ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា កម្ពុជា និងចិន មានកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរឹងមាំ ដោយសារកម្ពុជាបានរីករាយនឹងការនាំចេញអង្ករ ចេក ស្វាយ ហើយថ្មីៗនេះ គឺការនាំចេញផ្លែមាន ទៅកាន់ប្រទេសចិន។ ទីផ្សារចិននៅតែមានសក្តានុពលក្នុងការស្រូបយកផលិតផលកសិកម្មកម្ពុជាកាន់តែច្រើន ហើយប្រទេសទាំងពីរ មិនទាន់បានប្រើប្រាស់សក្តានុពលអតិបរមាក្នុងវិស័យនេះនៅឡើយទេ។

តាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា វិស័យកសិកម្ម បានរួមចំណែក ២៤.៤ ភាគរយដល់ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២១។ ក្រសួង បានឱ្យដឹងទៀតថា ស្រូវគឺជាដំណាំសាច់ប្រាក់ដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ដែលអង្ករប្រហែល ១២.២ លានតោនត្រូវបានផលិតនៅឆ្នាំ២០២១ កើនឡើង ១១.៦ ភាគរយ ធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះ កម្ពុជារកចំណូលបាន ៣ពាន់លានដុល្លារពីការនាំចេញកសិផលក្នុងរយៈពេល១០ខែ ឆ្នាំនេះ។

បើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ប្រទេសកម្ពុជា បាននាំចេញកសិផលចំនួន ៧,៦២ លានតោន ក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២២នេះ ដែលរកចំណូលបាន ៣,០៧ ពាន់លានដុល្លារ។

គួរបញ្ជាក់ថា ផលិតផលកសិកម្មសំខាន់ៗ ដែលកម្ពុជានាំចេញ រួមមាន៖ អង្ករ ចេក ស្វាយ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ម្រេច និងថ្នាំជក់ ក្នុងចំណោមផលិតផលផ្សេងទៀត ដោយរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្ថែមឲ្យដឹងថា ប្រទេសចិន គឺជាអ្នកទិញដ៏សំខាន់មួយនៃផលិតផលរបស់កម្ពុជា៕




