Saturday, March 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួលជួបប្រធានរដ្ឋសភាវៀតណាម

ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម វឿង ឌិញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមវឿង ឌិញហ្វេ ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងអញ្ជើញចូលរួមមហាសន្និបាត អន្តរសភាអាស៊ានលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា

ក្នុងនាមព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម វឿង ឌិញហ្វេ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយ ដែលមានឱកាសបានជួបឯកឧត្តម វឿង ឌិញហ្វេ សារជាថ្មីម្តងទៀតនៅរាជធានីភ្នំពេញ បន្ទាប់ពីបានជួបពិភាក្សាការងារគ្នា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ កន្លងទៅថ្មីៗនេះ។ ការជួបគ្នាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិតជាមានសារៈ សំខាន់ណាស់ចំពោះសភាពការណ៍នាពេលបច្ចុប្បន្ននេះ។
តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តម វឿង ឌិញហ្វេ និងគណៈប្រតិភូក្នុងឱកាសនេះ ពិតជាបញ្ជាក់ឱ្យឃើញច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ដល់ការថែរក្សាពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេស សភា និងប្រជាជនទាំងពីរ ដែលមានជាយូរលង់មកហើយ ឱ្យកាន់តែរឹងមាំ ស្ថិតស្ថេរ យូរអង្វែង។
ក្នុងឱកាសនោះ ឯកឧត្តម វឿង ឌិញហ្វេ បានសម្តែងនូវសេចក្តីរីករាយដែលបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការលើកទី១ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានរដ្ឋសភា វៀតណាម។ ក្នុងដំណើរទស្សនកិច្ច និងការចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ក្នុងនាមជាមិត្តល្អ ជាបងប្អូនល្អ ជាអ្នកជិតខាងល្អ និងជាដៃគូល្អ ស្របតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។

ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា និងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ដែលសម្រេចបាននាពេលកន្លងទៅ ជាពិសេសប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ ឯកឧត្តមមានជំនឿជឿជាក់ថា សភាកម្ពុជានឹងទទួលបានជោគជ័យក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នាពេលខាងមុខនេះ។

ឯកឧត្តមប្រធានរដ្ឋសភាវៀតណាមបានគូសបញ្ជាក់ថា អនុវត្តតាមស្មារតីនៃជំនួបជាមួយសម្តេចប្រធានព្រឹទ្ធសភានាពេលកន្លងទៅ ខុទ្ទកាល័យរដ្ឋសភាវៀតណាម នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា នាពេលបន្តិចទៀតនេះ ដើម្បីរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងសភានៃប្រទេសទាំងពីរ។

ឯកឧត្តមប្រធានរដ្ឋសភាវៀតណាមសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល និងរដ្ឋសភាវៀតណាម ជាមួយសភាកម្ពុជា និងប្រជាជននៃប្រទេសទាំងពីរកាន់តែរីកចម្រើនថែមទៀតនាពេលខាងមុខ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋសភាវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងប្រទេសទាំងពីរ ក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើនដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំ ថ្ងៃបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម។ សម្តេចបានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងពីរ ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលបានរួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ច និងវិបុលភាពរួម។ ជាមួយគ្នានេះ សម្តេចក៏បានអបអរសាទរចំពោះសមិទ្ធផលថ្មីដែលរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាលើឯកសារតូបករណ៍សំខាន់ៗ ចំនួន ១១ ឯកសារបន្ថែមទៀត ក្នុងឱកាសទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម នៅព្រះរាជាណាចក្រកម្ពុជាកន្លងទៅថ្មីៗនេះ។

សម្តេចប្រធានព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា ក្នុងកាលៈទេសៈដែលពិភពលោភកំពុងរងនូវវិបត្តិសេដ្ឋកិច្ចសកល សន្តិសុខស្បៀង និងថាមពល ប្រទេសទាំងពីររក្សាបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន និងនាំមុខនៅក្នុងតំបន់។ ប្រទេសទាំងពីរគួរគប្បីខិតខំបន្ថែមទៀត ទាញយកប្រយោជន៍ឱ្យអស់សក្តានុពលពីយន្តការកិច្ចសហប្រតិបត្តិ ការដែលមានស្រាប់ដើម្បីបង្កើនទំហំការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍បន្ថែមទៀត ដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា ពង្រឹងភាពជាម្ចាស់ ឯករាជ្យភាព ទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីខាងក្រៅ និងទប់ស្កាត់ឧបាយកលរបស់ពួកអមិត្តដែលប៉ុនប៉ង បំបែកបំបាក់ចំណងមិត្តភាព សាមគ្គីភាព នៃប្រទេសទាំងពីរ។ ទន្ទឹមគ្នានេះ សម្តេចបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាចាត់ទុកវៀតណាមគឺជាមិត្តល្អ ជាបងប្អូនល្អ ជាអ្នកជិតខាងល្អ និងជាដៃគូល្អ តាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការអបអរសាទរសភាប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដែលបានសម្រេចដំឡើងកម្រិតនៃកិច្ចប្រជុំតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ពីកម្រិតប្រធានគណៈកម្មការកិច្ចការបរទេស ទៅកម្រិតប្រធានសភា ដែលកិច្ចប្រជុំប្រព្រឹត្តទៅពីរឆ្នាំម្តង ហើយប្រទេសឡាវនឹងធ្វើជាប្រធានកិច្ចប្រជុំនៅឆ្នាំ២០២៣ខាងមុខ។

ក្នុងនាមព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋសភា នៃសាធារណរសង្គមនិយមវៀតណាម ដែលបានផ្តល់ជំនួយជាសម្ភារៈបរិក្ខារការិយាល័យ ដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា។ ជំនួយរបស់រដ្ឋសភាវៀតណាមក្នុងពេលកន្លងទៅ និងក្នុងពេលនេះ បានរួមចំណែកក្នុងដំណើរការការងាររបស់ព្រឹទ្ធសភាប្រកបដោយប្រសិទ្ធភាព ហើយព្រឹទ្ធសភាកម្ពុជានឹងបន្តប្រើប្រាស់ជំនួយនេះប្រកបដោយគណនេយ្យភាព។

ឆ្លៀតយកឱកាសនេះ សម្តេចប្រធានព្រឹទ្ធសភាបានជម្រាបឯកឧត្តម វឿង ឌិញហ្វេ ជ្រាបថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ទៅប្រកបដោយជោគជ័យ ដើម្បីធានាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនៅក្នុងគ្រួសារអាស៊ាន ក៏ដូចជារួមចំណែកកសាងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិទាំងមូលផងដែរ។
សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនឯកឧត្តម វឿង ឌិញហ្វេ និងគណៈប្រតិភូ មានសុខភាពល្អបរិបូរណ៍ និងទទួលបានការរីករាយក្នុងពេលស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់មកពីកិច្ចពិភាក្សាទ្វេរភាគីរួចមកសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ជាមួយនឹងខុទ្ធកាល័យរដ្ឋសភាវៀតណាម ដែលចុះហត្ថលេខាដោយឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា និងឯកឧត្តម Bui Van Cuong ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម។

អនុស្សរណៈនេះរៀបចំឡើងក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-វៀតណាម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសេនាធិការ របស់សភានៃប្រទេសទាំងពីរ ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន ព្រមទាំងភាគីទាំងពីរបន្តពង្រឹងសាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការក្នុងទម្រង់ផ្សេងៗ ដើម្បីគាំទ្រដល់សភាទាំងពីរ និងគណៈកម្មការធិការសភានៃប្រទេសទាំងពីរ ក្នុងការអនុវត្តមុខងារ និងភារកិច្ចដូចដែលក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេសនីមួយៗ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×