រាជធានីរីយ៉ាដ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងធ្វើដំណើរទៅកាន់ប្រទេសមជ្ឈិមបូព៌ា ដោយផ្ដោលគោលការណ៍សំខាន់ អំពីសេដ្ឋកិច្ច និង បញ្ហាសន្ដិសុខ នៅក្នុងតំបន់។
ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ថា ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ ថា លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន នឹងមកបំពេញទស្សនកិច្ច នៅក្នុងព្រះរាជាណាចក្រមួយនេះ នៅពេលដ៏ឆាប់ៗខាងមុខ។ នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់មេដឹកនាំចិន នឹងផ្ដោតយ៉ាងសំខាន់ លើទំនាក់ទំនងសេដ្ឋកិច្ច និង បញ្ហាសន្ដិសុខ នៅក្នុងតំបន់។

បើតាមគម្រោងនេះ ប្រធានាធិបតីចិន នឹងទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នាខែធ្នូ ខាងមុខ។ លោក ស៊ី នឹងចូលរួមកិច្ចប្រជុំកំពូល រវាងចិន និង បណ្ដាមេដឹកនាំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែក្ស ហៅកាត់ GCC ដែលមានសមាជិកចំនួន៦ប្រទេស។
លោក អាឌែល អាល់ ជូបៀរ (Adel Al-Jubeir) ជាមន្រ្តីជាន់ខ្ពស់មួយរូប សម្រាប់កិច្ចការបរទេសរបស់អារ៉ាប៊ីសាអូឌីត បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ថា «យើងសម្លឹងមើលលើអ្វីៗដែលយើងយកចិត្តទុកដាក់ ដូចជា ស្ថិរភាព និង សន្តិសុខក្នុងតំបន់ ហើយនិងពិភពលោក ព្រមទាំងមធ្យោបាយនានា សម្រាប់បង្កើនលំហូរពាណិជ្ជកម្ម និង ការវិនិយោគទុនបន្ថែមទៀត រវាងប្រទេសទាំងពីរ»។

លោក អាល់ ជូបៀរ បានបន្ថែម ថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិន មកកាន់អារ៉ាប៊ីសាអូឌីត ក្លាយជារឿងធម្មតា ព្រោះចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ខណៈអារ៉ាប៊ីសាអូឌីត មានការវិនិយោគដ៏ធំ នៅប្រទេសចិន។ ជាមួយគ្នានេះ ចិន ក៏បានបោះទុនវិនិយោគធំ នៅអារ៉ាប៊ីសាអូឌីត ដូចគ្នាដែរ។ ពោល គឺវាមិនខុសអ្វីទៅនឹងដៃគូពាណិជ្ជកម្ម ឬដៃគូយុទ្ធសាស្រ្តដទៃទៀតរបស់ក្រុងរីយ៉ាដ ជាមួយនឹងសម្ពន្ធមិត្តដទៃទៀត ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ …នោះឡើយ។
លោក ស៊ី ជិនពីង នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ចំពេលទំនាក់ទំនង រវាងក្រុងរីយ៉ាដ និង ក្រុងងវ៉ាស៊ីនតោន បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ដោយសារការខ្វែងគំនិតគ្នា ជុំវិញបញ្ហាផ្គត់ផ្គង់ប្រេង និង ក្តីបារម្ភរបស់សហរដ្ឋអាមេរិក ជុំវិញការរីកដុះដាល់ខាងកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសតំបន់ឈូងសមុទ្រពែក្ស និង ចិន កាន់តែរីកធំឡើង៕ រក្សាសិទ្ធិដោយ ៖ សារាយSN








