Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីន ចោទ​ចិន​ដណ្តើម​យក «បំណែក» មិន​ស្គាល់​អត្តសញ្ញា​ណ ដែល​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​រក​ឃើញ ស្រប​ពេល​អនុ​ប្រធានាធិបតី​អាមេ​រិក មកកាន់…

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា អនុឧត្តមនាវីឯក Alberto Carlos នៃប្រទេសហ្វីលីពីន បាននិយាយថា នៅក្នុងហេតុការណ៍ដ៏ទាញប្រទង់មួយ កាលពីថ្ងៃទី២០ ខែវិច្ឆិកា នាវាឆ្មាំសមុទ្រចិនបានស្ទាក់ចាប់ទូកកៅស៊ូហ្វីលីពីន ដែលកំពុងអូសវត្ថុមិនស្គាល់អត្តសញ្ញាណ ខណៈកំពុងឆ្ពោះ​ទៅ​កាន់​កោះ Thi Tu ដែលជា​កម្មសិទ្ធិ​របស់​ប្រជុំ​កោះ Truong Sa របស់​វៀត​ណាម។

លោក Carlos បាននិយាយថា កប៉ាល់របស់ចិន បន្ទាប់មកបានដាក់ពង្រាយកងនាវា ដើម្បី «រឹបអូសវត្ថុអណ្តែតនោះដោយបង្ខំ ដោយកាត់ខ្សែសណ្តោងដែលចងភ្ជាប់ទៅនឹងទូកកៅស៊ូ (ហ្វីលីពីន) តែម្តង»។

អ្នកនាំពាក្យយោធាហ្វីលីពីន លោក Cherryl Tindog បាននិយាយថា វត្ថុនោះមើលទៅដូចជា «បំណែកមីស៊ីល» របស់ចិន ដែលបានរកឃើញក្នុងខែនេះ ពីកោះ Busuanga ក្នុងខេត្ត Palawan ភាគខាងជើង។

វត្ថុនោះត្រូវបានរកឃើញដោយហ្វីលីពីន នៅចម្ងាយ ៧៣២ ម៉ែត្រ ភាគខាងលិចកោះ Thitu នៅពេលព្រឹក ហើយក្រោយមក ក៏ត្រូវបានដណ្តើមយកដោយកប៉ាល់របស់ចិន ខណៈដែលកងកម្លាំងហ្វីលីពីន កំពុងត្រឡប់ទៅមូលដ្ឋានរបស់ពួកគេ។

ទោះយ៉ាងណា លោក Carlos បាននិយាយថា គ្មានទាហានហ្វីលីពីនណាម្នាក់ រងរបួសក្នុងហេតុការណ៍ទេ។ ក្រសួងការបរទេសហ្វីលីពីន បាននិយាយថា ខ្លួនកំពុងរង់ចាំរបាយការណ៍លម្អិតពីភ្នាក់ងារអនុវត្តច្បាប់។

គួរបញ្ជាក់ថា ហ្វីលីពីនមុននេះបានរកឃើញបំណែកដែកមួយចំនួន នៅកោះ Busuanga និងទីប្រជុំជន Calintaan ក្នុងខេត្ត Occidental Mindoro ដែលគេសង្ស័យថា ជាផ្នែកមួយនៃគ្រាប់រ៉ុក្កែត Long March ដែលចិនបានបាញ់បង្ហោះចេញពីហៃណាន។

អ្វីដែលគួរកត់សម្គាល់នោះ គឺហេតុការណ៍នេះបានកើតឡើង ខណៈពេលដែលអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris កំពុងមានវត្តមានស្ថិតនៅក្នុងប្រទេសហ្វីលីពីន ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល។

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២១ ខែវិច្ឆិកា លោកស្រី Harris បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន នឹងឈរជាមួយទីក្រុងម៉ានីល ដើម្បីការពារច្បាប់អន្តរជាតិ។

អនុប្រធានាធិបតីអាមេរិក បាននិយាយថា ទំនាក់ទំនងយូរអង្វែងរវាងអាមេរិក និងហ្វីលីពីន នៅតែរឹងមាំ។ លោកស្រីបានសង្កត់ធ្ងន់ថា រាល់សកម្មភាពវាយលុកប្រឆាំងនឹងសម្ព័ន្ធមិត្ត នឹងបង្កឱ្យមានការប្តេជ្ញាចិត្តការពារទ្វេភាគី។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP លោកស្រី Harris គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ខេត្តកោះ Palawan របស់ហ្វីលីពីន ដែលស្ថិតនៅតាមបណ្តោយដែនទឹកជម្លោះ ក្នុងសមុទ្រចិនខាងត្បូង នៅថ្ងៃទី២២2 ខែវិច្ឆិកា។

លោកស្រី ក៏បានជួបសមាជិកឆ្មាំឆ្នេរសមុទ្រហ្វីលីពីន នៅលើនាវាឆ្មាំឆ្នេរសមុទ្រដ៏ធំបំផុតពីររបស់ប្រទេសនេះ ហើយបានថ្លែងសុន្ទរកថាផងដែរ។

មន្ត្រីម្នាក់បាននិយាយថា លោកស្រីនឹង «បញ្ជាក់ឡើងវិញនូវភាពរឹងមាំនៃសម្ព័ន្ធភាព និងការប្តេជ្ញាចិត្តរបស់យើង ក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់នៅក្នុងសមុទ្រចិនខាងត្បូង និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កាន់តែទូលំទូលាយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×