ថ្មីៗនេះ វីដេអូមួយ ដែលកំពុងត្រូវបានរំលែកយ៉ាងលឿន នៅលើបណ្តាញសង្គម បានធ្វើឲ្យក្តៅគគុកទៀតហើយ ទាក់ទងទៅនឹងទង្វើរបស់មន្រ្តីនគរបាលម្នាក់ ដែលបានទះកំភ្លៀងអ្នករត់ម៉ូតូឌុបម្នាក់យ៉ាងចាស់ដៃ ដោយគ្រាន់តែជ្រុលនិយាយពាក្យថា «ចោរប្លន់» នៅក្នុងតំបន់មូលដ្ឋានរបស់ខ្លួន ដែលធ្វើឲ្យនគរបាលរូបនេះ ផ្ទុះកំហឹង ប្រហែលខ្លាចអស់បុណ្យស័ក្តហើយមើលទៅ!។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល១០យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្ថិតក្នុងប៉ុស្តិ៍ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។
ជាក់ស្តែង តាមរយៈវីដេអូដែលមានរយៈ 1:48 នាទី ដែលត្រូវបានគេបញ្ចេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញបុរសម្នាក់ ត្រូវបាននគរបាលម្នាក់នៅប៉ុស្តិ៍ទួលសង្កែទី១ ទះមួយកំផ្លៀងលាន់សូរផ្លាច់ បន្ទាប់ពីបុរសនោះដែលជាអ្នករត់ម៉ូតូឌុប បាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង ដែលត្រូវបានចោរឆក់ទូរស័ព្ទ ហើយក៏ច្រឡំនិយាយប្រាប់ទៅប៉ូលិសថា «ចោរប្លន់» គាត់នៅទូលសង្កែ។
បន្ទាប់ពីទះរួច គេក៏បានលឺមន្រ្តីនគរបាលរូបនោះ និយាយបែបនេះថា «អ្ហែងនិយាយភាសាប្លន់ម៉េច ភាសាប្លន់វាមិនធម្មតានៅក្នុងមូលដ្ឋាន ត្រូវបែងចែកឲ្យច្បាស់ណាស! ភាសាប្លន់គេតាមស៊ើបអង្កេតរាប់សិបឆ្នាំ អ្ហែងដឹងទេ…! »។ តែទោះយ៉ាងណា ត្រូវបានបុរសអ្នករត់ម៉ូតូដែលរងការទះមួយដៃ បានឆ្លើយតបថា រូបគាត់និយាយតាមជនរងគ្រោះ ដែលបានប្រាប់ថា ចោរប្លន់នៅទួលសង្កែ និងឲ្យលោកនគរបាលរូបនោះ ទៅសួរជនរងគ្រោះទៅ បើថាគាត់ចេះតែនិយាយ។ បើមើលតាមចរិកដ៏កោងកាចនេះ ប្រសិនបើគ្មានបុរសម្នាក់ទៀត ជួយឃាត់ទេ បុរសអ្នករត់ម៉ូតូ អាចនឹងត្រូវទ្រោមខ្លួន ឬក៏យ៉ាងណានោះទេ។
ក្រោយពីបានឃើញទង្វើរបស់ប៉ូលិសរូបនេះ ដែលហាក់គ្មានក្រមសិលធម៌ គុណធម៌ជាមន្រ្តីសមត្ថកិច្ចបម្រើរាស្រ្ត គ្មានចេះពន្យល់ណែនាំអ្វីក្រៅពីអាងដៃអាងជើងដូចមនុស្សពាលបែបនេះ មហាជនជាច្រើន បានស្នើឲ្យថ្នាក់លើគួរដកចោលទៅ កុំទុកនាំស្អុយដល់គេឯងដែលល្អៗ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





