Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ ដំណាក់កាលដែលអាណាព្យាបាលគួរដឹង និងបង្ហាត់កូនឱ្យចេះសរសេរ ព្រោះជាវិវឌ្ឍនាការសំខាន់របស់កុមារ

ការសរសេរ គឺជាវិវឌ្ឍនាការសំខាន់សម្រាប់ក្មេងក្នុងវ័យមតេ្តយ្យ ការសរសេរមានចំណុចល្អៗជាច្រើន តែមួយនៅក្នុងនោះគឺ ជួយហ្វឹកហាត់សាច់ដុំប្រអប់ដៃរបស់កុមារ តែយើងច្រើនមើលឃើញថា កុមារជាច្រើន ត្រូវបានបង្ខំ និងចាប់ដៃឱ្យសរសេរ ឬគូសតាមស្នាមពង្រាងជាដើម ដែលទាំងអស់នេះ ធ្វើឱ្យក្មេងតូច មើលទៅហាក់ដូចជាគ្មានសេចក្តីសុខបន្តិចណាសោះ។ ការពិតទៅ ការហ្វឹកហាត់លើការសរសេរនេះ គឺជាវិវឌ្ឍនាការ ដែលមានដំណាក់កាល និងមានភាពសំខាន់ មិនខុសពីវិវឌ្ឍនាការផ្នែកផ្សេងទៀតរបស់ក្មេងតូចឡើយ។

ដំណាក់កាលទី១- ក្នុងវ័យ ២ឆ្នាំ…វ័យនេះ ក្មេងតូចតែងតែគូសវាស គ្រវាសគ្រវាត់គ្មានគោលដៅ ពេលចាប់ខ្មៅដៃបាន ក៏គូសវាសជាខ្សែផ្សេងៗ ជំពាក់វាក់វ័ណ្ឌគ្នាពេញក្រដាស ទាំងភ្នែកអាចនឹងមិនបានមើលតាមដៃ ឬក្រដាស ដែលខ្លួនឯងកំពុងគូរនោះផង។

ដំណាក់កាលទី២- វ័យ ៣ឆ្នាំ ចេះគ្រប់គ្រងការគូសវាសបានបន្តិចហើយ បើទោះជាស្នាមគូសវាសនោះ មិនខុសគ្នាពីដំណាក់កាលដំបូងមែនក្ដី តែយ៉ាងហោចណាស់ ក៏កូនតូចចាប់ផ្តើម ចេះគ្រប់គ្រងការធ្វើចលនារបស់សាច់ដុំដៃរបស់ខ្លួនឯងបានខ្លះហើយ និងចេះសរសេរយ៉ាងមានទិសដៅច្រើនជាងមុនហើយ។

ដំណាក់កាលទី៣- វ័យ ៤ឆ្នាំ កូនតូចនឹងចូលចិត្តគូសតាមស្នាមពង្រាងអុចៗ ឬគូសជាន់ពីលើតាមតួអក្សរ ដែលខ្លួនគេចង់សរសេរ តែប៉ាម៉ាក់កុំអាលនឹកសង្ឃឹមខ្លាំងពេកថា កូនតូចចេះសរសេរជាន់ពីលើស្នាមពង្រាងនោះ បានស្អាតឱ្យសោះ ព្រោះវានឹងវៀចទៅឆ្វេង ទៅស្តាំ ទ្រេតទ្រោតខ្លាំងណាស់។ ដូច្នេះអ្នកម្តាយ កុំគិតតែពីទិញសៀវភៅគំរូហាត់សរសេរ មកឱ្យកូនហាត់គូរ ឬសរសេរតាមច្រើនពេកអី។ កុំភ្លេចថា ការចូលចិត្តរបស់កូនតូចក្នុងវ័យនេះ វាគ្រាន់តែជាវិវឌ្ឍនាការ ១អំឡុងពេលប៉ុណ្ណោះ បើបង្ខំលឿនពេក កូនអាចនឹងធុញទ្រាន់ និងហត់បានដូចគ្នា។

ដំណាក់កាលទី៤ ឈានចូលវ័យ ៥ឆ្នាំ កូនតូចអាចសរសេរឈ្មោះខ្លួនឯងបាន សរសេរតាមពាក្យផ្សេងៗបានហើយ។ ចាប់ផ្តើមចេះសរសេរពាក្យ ដែលមានអត្ថន័យចំពោះខ្លួនឯងបាន ដូចជាឈ្មោះរបស់ខ្លួនឯង ឬប្រយោគដែលអ្នកគ្រូធ្លាប់និយាយប្រាប់ជាដើម និងពេលអ្នកគ្រូសរសេរឱ្យមើល គេនឹងព្យាយាមសរសេរតាមបានយ៉ាងមិនលំបាកឡើយ។

ដំណាក់កាលទី៥ វ័យ ៥ឆ្នាំជាង កូនតូចនឹងចេះគិតរកនឹកសរសេរពាក្យ ដូចជាពេលកូនតូចបានឮ បានស្តាប់ពាក្យអ្វី ដូចជា ស្រឡាញ់ម៉ាក់ គេនឹងយកពាក្យនោះមកគិត និងសរសេរលើក្រដាសថា “ស្រឡាញ់ម៉ាក់” ដែលទោះជាមិនសូវស្អាតមែន តែក៏អាចនិយាយបានថា ចេះសរសេរបានហើយ។

ដំណាក់កាលទី៦ វ័យ ៥-៧ឆ្នាំ កូនតូចនឹងចេះសរសេរបានយ៉ាងត្រឹមត្រូវ និងនៅពេលអ្វីគ្រប់យ៉ាងត្រៀមជាស្រេចរួចហើយ ពេលនោះគេនឹងសរសេរពាក្យផ្សេងៗបានដោយខ្លួនឯងយ៉ាងចំណាន និងកាន់តែត្រឹមត្រូវឡើងទៀតផង។

ទម្រាំតែគេអភិវឌ្ឍឡើងបានជាដំណាក់ៗបែបនេះ មិនមែនចេះតែត្រឹមត្រូវ ទៅតាមអាយុដូចរៀបរាប់ខាងលើប៉ាច់ៗនោះទេ កូនតូចអាចនឹងវិវឌ្ឍយឺត ឬលឿនមិនស្មើគ្នាទេ អាស្រ័យលើបទពិសោធន៍ ដែលកុមារម្នាក់ៗប្រមូលសន្សំបានមកដោយខ្លួនឯង។ ការហ្វឹកហាត់លើវិវឌ្ឍនាការនេះ មាននៅក្នុងកិច្ចការងារប្រចាំថ្ងៃបែបងាយៗជាច្រើនទៀត ដូចជា ការហែកក្រដាស កាត់ក្រដាស ជួយម៉ាក់ដួសបាយ កៀបដុំទឹកកក បើក-បិទគម្របដប និងកិច្ចការងារដែលធ្វើរួមគ្នា មិនថាតែការអានសៀវភៅ និយាយរឿងនិទាន លេងហ្គេមដែលពាក់ព័ន្ធនឹងពាក្យ ដូចជាតពាក្យចុងជួន សង្កេតមើលពាក្យដែលដូចគ្នាតាមស្លាកឃោសនាពាណិជ្ជកម្មនៅតាមផ្លូវថ្នល់ ជាដើម។

ចូរបង្ហាត់កូនឱ្យធ្វើកិច្ចការងារបែបនេះ ឱ្យក្លាយទៅជារឿងប្រក្រតី ពេលនោះកុមារនឹងចេះសរសេរបានដោយខ្លួនឯង និងសរសេរយ៉ាងមានសេចក្តីសុខទៀតផង៕

How to Teach Your Children to Write Well
seven years old child writing at home. Boy studying at table. Kid drawing with a pencil.
×