ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វៃ ហ្វេងហេ (Wei Fenghe) រដ្ឋមន្ត្រីការពារជាតិចិន បានស្ញប់ស្ញែង និងសាទរជាខ្លាំងចំពោះការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន, ដោយរដ្ឋមន្ត្រីការពារជាតិចិន រូបនេះ ថ្លែងថា សម្ដេចតេជោ ហ៊ុន សែន ពិតជាបានប្រឹងប្រែងដឹកនាំ និងកសាងប្រទេសកម្ពុជា ពីដំណាក់កាលដ៏លំបាក ឆ្ពោះមកកាន់ការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងក្រោយជំនួបសន្ទនានេះថា លោក វៃ ហ្វេងហេ បានលើកទឹកចិត្តថា ចំពោះទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលកាន់តែល្អប្រសើរនេះ យើងនឹងប្រឹងប្រែងជម្នះរួមគ្នាលើការលំបាកទាំងឡាយ។ ជាពិសេសកងទ័ព និងកងទ័ព នៃប្រទេសទាំងពីរ កំពុងតែមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកាន់តែល្អ ដើម្បីពង្រឹងខឿនការពារជាតិរបស់ខ្លួន។
ប្រមុខការពារជាតិចិន បានបញ្ជាក់ជូនសម្ដេចតេជោ ថា ចិន នឹងនៅតែបន្តគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍនៅកម្ពុជា ស្របតាមបំណងប្រាថ្នាដ៏ធំធេងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធប្រកបជោគជ័យនាពេលថ្មីៗនេះ។

សូមបញ្ជាក់ថា ប្រមុខការពារជាតិចិន លោក វៃ ហ្វេងហេ ជួបសន្ទនាជាមួយសម្ដេចតេជោ ហ៊ុន សែន នាពេលនេះ គឺក្នុងអំឡុងបំពេញទស្សនកិច្ចនៅកម្ពុជា និងត្រៀមអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅឯខេត្តសៀមរាប, លោករដ្ឋមន្ត្រីការពារជាតិចិនរូបនេះ បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យការពារជាតិរបស់កម្ពុជាជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅកាន់ លោក វៃ ហ្វេងហេ ថា សូមថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែចូលរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជា, ជំនួយរបស់ចិន គឺជាការជួយជ្រោមជ្រែងយ៉ាងសំខាន់សម្រាប់ការរីកចម្រើននៅកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











