Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន ចោទរុស្ស៊ី ប្រព្រឹត្ដកំហុសឆ្គងឧក្រិដ្ឋ.កម្មសង្គ្រាមនៅខឺសុន រាប់រយករណី

រដ្ឋធានីកៀវ៖ ដោយសារតែការវាយលុកកាន់តែខ្លាំង ពីកងទ័ពការពារទឹកដីរបស់ក្រុងកៀវ រហូតធ្វើឲ្យទាហានរុស្ស៊ី ពិបាកស៊ូទ្រាំ ទើបក្រុងមូស្គូ បង្ខំចិត្តដកទ័ពថយ ហើយក្រោយពេលកម្លាំងប្រដាប់ក្រុងកៀវ បានចូលទៅគ្រប់គ្រងវិញ ក៏រកឃើញបទឧក្រិដ្ឋ.កម្មសង្គ្រាម ជាច្រើនរយករណី។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ថា លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា ក្រុមស៊ើបអង្កេត បានរកឃើញបទឧក្រិដ្ឋកម្មសង្គ្រាម ជាង៤០០ករណី នៅក្នុងតំបន់ខឺសុន (Kherson) ក្រោយពេលទាហានរុស្ស៊ី បានដកចេញពីតំបន់យុទ្ធសាស្រ្ដ នាភាគខាងត្បូង អ៊ុយក្រែន។ សាកសពរបស់ជនស៊ីវិល និង យោធា ជាច្រើននាក់ ត្រូវបានរកឃើញ នៅក្នុងតំបន់នោះ។

ទោះជាយ៉ាងណា បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានបញ្ជាក់ឲ្យបានច្បាស់ ជុំវិញការចោទប្រកាន់ទាំងនេះទេ។ ប៉ុន្ដែក្រុងមូស្គូ បានបដិសេធ ថា កម្លាំងទាហានរបស់ខ្លួន មិនបានកំណត់គោលដៅ ដោយចេតនា ទៅលើជនស៊ីវិលនោះដែរ។ ជាមួយគ្នានេះ អាជ្ញាធរអ៊ុយក្រែន បានដាក់បម្រាមគោចរ និង រឹតបន្ដឹងដល់ការធ្វើដំណើរ ទាំងចេញ និង ចូលទៅក្នុងតំបន់ខឺសុននោះផងដែរ។

ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងការថ្លែងសុន្ទរកថា ជាវីដេអូប្រចាំរាត្រីរបស់គាត់ ថា «ការដកទាហានរុស្ស៊ី ចេញពីតំបន់ខឺសុន បានបន្សល់ទុកនូវសោកនាដកម្ម ដូចគ្នាទៅនឹងតំបន់ផ្សេងទៀត នៅក្នុងប្រទេសរបស់យើង ជាកន្លែងដែលរុស្ស៊ី បានចូលលុកលុយ។ យើងនឹងស្វែងរកភស្ដុតាង និង នាំយុត្ដិធម៌ មកជូនជនរងគ្រោះ ដោយការកាត់ទោសលើក្រុមឃាតករ ហើយក៏មិនចាំបាច់មានការសង័្សយនោះឡើយ»។

ចាប់តាំងពីការផ្ទុះសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក រណ្ដៅកប់សពធំៗជាច្រើនកន្លែង ត្រូវបានរកឃើញ នៅក្នុងតំបន់នានា រួមមាន ប៊ូចា (Bucha), អ៊ីហ្យូម (Izyum) និង ម៉ារីយ៉្យូប៉ូល (Mariupol)។ អ៊ុយក្រែន បានចោទប្រកាន់ដល់កម្លាំងទាហានរុស្ស៊ី នៅពីក្រោយសោកនាដកម្មនានា នៅក្នុងប្រទេសរបស់ខ្លួន។

គណៈកម្មការរបស់អង្គការសហប្រជាជាតិ កាលពីខែមុន បានបញ្ជាក់ ថា ឧក្រិដ្ឋ.កម្មសង្គ្រាមត្រូវបានប្រព្រឹត្ត នៅក្នុងប្រទេសអ៊ុយក្រែន ហើយថា កម្លាំងទាហានរុស្ស៊ី ទទួលខុសត្រូវ ភាគច្រើន លើការរំលោភសិទ្ធិមនុស្ស ចាប់តាំងពីការផ្ទុះសង្គ្រាម រហូតមក។

ខឺសុន ជាទីក្រុងដ៏ធំ នៃតំបន់នោះ ត្រូវបានរុស្ស៊ី រឹបអូសយក ចាប់តាំងពីដើមទី នៃការផ្ទុះសង្គ្រាម នាថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃ ដែលរុស្ស៊ី បានសម្រេចដកថយ កាលពីប៉ុន្មានថ្ងៃមុននេះ មុនពេលអ៊ុយក្រែន បានចូលទៅកាន់កាប់ឡើងវិញ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×