Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន រិះគន់មេដឹកនាំសហភាពអឺរ៉ុបមួយចំនួនដែលបញ្ចុះបញ្ចូលឲ្យចរចាជាមួយរុស្ស៊ី ខណៈដាក់តម្លៃថា ទាល់តែដកកងទ័ពចេញសិន

អ៊ុយក្រែន ៖ រឿងរ៉ាវដែលមានមេដឹកនាំសហភាពអឺរ៉ុបខ្លះជំរុញឱ្យអ៊ុយក្រែនចរចាជាមួយរុស្ស៊ីនោះ បានធ្វើឱ្យទីប្រឹក្សាដ៏សំខាន់ម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន គឺលោក មីខាយឡូ ប៉ូដុលយ៉ាក់ (Mykhaylo Podolyak) បាននិយាយរិះគន់ថា ការព្យាយាមរបស់បណ្ដាប្រទេសលោកខាងលិចមួយចំនួន ក្នុងការបញ្ចុះបញ្ចូលឱ្យអ៊ុយក្រែនចរចាជាមួយរុស្ស៉ី គឺជារឿងដែលពិបាកទៅរួច ពីព្រោះអ៊ុយក្រែនកំពុងតែវាយដណ្ដើមកាន់កាប់ទឹកដីរបស់ខ្លួនមកវិញជាបណ្ដើរៗហើយ។

បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក មីខាយឡូ ប៉ូដុលយ៉ាក់ រិះគន់មេដឹកនាំលោកខាងលិចមួយចំនួនថា ពេលនេះទាហានអ៊ុយក្រែនកំពុងមានសន្ទុះដោយវាយដណ្ដើមកាន់កាប់បានមកវិញនូវទីក្រុងខឺសុនដែលរុស្ស៊ីយកទៅ, ហើយទីក្រុងកៀវ ពេលនេះ ទទួលបានជ័យជម្នះយោធាជាបន្តបន្ទាប់ លុះពេលហៅអ៊ុយក្រែនចរចាបែបនេះ គឺជារឿងចម្លែក និងហាក់មានន័យថាចង់ឱ្យអ៊ុយក្រែន សុំចុះចាញ់។

លោក មីខាយឡូ ប៉ូដុលយ៉ាក់ បានផ្ដល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យម្សិលមិញថា ថ្មីៗនេះស្រាប់តែមានការលើកឡើងជាច្រើនពីលទ្ធភាពនៃកិច្ចចរចា បន្ទាប់ពីអ៊ុយក្រែនដណ្ដើមបានទីក្រុងខឺសុន ពីកងទ័ពរុស្ស៉ីមកវិញ, ដូច្នេះ មានន័យថា នៅពេលដែលអ្នកមានផែនការថ្មីមួយស្ដីពីសមរភូមិ វាហាក់ដូចជាចម្លែកបន្តិចដែលទទួលបានសំណើពីអ្នកសម្របសម្រួលសូមឱ្យមានការចរចាជាមួយរកស៊ីទៅវិញ។

ស្ដីពីការសម្របសម្រួលឲ្យមានការចរចានេះ គឺមេដឹកនាំមួយចំនួនរបស់សហភាពអឺរ៉ុបបាននិយាយថា អ៊ុយក្រែននឹងមិនអាចសម្រេចបានអ្វីៗគ្រប់យ៉ាងតាមមធ្យោបាយយោធាឡើយ ដូច្នេះ ហើយអ្នកត្រូវតែធ្វើកិច្ចចរចា, ហេតុដូច្នេះ ទីប្រឹក្សាដ៏សំខាន់ម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែនរូបនេះ រិះគន់សហភាពអឺរ៉ុបថា វាហាក់មានន័យថា ប្រទេសដែលកំពុងដណ្ដើមបានទឹកដីរបស់ខ្លួនមកវិញ តែបែរត្រូវទទួលស្គាល់ថា ជាប្រទេសបរាជ័យ ឬត្រូវសុំចុះចាញ់ទៅវិញ តើជារឿងចម្លែកទេ?!

ការរិះគន់របស់ លោក មីខាយឡូ ប៉ូដុលយ៉ាក់ កើតឡើងបន្ទាប់ពីក្រុមមន្ត្រីអាមេរិក ក្នុងនោះ រួមមានទាំងប្រមុខកងទ័ពអាមេរិក លោក ម៉ាក មីល្លី (Mark Milley) ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា បានចាប់ផ្ដើមជំរុញឱ្យអ៊ុយក្រែន ពិចារណាលើកិច្ចចរចាជាមួយរុស្ស៉ី។ បើតាម លោក ម៉ាក មីល្លី លើកឡើងថា ឱកាសសម្រាប់កិច្ចចរចានៅតែមាន ហើយគេក៏គួរតែទទួលស្គាល់ដែរថា ជ័យជម្នះយោធា មានន័យពិតប្រាកដនោះ មិនមែនសម្រេចតាមមធ្យោបាយយោធានោះទេ។ ប៉ុន្តែ លោក ប៉ូដុលយ៉ាក់ បាននិយាយថា ទីក្រុងមូស្គូ មិនបានបញ្ជូនសំណើដោយផ្ទាល់មកកាន់អ៊ុយក្រែន ដើម្បីចរចាស្វែងរកសន្តិភាពឡើយ និងចូលចិត្តស្នើតាមរយៈភាគីទី៣។

ចំណែក លោក ហ្សេលែនស្គី ប្រធានាធិបតីអ៊ុយក្រែន អះអាងថាកិច្ចចរចាអាចនឹងធ្វើឡើងទៅបាន ទាល់តែរុស្ស៉ីដកកងទ័ពរបស់ខ្លួនចេញពីទឹកដីអ៊ុយក្រែនជាមុនសិន, តម្លៃបែបនេះអាចទៅរួចជាមួយរុស្ស៊ីដែរឬក៏អត់ មិនទាន់ដឹងយ៉ាងណានោះទេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×