Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បន្តពង្រឹងសមត្ថភាពពាណិជ្ជកម្ម និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេ នៅភ្នំពេញ និងព្រះសីហនុ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ថវិកា ២៦.៥លានដុល្លារ ដើម្បីសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន២កន្លែងផ្សេងគ្នា នៅភ្នំពេញ និងព្រះសីហនុ

ក្នុងចំណោមថវិកាប្រមាណ ២៦.៥លានដុល្លានេះ មួយផ្នែកបានមកពីថវិការបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៤.៥លានដុល្លារ និងជាហិរញ្ញប្បទានឥណទានដែលបានមកពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចំនួន១១លានអឺរ៉ូ ឬស្មើនឹងប្រមាណ ១២លានដុល្លារអាមេរិក។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងជំនួបជាមួយលោកស្រី Boucher Sandrine នាយិកាដែលទើបបានតែងតាំងថ្មីរបស់ AFD នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានថ្លែងថា ការវិនិយោគលើការបង្កើតសាលាជាតិវិជ្ជាជីវៈទាំង២នេះ ចំណាយថវិកាសរុបប្រមាណ២៦.៥លានដុល្លាអាមេរិក ក្នុងនោះកម្ចីហិរញ្ញប្បទានឥណទានពី AFD មានចំនួន១១លានអឺរ៉ូ (ប្រហែល១២លានដុល្លារ) ហើយក្រៅពីនោះគឺជាថវិកាជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ថោង ខុន បានបន្តថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ គ្រោងនឹងបើកការដ្ឋា​ន​​សាងសង់មុនសាលានៅខេត្តព្រះសីហនុ គឺនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម បានបន្តទៀតថា នៅពេលដាក់ឱ្យដំណើរការបណ្ដុះបណ្ដាលសាលាជាតិទាំង២ទីតាំងនេះ នឹងជួយបន្ថែមដល់សិស្សដែលមានជីវភាពខ្វះខាត ដោយសារសាលានឹងមានកម្មវិធីផ្ដល់អាហារូបករណ៍ កម្មវិធីសិក្សាបណ្ដើរធ្វើការបណ្ដើរដើម្បីបានប្រាក់ចំណូលខ្លះ ព្រមទាំងមានការបន្ធូរបន្ថយតម្លៃសិក្សាផងដែរ។ អ្វីដែលពិសេសលើសពីនេះ គឺសាលាជាតិនេះនឹងមានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សឱ្យបានគ្រប់មុខជំនាញដែលបានដាក់ចេញ ទាំងស្ដង់ដាជាតិ និងស្ដង់ដាអាស៊ាន សរុបប្រមាណ៧០មុខជំនាញ ដែលត្រូវសិក្សារយៈពេល៣ឆ្នាំ។

គួរបញ្ជាក់ថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេនេះ នឹងដើរតួសំខាន់ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ និងកសាងធនធានមនុស្សបន្ថែមទៀត ដើម្បីចូលរួមការស្ដារវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានគុណភាព ភាពប្រកួតប្រជែង និងចីរភាព បន្ទាប់ពីវិបត្តិកូវីដ-១៩៕

×