រដ្ឋធានីវ៉ាសាវី៖ ស្របពេលសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានឈានចូល២៦៦ថ្ងៃ គិតត្រឹម ថ្ងៃទី១៦ ខែវិច្ឆិកា ក៏មានសេចក្ដីរាយការណ៍ជាថ្មី អំពីមីស៊ីលរបស់រុស្ស៊ី បានវា.យប្រ.ហារទៅលើទឹកដីរបស់ប៉ូឡូញ ដោយបានស.ម្លាប់មនុស្ស ចំនួន២នាក់។
សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ថា បើតាមបណ្ដាញផ្សព្វផ្សាយរបស់ប៉ូឡូញ និង ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ ថា មីស៊ីលរបស់រុស្ស៊ី បានធ្លាក់ នៅលើភូមិមួយរបស់ប៉ូឡូញ នៅជិតព្រំដែន ជាប់ជាមួយនឹងអ៊ុយក្រែន ដោយបានស.ម្លាប់មនុស្ស ចំនួន២នាក់ ប៉ុន្ដែមិនទាន់មានការអះអាងជាផ្លូវការ ពីអាជ្ញាធរនៅឡើយ។

ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី បានច្រានចោលនូវសេចក្ដីរាយការណ៍នោះ ហើយថែមទាំងបានចាត់ទុកសេចក្ដីរាយការណ៍នោះ ជា«ការបង្កហេតុ ដោយចេតនា សម្ដៅធ្វើឱ្យមានជម្លោះកាន់តែធំឡើង»។
សហរដ្ឋអាមេរិក និង មហាអំណាចរបស់ពិភពលោកដទៃទៀត បានបញ្ជាក់ ថា ពួកគេកំពុងតែស៊ើបអង្កេត អំពីអ្វីដែលបានកើតឡើង នៅលើទឹកដីប៉ូឡូញ។ ជាមួយគ្នានេះ ការិយាល័យសន្ដិសុខជាតិប៉ូឡូញ ក៏កំពុងតែកោះប្រជុំបន្ទាន់ ហើយនឹងចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន។ ចំណែករដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ក៏ស្ថិតក្នុងចំណោមទីក្រុងជាច្រើន បានរងការវា.យប្រ.ហារ ពីមីស៊ីលរបស់រុស្ស៊ី ផងដែរ។
លោក ពីយ៉ូត មូលល័រ (Piotr Muller) អ្នកនាំពាក្យ រដ្ឋាភិបាលប៉ូឡូញ បានបញ្ជាក់ ថា «ការវា.យប្រ.ហារនេះ បានសម្លាប់ប្រជាជនប៉ូឡូញ ចំនួន២នាក់។ ទន្ទឹមគ្នានេះ ក្រុងវ៉ាសាវី បានដាក់កងទ័ពឲ្យប្រុងជើងការខ្ពស់ ហើយនឹងពិនិត្យមើល ប្រសិនបើយើងត្រូវអនុវត្ដតាមមាត្រាទី៤របស់អង្គការណាតូ»។
នៅក្នុងមាត្រាទី៤របស់អង្គការណាតូ បានចែងថា «គ្រប់ភាគី នឹងពិភាក្សាជាមួយគ្នា នៅពេលណាក៏ដោយ តាមគំនិតរបស់ភាគីណាមួយ លើបូរណភាពទឹកដី ឯករាជភាពខាងនយោបាយ ឬ សន្តិសុខ នៃភាគីណាមួយ ត្រូវរងការគំ.រាមកំ.ហែង»។

លោក អែមម៉ាញែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានបញ្ជាក់ថា លោកបានទាក់ទងទៅកាន់ប៉ូឡូញ ហើយរំពឹងលើការចរចាគ្នា នៅក្នុងកិច្ចប្រជុំ G20 នៅថ្ងៃស្អែក ជុំវិញឧបទ្ទវហេតុនេះ។
លោក ឆាលស៍ មីឆែល ប្រធានកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប និង ជាប្រធានក្រុមប្រឹក្សាអឺរ៉ុប បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា ពិតជាមានការរន្ធត់ចិត្ដខ្លាំងណាស់ ចំពោះព័ត៌មាន ពីមីស៊ីលមួយគ្រាប់ និង គ្រាប់កាំភ្លើងផ្លោងផ្សេងៗទៀត បានស.ម្លាប់មនុស្ស នៅលើទឹកដីរបស់ប៉ូឡូញ។ យើងឈរនៅជាមួយនឹងប៉ូឡូញ ហើយខ្ញុំកំពុងតែទាក់ទងទៅកាន់អាជ្ញាធរប៉ូឡូញ និង សមាជិកក្រុមប្រឹក្សាអឺរ៉ុប ហើយសម្ពន្ធមិត្តដទៃទៀត។
លោកស្រី អេឡេន លូរៀ (Elaine Luria) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក បានជំរុញឲ្យរក្សាភាពស្ងៀមស្ងាត់ ចំពេលមានការអំពាវនាវឱ្យលើកយកសន្ធិសញ្ញាការពារជាតិរួមរបស់អង្គការណាតូ អនុវត្ដតាមមាត្រា៥។
លោកស្រី បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធឺរ ថា «អ្នកដែលអំពាវនាវឲ្យអង្គការណាតូ លើកយកមាត្រាទី៥មកអនុវត្ដ ក្រោយការវា.យប្រ.ហារ មកលើទឹកដីរបស់ប៉ូឡូញ ដោយមិនបានយល់ពីអង្គការសម្ពន្ធយោធារបស់ពិភពលោកមួយនេះ ហើយមិនគួរគិតខ្លាំងពេកនោះទេ ព្រោះរុស្ស៊ី កំពុងតែចាញ់សង្រ្គាម។ លុះត្រាតែនេះ ជាការវាយប្រហារដោយចេតនា ទើបត្រូវគិតខ្លាំង ដូច្នេះសូមរក្សាភាពស្ងប់ស្ងាត់សិន៕ រក្សាសិទ្ធិដោយ ៖ សារាយSN














