Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានាំចេញអង្ករទៅក្រៅប្រទេស ចំនួនជាង ៥០ម៉ឺនតោន មានការកើនឡើង ក្នុងឆ្នាំនេះ

ភ្នំពេញ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ ប្រទេសកម្ពុជា បាននាំចេញអង្ករទៅក្រៅប្រទេស មានចំនួនជាង ៥០ម៉ឺន ៩ពាន់តោន កើនឡើងចំនួនជាង ៤ម៉ឺន ៩ពាន់តោន  ស្មើនឹង ១០,៦៧% បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលមានចំនួនជាង ៤៦ម៉ឺនតោន។

ដោយឡែកបើយោងតាមរបាយការណ៍ប្រចាំខែតុលារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងខែតុលា ឆ្នាំ២០២២ មួយខែពេញ អង្ករកម្ពុជា នាំចេញមានចំនួនជិត ៦០ម៉ឺនតោន កើនឡើងចំនួនជាង ១ម៉ឺនតោន  ស្មើនឹង ២១,០៦% បើធៀបនឹងខែតុលា ឆ្នាំ២០២១ មានចំនួនជិត ៥០ម៉ឺនតោន។

របាយការណ៍ដដែលនេះ បានឲ្យដឹងថា អង្ករក្រអូបគ្រប់ប្រភេទមានចំនួនជាង ៣៤ម៉ឺន ៨ពាន់តោន ស្មើនឹង ៦៨,៤៤%, អង្ករសគ្រប់ប្រភេទមានចំនួនជាង ១៤ម៉ឺន ៨ពាន់តោន ស្មើនឹង ២៩,២៤% និងអង្ករចំហុយគ្រប់ប្រភេទមានចំនួនជាង ១ម៉ឺន ១ពាន់តោន ស្មើនឹង ២,៣២%។

ចំពោះការនាំចេញស្រូវវិញ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២២នេះដែរ កម្ពុជានាំចេញ មានចំនួនជាង ២លាន ៤៤ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួនជាង ១លាន ៦៤ម៉ឺនតោន) ថយចុះចំនួនជាង ២១ម៉ឺន ៩ពាន់តោន (-៨,២៧%) បើធៀប នឹងរយៈពេល ១០ខែឆ្នាំ២០២១ ដែលមានចំនួនជាង ២លាន ៦៥ម៉ឺនតោន។

បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២៣ប្រទេស មានបរិមាណសរុបចំនួនជាង ១៦ម៉ឺន ៥ពាន់តោន (កើនឡើងចំនួន ៥០ ១៥៤តោន ស្មើនឹង ៤៣,៤៣%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួនជាង ២៣ម៉ឺន ១ពាន់តោន (កើនឡើងចំនួន ២ ៦៩៦តោន ស្មើនឹង ១,១៨%) ទិសដៅអាស៊ានចំនួន ៤ប្រទេស មាន បរិមាណសរុបចំនួនជាង ៤ម៉ឺន ៨ពាន់តោន (កើនឡើងចំនួន ៤ ៤៦៣តោន ស្មើនឹង ១០,១៩%) និងទិសដៅដទៃទៀត ចំនួន ២៦ប្រទេស មានបរិមាណសរុបជាង ៦ម៉ឺន ៣ពាន់តោន (ថយចុះចំនួន ៨ ២៣៣តោន ស្មើនឹង -១១,៤៨%)។

ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៥ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុន ធំៗចំនួន១០ មានរហូតដល់ជាង ៣៤ម៉ឺន ៣ពាន់តោន (៦៧,៥៤%) និងក្រុមហ៊ុន៤៥ ដទៃទៀតបាននាំចេញត្រឹមតែជាង ១៦ម៉ឺន ៥ពាន់តោន (៣២,៤៦%)៕

គួរបញ្ជាក់ថា ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា អង្កររបស់កម្ពុជាពូជ “ផ្ការំដួល” បានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេ» របស់ពិភពលោក ប្រចាំឆ្នាំ២០២២នេះ ។ វាជាឆ្នាំទី៥ហើយ ដែលអង្កររបស់កម្ពុជាទទួលបានជ័យលាភី និងនាំមកនូវមោទនភាពសម្រាប់កម្ពុជាក្នុងនោះគឺនៅឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងចុងក្រោយនៅឆ្នាំ២០២២ នេះទៀត៕

×