Wednesday, September 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងសម័យបច្ចេកវិទ្យាឌីជីថល យើងក៏ត្រូវប្រើប្រាស់ AI ផងដែរ ដើម្បីរត់ឱ្យទាន់គេ ដែលជួយពន្លឿន បង្កើនផលិតភាព ប្រសិទ្ធភាព គុណភាពការងារ ដោយកុំខ្លាច ប៉ុន្តែកុំជឿទាំងស្រុង ត្រូវចេះវិនិច្ឆ័យ

ភ្នំពេញ ៖ វឌ្ឍនភាពសង្គម គឺទៅមុខជានិច្ច មិនរង់ចាំនរណាម្នាក់ឡើយ បញ្ញាសិប្បនិម្មិត AI នឹងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ និងការងារ ដែលគួរចាត់ទុកជាឧបករណ៍បំពេញបន្ថែម ប៉ុន្តែមិនជំនួសការងាររបស់មនុស្សទាំងស្រុងនោះទេ, ដូច្នេះ ដើម្បីធានានូវប្រសិទ្ធភាព និងផលប្រយោជន៍ពី AI ថ្នាក់ដឹកនាំស្ថាប័ន អង្គភាព និងមន្ត្រីរាជការ ត្រូវប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ គុណតម្លៃ និងក្រមសីលធម៌, ហើយថ្នាក់ដឹកនាំស្ថាប័ន និងមន្ត្រីរាជការ គួរណាស់ត្រូវធ្វើស្វ័យសិក្សា និងស្វែងយល់បន្ថែមពី AI ។

នេះជាការជជែកលើកឡើងរបស់ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «មូលដ្ឋានគ្រឹះនៃបញ្ញាសិប្បនិម្មិត (AI)» សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីពង្រឹងចំណេះដឹងអំពី AI និងមានលទ្ធភាពអាចប្រើប្រាស់ AI ក្នុងការងាររបស់ខ្លួន។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានរំលេចអំពីអាទិភាពមួយថា ការកំណត់យកបច្ចេកវិទ្យាឌីជីថលជាចលករដ៏សំខាន់មួយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តាមរយៈការដាក់ឱ្យអនុវត្តនូវ «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត រួមមាន «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» និង គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលបានក្លាយជាផែនទីបង្ហាញផ្លូវ ក្នុងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថលសម្រាប់ប្រទេសកម្ពុជា។

រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តនូវឆន្ទៈមោះមុតនេះ តាមរយៈ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ដោយក្នុងនោះ «បច្ចេកវិទ្យា» គឺជាអាទិភាពគន្លឹះមួយ ហើយ «ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» ត្រូវបានកំណត់ជារបៀបវារៈថ្មីនៃគោលនយោបាយប្រទេសជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានមុខងាររួមចំណែកក្នុងការសម្រេចចិត្តសំខាន់ៗរបស់រាជរដ្ឋាភិបាល ជាពិសេសការសម្រេចចិត្តជាគោលនយោបាយ ជាយុទ្ធសាស្ត្រ និងការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលកំណត់ទិសដៅនៃការកសាង និងការអភិវឌ្ឍជាតិ ការធ្វើទំនើបកម្ម និងការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យា គឺជាកាតព្វកិច្ចសំខាន់ ហើយទីស្តីការគណៈរដ្ឋមន្ត្រី បានដាក់ឱ្យអនុវត្តនូវ ផែនការយុទ្ធសាស្រ្តទីស្តីការគណៈរដ្ឋមន្រ្តី ឆ្នាំ២០២៤-២០២៨, ផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨ និងឆាប់ៗនេះក៏នឹងដាក់ចេញនូវ កម្មវិធីបរិវត្តកម្មឌីជីថលនៅទីស្ដីការគណៈរដ្ឋមន្ត្រី សម្រាប់បម្រើដល់ការអនុវត្តការងារ ព្រមទាំងមានការផ្សារភ្ជាប់នឹងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ផងដែរ។ យើងត្រូវប្រើប្រាស់ AI ដើម្បីរត់ឱ្យទាន់គេ ដែលជួយពន្លឿន បង្កើនផលិតភាព ប្រសិទ្ធភាព គុណភាពការងារ ដោយកុំខ្លាច ប៉ុន្តែកុំជឿទាំងស្រុង និងត្រូវចេះវិនិច្ឆ័យ និងមានការប្រុងប្រយ័ត្នពីបញ្ហាសន្តិសុខនៃការប្រើប្រាស់៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×