Monday, March 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនប្រជាពលរដ្ឋអំពីស្ថានភាពសុខភាពរបស់សម្តេច គឺធម្មតា ក្រោយពីការរកឃើញវិជ្ជមានកូវីដ នៅឥណ្ឌូនេស៉ី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានផ្ញើសារសារសំឡេងពិសេស ជូនបងប្អូនប្រជាពលរដ្ឋ បញ្ជាក់នៃការអញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជាវិញ និងស្ថានភាពនៃសុខភាពរបស់សម្ដេចគឺធម្មតា ក្រោយពីការរកឃើញវិជ្ជមានកូវីដ នៅឥណ្ឌូនេស៉ី។

តាមរយៈសារសំឡេងនេះ សម្ដចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាជំងឹកូវីដ១៩ គឺជារឿងតូចតាចនោះទេសម្រាប់សម្ដេច ប៉ុន្ដែអ្វីដែលសម្ដេចមានកង្វល់ធំជាងគេ តើមេដឹកនាំដែលចេញពីប្រទេសកម្ពុជា ទៅចូលរួមប្រជុំនៅប្រទេសឥណ្ឌូនេស៉ី និងការវិលត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួនវិញ មានវិជ្ជមានកូវីដឬអត់ ដែលនេះទើបជាបញ្ហាកង្វល់ធំរបស់សម្ដេច។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា មេដឹកនាំបណ្ដាប្រទេសដែលប្រជុំនៅកោះបាលី ប្រទេសឥណ្ឌូនេស៉ី ក្នុងកិច្ចប្រជុំ G20 នោះ គឺភាគច្រើនស្ទើទាំងអស់ចេញពីកម្ពុជាទៅ ក្នុងនោះប្រធានាធិបតីឥណ្ឌូនេស៉ី ជាប្រធានអាស៊ានបន្ដវេនពីសម្ដេចនោះ គឺនៅជាប់ជាមួយសម្ដេចជានិច្ច។ ក្រៅពីនោះមានមេដឹកនាំមួយចំនួនទៀត ក៏នៅជាប់គ្នា ចាប់ដៃគ្នា ហើយធ្វើដំណើរជាមួយទៀត រាប់ទាំងលោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលអង្គុយទទួលទានអាហារជាប់សម្ដេច។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កង្វល់ធំរបស់ខ្ញុំព្រះករុណាខ្ញុំ គឺសុខាភាពរបស់មេដឹកនាំបណ្ដាប្រទេស និងអង្គការអន្ដរជាតិនានា ដែលបានមកប្រជុំនៅប្រទេសកម្ពុជា ថាតើពួកគាត់មានឆ្លងកូវីដ១៩ ឬអត់? ប៉ុន្ដែឆ្លងកាត់ការស្រាវជ្រាវអ្នកដែលចូលរួមប្រជុំនៅប្រទេសឥណ្ឌូនេស៉ី និងអ្នកដែលត្រឡប់ទៅប្រទេសវិញ ពុំឃើញមាន ថ្នាក់ដឹកនាំរូបណាមួយ ដែលមានកូវីដឆ្លងចេញពីកម្ពុជានោះទេ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានថ្លែងថា អ្វីដែលឆ្លងសម្រាប់សម្ដេចនៅពេលនេះ ប្រហែលស្ថិតនៅពេលវេលាដែលសម្ដេចហត់នឿយខ្លាំងបំផុត ក្នុងរយៈពេលចុងក្រោយនេះ ពោលមួយសប្ដាហ៍ចុងក្រោយ ដែលសម្ដេចក្នុងមួយថ្ងៃធ្វើការក្នុងរង្វង់១៥ម៉ោង ដូច្នេះការហត់នឿុយរបស់សម្ដេច គឺជាមូលហេតុក្នុងការវាយលុកនៃជំងឹកូវីដ១៩។ មកដល់ពេលនេះ អាការៈរបស់សម្ដេច គឺធម្មតាទាំងអស់មិនមានអ្វីខុសប្លែកនោះទេ ពោលសូម្បីតែទទួលទានក៏បានធម្មតា ការសម្រាកក៏ធម្មតា។ សម្ដេចបញ្ជាក់ទៀតថា សម្ដេចនឹងធ្វើការងារពីផ្ទះ លើកលែងតែការទទួលភ្ញៀវប៉ុណ្ណោះ ដែលត្រូវអាក់ខាន។

សម្តេចតេជោ បានមានប្រសាសន៍ទៀតថា​ ពិតណាស់ គ្មាននរណាមានបំណង ដើម្បីឱ្យខ្ញុំព្រះករុណាខ្ញុំ មិនមានវត្តមាននៅក្នុងកិច្ចប្រជុំG20 នៅឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC នៅប្រទេសថៃ។ ខ្ញុំសូមឱ្យបំបាត់ចោលនូវការភ័ន្តច្រឡំ និងការវិភាគណា ដែលនាំទៅដល់ការយល់ច្រឡំ។ ប្រធាន G20 គឺប្រទេសឥណ្ឌូនេស៊ី ចង់ណាស់មានវត្តមានរបស់សម្តេចជាប្រធានអាស៊ាន ហើយថៃដែលជាម្ចាស់ផ្ទះកិច្ចប្រជុំ APEC ពិតជាចង់ណាស់ ឱ្យសម្តេចមានវត្តមាន។

សម្ដេចតេជោ ហ៊ុន សែន ក៏ថ្វាយនូវការថ្លែងអំណរគុណចំពោះព្រះមហាក្សត្រ និងហ្លូងម៉ែ ដែលប្រទាននូវព្រះរាជសារ ប្រទានពរចំពោះសម្ដេច ដើម្បីឆាប់ជាសះស្បើយ ហើយក៏ថ្លែងអំណរគុណចំពោះព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋដែលបានព្រួយបារម្ភពីសុខភាពរបស់សម្ដេច។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២២ បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពសុខភាពមេដឹកនាំបណ្ដាប្រទេសនានា រួមទាំងប្រធានាធិបតី អាមេរិកដែរនោះ ដែលបានអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាន និងប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា កាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីសម្ដេចត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៉ី ពេលកំពុងត្រៀមចូលរួមកិច្ចប្រជុំ G20។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អំពីស្ថានភាពសុខភាពរបស់សម្ដេចមិនមានអ្វីប្រែប្រួលនោះទេ ហើយក៏មិនមានអ្វីដែលត្រូវព្រួយបារម្ភនោះដែរ តែអ្វីដែលសម្ដេចបារម្ភបំផុតនោះ គឺសុខភាពមេដឹកនាំពិភពលោក ដែលអញ្ជើញមកកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×