ប្រធានាធិបតីឥណ្ឌូនេស៊ីលោក លោកចូកូ វីដូដូ (Joko Widodo) និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃចន្ទ (១៤ វិច្ឆិកា) បានជួបប្រជុំគ្នានៅកោះបាលី និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរនឹងឈានដល់ការបង្កើតភាពជាដៃគូថ្មី។

នៅមុនកិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេស G20 រយៈពេលពីរថ្ងៃ ដែលចាប់ផ្តើមនៅលើកោះបាលីនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារ លោក Widodo បាននិយាយថា លោកកោតសរសើរចំពោះការគាំទ្រ និងការចូលរួមរបស់សមភាគីសហរដ្ឋអាមេរិក។

លោក Jokowi បាននិយាយថា “ខ្ញុំសង្ឃឹមថា កិច្ចប្រជុំកំពូល G20 អាចបង្ហាញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងអាចជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក”។ ដោយហៅប្រទេសឥណ្ឌូនេស៊ីថាជាដៃគូដ៏រស់រវើក និងសំខាន់ លោក Biden បាននិយាយថា ប្រទេសទាំងពីរត្រូវតែធ្វើការជាមួយគ្នាដើម្បីបន្តអនាគតដ៏ល្អប្រសើរ។ លោកក៏បានប្រកាសព័ត៌មានលម្អិតអំពីភាពជាដៃគូថ្មីដែលនឹងត្រូវបានបង្ហាញនៅថ្ងៃអង្គារ។ លោក Biden បាននិយាយថា តាមរយៈសាជីវកម្ម Millennium Challenge ដែលជាទីភ្នាក់ងារជំនួយបរទេសដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក ទឹកប្រាក់ជិត 700 លានដុល្លារនឹងត្រូវវិនិយោគក្នុងការអភិវឌ្ឍការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។


“យើងនឹងបង្ហាញពីភាពជាដៃគូថ្មីដែលមានការផ្លាស់ប្តូរដើម្បីគាំទ្រដល់ការផ្លាស់ប្តូរថាមពលស្អាតរបស់ឥណ្ឌូនេស៊ី”។ សេតវិមានអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ានឆ្នាំ 2023) របស់ប្រទេសឥណ្ឌូនេស៊ីនាពេលខាងមុខ៕ ប្រភព៖ CNA