ឥណ្ឌូនេស៊ី ៖ បណ្ដាញព័ត៌មានអន្តរជាតិ និងសេតវិមាន បានបង្ហាញសេចក្តីថ្លែងការណ៍មួយថា នៅឯជំនួប G20 នៃប្រទេសឥណ្ឌូនេស៊ី ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន និងលោក ស៊ី ជិនពីង ប្រធានរដ្ឋចិន បានប្ដេជ្ញាធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមជាសាកល ដូចជាការប្រែប្រួលអាកាសធាតុ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចពិភពលោក រួមទាំងការបន្ធូរបន្ថយបំណុល សន្តិសុខសុខភាព និងសន្តិសុខស្បៀងពិភពលោក និងចៀសវាងជម្លោះប្រដាប់អាវុធ ការគ្រប់គ្រងចំណុចខ្វែងគ្នាជាពិសេសសង្គ្រាមនុយក្លេអ៊ែរ ព្រោះនោះជាអ្វីដែលសហគមន៍អន្តរជាតិរំពឹងទុក។

បើតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រសេតវិមាន នៅថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំទាំងពីរបានឯកភាពផ្តល់អំណាចដល់មន្ត្រីជាន់ខ្ពស់សំខាន់ៗ ដើម្បីរក្សាទំនាក់ទំនង និងពង្រឹងកិច្ចខិតខំប្រឹងប្រែងស្ថាបនាឱ្យស៊ីជម្រៅលើបញ្ហាទាំងនេះ និងបញ្ហាផ្សេងៗទៀតផងដែរ។
ក្នុងជំនួប G20 លោក ចូ បៃដិន បានស្វាគមន៍ លោក ស៊ី ជិនពីង ដោយស្នាមញញឹម និងបានបញ្ជាក់ថា លោកចង់ឱ្យសហរដ្ឋអាមេរិក និងចិនគ្រប់គ្រងចំណុចខ្វែងគ្នា និងទប់ស្កាត់ការប្រកួតប្រជែងមិនឱ្យក្លាយជាជម្លោះ។
ជាប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងពិភពលោក ប្រមុខដឹកនាំប្រទេសមហាអំណាចទាំងពីរ បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីដោះស្រាយបញ្ហាជាក់លាក់នៅក្នុងទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងចិន ហើយបានលើកទឹកចិត្តឱ្យមានការរីកចម្រើនបន្ថែមទៀតនៅក្នុងយន្តការដែលមានស្រាប់ រួមទាំងតាមរយៈក្រុមការងាររួមគ្នា។ ពេលនេះមេដឹកនាំទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់ នៃទំនាក់ទំនងរវាងប្រជាជននៃសហរដ្ឋអាមេរិក និងប្រទេសចិនផងដែរ។

លោក ស៊ី ជិនពីង បានមានប្រសាសន៍ថា ពិភពលោកបានមកដល់ផ្លូវបំបែក, ទន្ទឹមគ្នានោះ លោកបានប្តេជ្ញាថានឹងពិភាក្សាដោយស្មោះត្រង់អំពីបញ្ហាដែលបាននាំឱ្យមានការបែកបាក់ ទំនាក់ទំនងរវាងមហាអំណាចទាំងពីររបស់ពិភពលោក, ពិភពលោករំពឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក នឹងរៀបចំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យបានត្រឹមត្រូវឡើងវិញ។
គួរបញ្ជាក់ថា កិច្ចប្រជុំ G20 ឆ្នាំ២០២២នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៥-១៦ វិច្ឆិកា ជាពេលដែលបណ្តាមេដឹកនាំជាសមាជិក នឹងជួបប្រជុំគ្នាដើម្បីពិភាក្សា អំពីការរក្សាស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់សាកលលោក។ សមាជិក G20 រួមមានសហភាពអឺរ៉ុប (EU) និងប្រទេស១៩ទៀត ដូចជា អាហ្សង់ទីន អូស្ត្រាលី ប្រេស៉ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៉ី អ៉ីតាលី ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៉ិក រុស្ស៉ី អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង តួកគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក, ប្រទេសជឿនលឿន និងមហាអំណាចទាំងនេះ នឹងមើលឃើញពីបញ្ហាហិរញ្ញវត្ថុជាសាកលដើម្បីរកដំណោះស្រាយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













