ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហោះខ្លឹមសារតាមរយៈ Facebook ផ្លូវការរបស់សម្ដេច ដោយបញ្ជាក់ថា សម្ដេចបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ី, ហើយត្រូវបានគ្រូពេទ្យឥណ្ឌូនេស៉ី បញ្ជាក់ថា សម្តេចមិនមានអ្វីចម្លែកឡើយ។
បើទោះថា រូបសម្ដេចមិនមានបញ្ហាអ្វីនៃរាងកាយចុះខ្សោយក៏ពិតមែន ប៉ុន្តែ ដើម្បីសុវត្ថិភាពមនុស្សច្រើនអ្នកទៀត សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់មកកម្ពុជាវិញទាំងអស់ ហើយសម្រាប់ឯតំណាងប្រទេសអាស៊ាន កំពុងចរចាប្រគល់ជូនឥណ្ឌូនេស៉ីជាតំណាងតែម្តង។

សម្តេចតេជោ ហ៊ុន សែន បង្ហាញការសោកស្តាយដែលអាក់ខានក្នុងជំនួបគ្រោងទុកជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង នៅឯក្រុងបាងកកប្រទេសថៃ នាពេលប្រជុំ APEC។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់ ! ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ-១៩, មុនចេញពីកម្ពុជា ខ្ញុំធ្វើតេស្តរាល់ថ្ងៃ ពិសេសមុនពេលចេញដំណើរមកឥណ្ឌូនេស៊ី ខ្ញុំធ្វើតេស្ដរហ័សមុនឡើងយន្តហោះ តែពុំមានឃើញអ្វីនោះឡើយ។ ខ្ញុំមិនច្បាស់ថា មេរោគនេះមកនៅជាមួយខ្លួនខ្ញុំ ចាប់ពីពេលណាមកនោះឡើយ តែអ្វីដែលច្បាស់ គឺពេលមកដល់ពេទ្យឥណ្ឌូនេស៉ី គេយកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ-១៩ , ករណីនេះ យើងត្រូវតែទទួលស្គាល់ បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។
ងាកទៅកិច្ចប្រជុំ G20 បន្តិច, បើតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិ ជាពិសេសសារព័ត៌មាន Financial Times នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានរាយការណ៍ថា បណ្ដាប្រទេសជាសមាជិក G20 ភាគច្រើន បានថ្កោលទោស សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយនឹងបញ្ជាក់ថាសព្វថ្ងៃ មិនមែនជាយុគសម័យធ្វើសង្រ្គាមនោះទេ។

សារព័ត៌មាន Financial Times ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើសេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍មួយរបស់ G20 និងមន្ត្រីទូត ២រូប។ បើតាមសេចក្ដីព្រាងនៃ សេចក្ដីថ្លែងការណ៍នេះ បណ្ដាប្រទេសជាសមាជិក G20 ភាគច្រើនបានថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន ជាមួយការសង្កត់ធ្ងន់ថា សង្រ្គាមនេះ បានបង្កការឈឺចាប់ដល់មនុស្សជាតិយ៉ាងធំសម្បើម និងបង្កការខូចខាតបន្ថែមដល់សេដ្ឋកិច្ចសាកលដែលកំពុងមានភាពផុយស្រួយស្រាប់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








