ភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា ការលួចបន្លំសន្លឹកឆ្នោតគឺជាការរំលោភបណ្តាបទដ្ឋានប្រព័ន្ធបោះឆ្នោត សំដៅធានា ឬជួយបង្កើនលទ្ធផលសំឡេងឆ្នោត ឲ្យគណបក្សនយោបាយណាមួយ។ ការលួចបន្លំសន្លឹកឆ្នោត អាចកើតឡើងក្នុងការអនុវត្ត នៅដំណាក់កាលនីមួយៗ នៃការបោះឆ្នោត គឺដំណាក់កាលរៀបចំបញ្ជីបោះឆ្នោតដំណាក់កាលឃោសនាបោះឆ្នោត ដំណាក់កាលបោះឆ្នោត ដំណាក់កាលរាប់សន្លឹកឆ្នោត នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ។
លោកប្រធានគ.ជ.ប បានបញ្ជាក់ថា តាមមាត្រា ១០៥ ចែងថា ” អ្នកបោះឆ្នោតម្នាក់ៗ មានសិទ្ធិបោះឆ្នោតតែមួយសន្លឹក និងតែមួយដងគត់ ដោយត្រូវទៅបោះឆ្នោត ដោយខ្លួនឯងផ្ទាល់” ។ ក្នុងន័យនេះហើយ បានជាគ្រប់សកម្មភាព ការងាររបស់គ.ជ.ប គឺតែងតែបង្ហាញតម្លាភាព ដោយមានាករចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ហើយការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ កន្លងមក គ្មានទេ ការលួចបន្លំ សន្លឹកឆ្នោត និងគ្មានទេការតវ៉ា៕ ដោយ ៖ បញ្ញាស័ក្តិ