Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មីស៊ីលធ្លាក់លើទឹកដីប៉ូឡូញភ្លាម អាល្លឺម៉ង់ បញ្ជូនប្រព័ន្ធការពារដែនអាកាសទៅឲ្យភ្លែត

រដ្ឋធានីប៊ែរឡាំង៖ ក្រោយពេលមីស៊ីល បានវា.យប្រ.ហារ ទៅលើទឹកដីរបស់ប្រទេសប៉ូឡូញ មិនបានប៉ុន្មានថ្ងៃផង អាល្លឺម៉ង់ បានសម្រេចថា នឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស ទៅជួយដល់ក្រុងវ៉ាសាវី។

សារព័ត៌មាន Anews បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ថា លោកស្រី គ្រិស្ទីន ឡាមប្រែត (Christine Lambrecht) រដ្ឋមន្រ្ដីក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រាប់ដល់សារព័ត៌មាន កាលពីថ្ងអាទិត្យ ថា ក្រុងប៊ែរឡាំង បានផ្ដល់ប្រព័ន្ធការពារដែនអាកាស ទៅឲ្យក្រុងវ៉ាសាវី ដើម្បីជួយការពារដែនអាកាសរបស់ប្រទេស ជាសមាជិករបស់អង្គការណាតូ មួយនេះ។

ក្រុងប៊ែរឡាំង បានបញ្ជាក់រួចមកហើយ ថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងផ្តល់ជំនួយបន្ថែមទៀត ជួយដល់ប្រទេសជិតខាង នៅក្នុងការធ្វើគោលនយោបាយការពារដែនអាកាសជាមួយនឹងកងយន្ដហោះ Eurofighter របស់អាល្លឺម៉ង់ ក្រោយពេលមានឧបទ្ទវហេតុលើកទី១ ខណៈដំបូងឡើយ បានបង្កើនការភ័យខ្លាច ថា សង្រ្គាមនៅអ៊ុយក្រែន អាចហៀរ ចេញពីព្រំដែនរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ហូរចូលមកដល់ទឹកដីរបស់អង្គការណាតូ។

លោកស្រី រដ្ឋមន្រ្ដីក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រាប់ដល់សារព័ត៌មានរេននីសេប៉ុស្ដិ៍ (Rheinische Post) ថា «យើងនឹងផ្ដល់ជំនួយការពារដែនអាកាស ដល់ប្រទេសប៉ូឡូញ ជាមួយកងយន្ដហោះ Eurofighter និង ប្រព័ន្ធការពារដែនអាកាសផេទ្រីយ៉ូត (Patriot)។

លោក ជេនស៍ ស្ដូលថែនប៊ឺគ អគ្គលេខាធិការ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO ឬ OTAN) បានបញ្ជាក់ ថា មីស៊ីលមួយគ្រាប់ បានវាយប្រហារមកលើប្រទេសប៉ូឡូញ កាលពីសប្ដាហ៍មុន ដែលបានសម្លាប់មនុស្ស២នាក់ នៅភាគខាងកើត ជាប់នឹងព្រំដែនជាមួយអ៊ុយក្រែន ទំនងជាមីស៊ីល បាញ់ចេញពីប្រព័ន្ធការពារដែនអាកាសរបស់ក្រុងកៀវ ច្រើនជាងការវាយប្រហារពីរុស្ស៊ី។

ប្រព័ន្ធការពារដែនអាកាសជាច្រើនប្រភេទ ដែលបាញ់ចេញពីលើដីទៅលើអាកាស មានដូចជា Patriot របស់រ៉ៃធើន (Raytheon) ដែលជាក្រុមហ៊ុនម៉ៅការ និង សាជីវកម្មឧស្សាហកម្មផលិតអាវុធ ហើយគ្រឿងអេឡិកត្រូនិកយោធា និង ឧស្សាហកម្មដ៏ធំរបស់សហរដ្ឋអាមេរិក ត្រូវបានផលិតឡើង សម្រាប់ការបាញ់ស្ទាក់មីស៊ីល ដែលបាញ់តម្រង់មករកគោលដៅរបស់ខ្លួន។

អង្គការណាតូ បានបង្កើនកម្លាំងការពារដែនអាកាស នៅតំបន់អឺរ៉ុបខាងកើត ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ ប្រទេស ជាសម្ពន្ធមិត្តរបស់អង្គការណាតូ ជាច្រើន ក្រោមការដឹកនាំរបស់អាល្លឺម៉ង់ កាលពីខែតុលា បានចាប់ផ្តើមគំនិតផ្តួចផ្តើមមួយ ដើម្បីរួបរួមគ្នាទិញប្រព័ន្ធការពារដែនអាកាស សម្រាប់ទប់ទល់ដល់ការគំរាមកំហែងជាច្រើនស្រទាប់ រួមទាំង Patriot ផងដែរ។

អាល្លឺម៉ង់ មានកងឯកភាព Patriot ចំនួន៣៦ ខណៈក្រុងប៊ែរឡាំង ជារដ្ឋនៅជួរមុខរបស់អង្គការណាតូ នៅក្នុងអំឡុងសង្គ្រាមត្រជាក់។ បច្ចុប្បន្ន កម្លាំងទ័ពអាល្លឺម៉ង់ មានកង Patriot ចំនួន១២ ដែលក្នុងនោះមានចំនួន២កង ត្រូវដាក់ពង្រាយទៅកាន់ប្រទេសស្លូវ៉ាគី៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×