច្ចឡើងវិញស្របពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាជាច្រើនដ៏ទៃទៀត។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីជោគជ័យដ៏គួរឱ្យកត់សម្គាល់របស់រដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឆ្លើយតបជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ លុបបំបាត់ភាពក្រីក្រ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩។ លោកសាស្ត្រាចារ្យ ក្លាស ធ្លាប់ បានអបអរសាទរកម្ពុជាចំពោះភារកិច្ចដ៏ឧត្តុងឧត្តម ក្នុងឋានៈ ជាប្រធានអាស៊ានឆ្នាំ២០២២ និងបានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំប្រកបដោយគិត បណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការ ឆ្លើយតប និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងជោគជ័យដ៏ធំធេងក្នុងការសម្រេចបាននូវ អត្រាខ្ពស់បំផុតនៃការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនកម្ពុជា។

លោកសាស្ត្រាចារ្យ ក្លាស ធ្លាប់ បានលើកឡើងថា WEF មានមធ្យោបាយជាច្រើនដើម្បីជួយដល់ការ អភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី និងសាស្ត្រាចារ្យ ក្លាស ស្វាប់បានពិភាក្សា និងបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-WEF បន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី








