Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការណាតូ ប្រឈមមុខថ្មីដោយសារសង្គ្រាមអ៊ុយក្រែន ហៀរចូលដល់ប៉ូឡូញ

រដ្ឋធានីប៊្រុចសែល៖ សម្ពន្ធមិត្តយោធា និង ក្រុមអ្នកវិភាគ បានមើលឃើញ ថា ការបំផ្ទុះគ្រាប់យ៉ាងសាហាវ នៅលើទឹកដីប៉ូឡូញ នាភាគខាងកើតប្រទេស ជាប់នឹងព្រំដែនអ៊ុយក្រែន កំពុងតែជំរុញឲ្យមានតម្រូវការចាំបាច់ ត្រូវបង្កើនកម្លាំងបន្ថែមទៀត នៅភាគខាងកើត ប្រទេសជាសមាជិករបស់អង្គការណាតូ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ថា សង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន បានរាលដាល មកដល់ណាតូ នៅសប្ដាហ៍នេះ ខណៈមីស៊ីល ចំនួន១គ្រាប់ បានបំផ្ទុះ នៅក្នុងភូមិមួយរបស់ប៉ូឡូញ ជិតព្រំដែនអ៊ុយក្រែន ដោយបានស.ម្លាប់មនុស្ស ចំនួន២នាក់។

ក្រោយការបំផ្ទុះភ្លាមៗ កាលពីរាត្រី ថ្ងៃអង្គារ នោះ លោក អានឌ្រហ្សេ ឌូដា (Andrzej Duda) ប្រធានាធិបតីប៉ូឡូញ បានអះអាង ថា ការបំ.ផ្ទុះនេះ បានកើតឡើង នៅក្នុងភូមិព្រហ្សេវ៉ូដូវ (Przewodow) ដែលមានមនុស្សរាប់រយនាក់រស់នៅ ហើយវាជាមីស៊ីលផលិតឡើង ដោយរុស្ស៊ី។ ចំណែកការស៊ើបអង្កេត កំពុងតែបន្ដ។

សេចក្ដីថ្លែងការណ៍របស់ប្រធានាធិបតីប៉ូឡូញ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅទូទាំងពិភពលោក ហើយមេដឹកនាំអង្គការណាតូ បានសង្កត់ធ្ងន់ អំពីគោលបំណងរបស់ពួកគេ ត្រូវតែការពារទឹកដី មិនឲ្យសត្រូវណាមួយ រំលោភចូលមកលើទឹកដីសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លាបំផុតរបស់ពិភពលោកមួយនេះ សូម្បីតែមួយមិល្លីម៉ែត្រ ខណៈប៉ូឡូញ ក៏ជាសមាជិក។

ក្រុមអ្នកវិភាគយោធា បានលើកឡើង តាមបណ្ដា្ញញសង្គម ថា នេះអាចជាសកម្មភាពថ្មីមួយ ខណៈសម្ពន្ធមិត្ត នឹងលើកយកមាត្រា៤ មកពិភាក្សា រវាងប្រទេសជាសមាជិកណាតូ នៅពេលប្រទេសណាមួយ គិតថា ត្រូវបានគំរាមកំហែង ឬក៏ លើកយកមាត្រា៥ នៃអង្គការណាតូ ខណៈការវាយប្រហារនោះ ត្រូវបានគិត ថា ប្រឆាំងនឹងសម្ពន្ធមិត្តទាំងមូល ដោយអនុញ្ញាតឲ្យណាតូ ត្រូវសម្រេច ចាត់វិធានការឆ្លើយតប ដើម្បីការពារដល់សមាជិករបស់ខ្លួន។

នៅថ្ងៃដដែលនោះដែរ រុស្ស៊ី បានបង្កើនការវា.យលុកយ៉ាងខ្លាំង ដោយប្រើប្រា.ស់មីស៊ីល បា.ញ់ស្រោច ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានហៅការវា.យប្រ.ហារ ទៅលើទឹកដីប៉ូឡូញ ជាការបង្កើនជម្លោះកាន់តែរាលដាលឡើង ហើយគាត់ បានបញ្ជាក់ ថា «យើងត្រូវតែចាត់វិធានការ»។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អង្គការណាតូ និង បណ្តាប្រទេសលោកខាងលិច រួមទាំង សហរដ្ឋអាមេរិក បានស្ងប់ស្ងាត់ទៅវិញ ហើយថែមទាំង បានលើកឡើង ថា មីស៊ីលនោះ បានបាញ់ខុសបច្ចេកទេស ហើយវាជាផ្នែកមួយ នៃប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ ប៉ុន្ដែបណ្ដាប្រទេសបស្ចិមលោក នៅតែអះអាង ថា រុស្ស៊ី មានការទទួលខុសត្រូវខ្ពស់ នៅក្នុងនាមជាអ្នកឈ្លានពាន និង ជាអ្នកបង្កសង្គ្រាម។

លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ នៅតែរក្សាជំហរប្រុងប្រយ័ត្ន ហើយក៏មិនបានស្តីបន្ទោសរុស្ស៊ី ខណៈលោករង់ចាំការស៊ើបការណ៍សម្ងាត់របស់ប៉ូឡូញ។ ប៉ុន្ដែមួយថ្ងៃក្រោយការបំផ្ទុះនេះ ប្រធានាធិបតីប៉ូឡូញ រួមជាមួយនឹងសម្ពន្ធមិត្តលោកខាងលិច បានអះអាង ថា វាប្រហែលជាឧបទ្ទវហេតុរបស់អ៊ុយក្រែន ហើយវាមិនបានរំលោភបំពាន លើមាត្រាណាមួយរបស់ណាតូ នោះដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×