រដ្ឋធានីកៀវ៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ កម្លាំងទាហានរុស្ស៊ី បានបង្កើនការវាយប្រហារ ដោយមីស៊ីល ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និង រោងចក្រថាមពល នៅក្នុងប្រទេសអ៊ុយក្រែន រហូតធ្វើឲ្យមនុស្ស រាប់លាននាក់ អត់អគ្គិសនីប្រើប្រាស់។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា ប្រជាជនអ៊ុយក្រែន ប្រហែល១០លាននាក់ មិនមានអគ្គិសនីប្រើប្រាស់ ក្រោយពេលមានរលកវាយប្រហារ ដោយមីស៊ីល ពីកម្លាំងទាហានរុស្ស៊ី កាលពីពេលថ្មីៗនេះ។ រីឯមនុស្ស យ៉ាងតិច ចំនួន៧នាក់ បានបាត់បង់ជីវិត ហើយចំនួនអ្នកស្លាប់ អាចនឹងបន្ដកើនឡើងបន្ថែមទៀត។

លោកប្រធានាធិបតី បានថ្លែងសុន្ទរកថា ប្រចាំរាត្រីរបស់គាត់ ថា «យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីស្ដារការផ្គត់ផ្គង់អគ្គិសនី វិលមករកភាពប្រក្រតីឡើងវិញ»។
កម្លាំងទាហានរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានវាយប្រហារយ៉ាងខ្លាំងជាថ្មី ទៅលើស្ថានីយថាមពល និង សំណង់អគារស៊ីវិល ពោលគឺត្រឹមតែរយៈពេលមិនដល់២ថ្ងៃ ក្រោយការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងបំផុតមួយ។

មន្រ្ដីអ៊ុយក្រែន បានអះអាង ថា រោងចក្រផលិតឧស្ម័នមួយកន្លែង នៅភាគខាងកើត និង រោងចក្រមីស៊ីសមួយកន្លែងទៀត នៅឌីនីប្រូ (Dnipro) ក៏ស្ថិតក្នុងចំណោមគោលដៅវាយប្រហារផងដែរ។ ដោយឡែក ការកាត់ផ្ដាច់ថាមពលយ៉ាងធ្ងន់ធ្ងរបំផុត ភាគច្រើន កើតមាន នៅក្នុងរដ្ឋធានីកៀវ (Kyiv) តំបន់ភាគខាងលិច ទីក្រុងវីននីតសៀ (Vinnytsia) ទីក្រុងកំពង់ផែអូដេសា (Odesa) នាភាគនិរតី និង ទីក្រុងស៊ូមី (Sumy) នៅភាគខាងឦសាន ប្រទេសអ៊ុយក្រែន៕រក្សាសិទ្ធិដោយ ៖ សារាយSN










