Saturday, March 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីមូលហេតុ ដែលមិនចាត់តំណាងឱ្យចូលរួមកិច្ចប្រជុំកំពូល G20 និង APEC និងប្រកាសថា សុខភាពល្អ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសារសំឡេង បញ្ជាក់ពីមូលហេតុ ដែលសម្ដេចមិនចាត់តំណាងឱ្យចូលរួមកិច្ចប្រជុំកំពូល G20 និង APEC នោះថា កិច្ចប្រជុំទាំងពីរនេះ គឺគេអញ្ជើញប្រធានអាស៊ាន ដោយចុចចំឈ្មោះសម្តេចផ្ទាល់តែម្តង មិនមែនអញ្ជើញកម្ពុជានោះទេ ដូច្នេះ មិនអាចចាត់តំណាងជំនួសសម្តេចនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ឱ្យដឹងទៀតថា សម្រាប់កិច្ចប្រជុំ G20 វិញ គឺកម្ពុជាមិនមែនជាសមាជិកនោះឡើយ, ការចូលរួម គឺតបតាមការអញ្ជើញរបស់ឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះកិច្ចប្រជុំ ហើយការអញ្ជើញនោះ គឺអញ្ជើញប្រធានអាស៊ាន ដោយចុចចំឈ្មោះរបស់សម្តេចតែម្តង ដូច្នេះសម្តេចមិនមានសិទ្ធិចាត់តាំងនរណាពីកម្ពុជា ដើម្បីជំនួសសម្តេចនោះឡើយ។

អ៊ីចឹងទេ សុំកុំមានការភ័ន្តច្រឡំថា ហេតុអ្វីមិនព្រមទុកឱ្យមន្ត្រីជាន់ខ្ពស់ធ្វើជាតំណាងដើម្បីចូលរួមកិច្ចប្រជុំ? យើងគ្មានសិទ្ធិតែងតាំងតំណាងពីកម្ពុជានោះទេ ពីព្រោះយើងមិនមែនជាសមាជិក G20 គឺគេអញ្ជើញប្រធានអាស៊ាន គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន, រីឯយើងជូនទៅឥណ្ឌូនេស៊ី គឺយើងជូនទៅប្រធានាធិបតីឥណ្ឌូនេស៊ីផងដែរ»។

ចំណែកកិច្ចប្រជុំ APEC នៅប្រទេសថៃវិញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់កិច្ចសន្ទនាក្រៅផ្លូវ APEC នៅប្រទេសថៃ ក៏ដូចគ្នាផងដែរ គឺនាយករដ្ឋមន្ត្រីថៃ អញ្ជើញប្រធានអាស៊ាន, ដូច្នេះសម្តេចមិនអាចចាត់តំណាងទៅជំនួសសម្តេចនោះឡើយ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន ត្រូវបានប្រទេសឥណ្ឌូនេស៊ី អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 ដែលធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី១៥ ដល់ ១៦ ខែវិច្ឆិកា។ ក្នុងឋានៈជាប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបានប្រទេសថៃ អញ្ជើញចូលរួមកិច្ចសន្ទនាក្រៅផ្លូវការ APEC នៅក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី១៧ ដល់ ១៨ ខែវិច្ឆិកា ប៉ុន្តែត្រូវអាក់ខានដោយសារសម្ដេចធ្វើតេស្ដមានវិជ្ជមានកូវីដ-១៩។

ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានចេញសារថ្មីមួយទៀតបញ្ជាក់ពីសុខភាពរបស់សម្តេចក្រោយរកឃើញវិជ្ជមានកូវីដ-១៩, ដោយសម្តេចបញ្ជាក់ថា រហូតមកដល់ពេលនេះសុខភាពរបស់សម្តេចនៅតែធម្មតា, អ្វីដែលធ្វើឱ្យសម្តេចកាន់តែរីករាយនោះ គឺមកដល់ម៉ោងនេះ មិនមានមេដឹកនាំបរទេសដែលចូលរួមកិច្ចប្រជុំនៅកម្ពុជា មានការរកឃើញវិជ្ជមានកូវីដ១៩នោះទេ។

ដូច្នេះ អាចបញ្ជាក់បានថា កម្ពុជា បានទទួលភ្ញៀវដោយសុវត្ថិភាពទាំងសន្តិសុខ និងបញ្ហាទាក់ទងជាមួយនឹងជំងឺឆ្លងក៏ដូចជាបរិយាកាសដទៃទៀត ដែលផ្តល់អំណោយផលសម្រាប់កម្ពុជាទទួលបានជោគជ័យនៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×