Saturday, March 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពញាចក្រី ហេង សំរិន ស្នើ AIPA ជំរុញឆន្ទៈឱ្យមោះមុត ក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយម ប្រឆំាងការបង្កសង្រ្គាម ដើម្បីធានាចីរភាព បរិយាបន្ន និងភាពធន់ក្នុងតំបន់

ភ្នំពេញ ៖ មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះបានប្រារព្ធពិធីបើកយ៉ាងអធិកអធមនៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ភ្នំពេញ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងមានវត្តគណៈប្រតិភូសភាប្រទេសសមាជិកអាយប៉ា សភាសង្កេតការណ៍ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ។

ព្រះករុណា ព្រះបាទសម្តេចព្រះបមរនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានផ្ញើព្រះរាជសារជូនដល់មហាសន្និបាតលើកទី៤៣ ផងដែរ។

មានប្រសាសន៍នៅក្នុងពិធីបើកមហាសន្និបាតនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា មហាសន្និបាតអាយប៉ាលើកទី៤៣ នៅរាជធានីភ្នំពេញនាពេលនេះ គឺស្ថិតក្នុងបរិយាកាសពោរពេញដោយសន្តិភាព និងរីករាយ ខណៈដែលពិភពលោកយើងកំពុងរស់នៅបច្ចុប្បន្ន មានស្ថានភាពមិនដូចគ្នាឡើយ។ សម្តចបន្តថា តំបន់អាស៊ាន និងពិភពលោកកំពុងជួបប្រទះបញ្ហាប្រឈម និងសម្ពាធពីគ្រប់ទិសទី។

ក្នុងនោះរួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏តានតឹង ការចុះទន់ខ្សោយនៃប្រព័ន្ធពហុភាគីនិយម និងការចាប់ផ្ដើមបែងចែកនិន្នាការសេដ្ឋកិច្ច ភាពតានតឹងនៃបញ្ហាតៃវ៉ាន់ ភាពតានតឹងនៅឧបទ្វីបកូរ៉េ ជម្លោះដែនសមុទ្រ និងវិបត្តិនយោបាយ និងមនុស្សធម៍នៅមីយ៉ាន់ម៉ា ដែលធ្វើឱ្យប្រទេសទាំងអស់នៅក្នុងតំបន់ និងពិភពលោកទទួលរងនូវឥទ្ធិពលដ៏លំបាកយ៉ាងខ្លាំង។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ជាមួយគ្នានេះ សង្គ្រាមនៅអ៊ុយក្រែន បានបន្ថែមការលំបាកមួយកម្រិតទៀតដល់ពិភពលោក លើបញ្ហាថាមពល និងសន្តិសុខស្បៀងអាហារផងដែរ។

ប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ទាំងនេះ អាយប៉ាគួរតែជំរុញឆន្ទៈកាន់តែមោះមុត ក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយមឡើងវិញ ឱ្យកាន់តែមានភាពបើកចំហ បរិយាបន្ន និងផ្អែកលើច្បាប់ ខណៈពេលដែលយើងបន្តពង្រឹងភាពជាដៃគូ ពហុភាគី និងកិច្ចសហការអន្តរវិស័យ ដើម្បីធានាថា សហគមន៍អាស៊ានរបស់យើងប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ បានសង្កត់ធ្ងន់ថា ការលើកកម្ពស់សន្តិភាព និងការយោគយល់គ្នា ក្នុងកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់សកល គឺជាការខិតខំមិនចេះ រីងស្ងួត ជាពិសេសវិស័យការទូតសភា គួរតែបន្តដើរតួនាទីកាន់តែសំខាន់នៅក្នុងបញ្ហានេះ។

សម្តេចបានបញ្ជាក់ថា “យើងត្រូវធ្វើឱ្យពិភពលោកដឹងពីជំហររបស់យើង ដោយបដិសេធរាល់គំនិត និងការអនុវត្តទាំងឡាយដែលបង្កឱ្យមានសង្គ្រាម ហើយយើងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ដែលមានចែងនៅក្នុងធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ “។

ទោះយ៉ាងណាសម្តេចបានគូសបញ្ជាក់ថា អាយប៉ាលើកទី៤៣ មិនត្រឹមតែផ្តល់នូវឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការយោគយល់ ជឿទុកចិត្តគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានដើរតួជាវេទិកាមួយ ដើម្បីស្វែងរករាល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ចំពោះបញ្ហាដែលយើងកំពុងប្រឈម៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×