ភ្នំពេញ ៖ ខណ:អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ កាលពីល្ងាចថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត សុភមង្គលគ្រួសារ កសាងទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាព។

ជាមួយគ្នានេះ វិស័យកីឡា បានរួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបានសុខដុមនីយកម្មក្នុងសង្គមជាតិ, ដូច្នេះ ព្រឹត្តិការណ៍កីឡា ជាការផ្តល់ឱកាសល្អសម្រាប់ការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធ ដែលជាមរតកវប្បធម៌ជាតិ និងជាសិល្បៈការពារខ្លួនរបស់ប្រទេសជាតិ ព្រមទាំងជួយបំផុសស្មារតីមហាជនឱ្យស្រឡាញ់គាំទ្រវិស័យកីឡា និងលើកកម្ពស់កិត្តិស័ព្ទកីឡារបស់ជាតិឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។
ដោយមើលឃើញថា វិស័យកីឡា គឺជាមូលធនសម្រាប់ប្រជាជន និងសង្គមជាតិ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រុមកីឡាករ កីឡាការិនី គ្រូបង្គោល គ្រូបង្វឹក និងអ្នកប្រតិបត្តិលើវិស័យកីឡាទាំងអស់ ឱ្យអនុវត្តមូលដ្ឋានគ្រឹះរឹងមាំលើវិស័យកីឡាចំនួន ៤ ចំណុច ÷
១. ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗកីឡាករ-កីឡាការិនីទាំងអស់ សូមគោរពតាមបទបញ្ជានៃការប្រកួតកីឡាជាប្រចាំដើម្បីលើកកម្ពស់យុត្តិធម៌ ក្នុងការប្រកួត សេចក្តីថ្លៃថ្នូរ និង ក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រកួត ពីព្រោះថា កីឡាមានស្តង់ដារបទបញ្ជាត្រឹមត្រូវតែមួយដែលផ្ទុយទៅ នឹងការប្រកួតប្រជែងក្នុងផ្នែកនយោបាយ។
២. ខ្ញុំសូមអំពាវនាវឲ្យបន្តចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីរួមចំណែកដល់យុទ្ធនាការជាតិស្ដីពី «ប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត» «ឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា» «រួមគ្នាដើម្បីកម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ» «នាំគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន» និង «កីឡារស់នៅក្នុងសន្តិភាព»។

៣. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបង្កើនការធ្វើពិពិធកម្មសកម្មភាពកីឡាឲ្យកាន់តែច្រើន ដើម្បីបង្កើនការលើកកម្ពស់ វិស័យកីឡាកម្ពុជា និងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងការងារសង្គម ការដោះស្រាយបញ្ហាសង្គម និងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចដោយហេតុថា កីឡាត្រូវបានចាត់ទុកជា ប្រភេទទេសចរណ៍បៃតង និងទទួលស្គាល់ថា ជាការទូតដ៏មានប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការកសាងមិត្តភាព សាមគ្គីភាព សុខសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គមជាតិ។
៤. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេសគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ២០២៣ ត្រូវបង្កើនកិច្ចសហការការបណ្ដុះបណ្ដាល និងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជា ឲ្យបានដល់កម្រិតខ្ពស់ដែលអាចធ្វើទៅបាន ដើម្បីឲ្យអត្តពលិកកម្ពុជា អាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពខ្ពស់ ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងព្រឹត្តិការណ៍នៃការប្រកួតកីឡាជាអន្តរជាតិនានានៅថ្ងៃអនាគត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN























