ភ្នំពេញ ៖ ជាអធិបតីក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់ក្រុមមន្ត្រីជាតិ និងអន្តរជាតិ ថា ជាសក្ខីភាពនៃការស្រឡាញ់សន្តិភាពរបស់កម្ពុជា នៅឆ្នាំ១៩៩៧ កម្ពុជាបានចុះហត្ថលេខា និងបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស ឬហៅកាត់ថា អនុសញ្ញាអូតាវ៉ា ក្នុងឆ្នាំ២០០០។
រហូតមកដល់ចុងឆ្នាំ២០១១ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានរៀបចំកិច្ចប្រជុំនៃរដ្ឋភាគីលើកទី១១ ដែលត្រូវបានគេទទួលស្គាល់ថា ជាកិច្ចប្រជុំមួយដ៏ល្អ និងប្រកបដោយជោគជ័យក្នុងប្រវត្តិនៃកិច្ចប្រជុំរបស់ចលនាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស។

សម្តេចតេជោ ហ៊ុន សែន រំលឹកថា ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិនាពេលកន្លងទៅ សម្តេចបានស្នើឱ្យដាក់ចេញគោលដៅបោសសំអាតមីន ក្នុងផែនការអភិវឌ្ឍសហវត្ស, គ្មានភាគីណាបង្គាប់បញ្ជាភាគីណានោះទេ ជាពិសេសគ្មានការបង្គាប់បញ្ជាលើបញ្ហាផ្ទៃក្នុងរបស់កម្ពុជាឡើយ។
ជាសក្ខីភាពនៃការស្រឡាញ់សន្តិភាពរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ចាប់តាំងពីឆ្នាំ២០០៦ ក្នុងឋានៈជារដ្ឋសមាជិកអង្គការសហប្រជាជាតិ កម្ពុជាបានខិតខំចែករំលែកកងកម្លាំងបោសសម្អាតមីនរបស់ខ្លួន ចូលរួមចំណែកសម្រាលទុក្ខលំបាកជូនដល់ប្រទេសផ្សេងៗ ដែលកំពុងប្រឈម និងរងគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដូចជាប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាត ម៉ាលី អាហ្វ្រិកកណ្តាល លីបង់ ស៊ីរី យេម៉ែន…។ល។ ពេលនេះកម្លាំងរក្សាសន្តិភាពកម្ពុជា បាននិងកំពុងចូលរួមដើម្បីធ្វើការបោសសម្អាតមីនមនុស្សធម៌ និងផ្តល់នូវភាពសុខក្សេមក្សាន្តដល់ប្រជាជននៃប្រទេសទាំងនោះ។

បើនិយាយពីបញ្ហាគ្រោះថ្នាក់ដោយសារគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់សង្គ្រាម នៅកម្ពុជាវិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា ជនរងគ្រោះដោយសារមីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានថយចុះយ៉ាងខ្លាំងពីចំនួន ៤,៣២០នាក់ ក្នុងឆ្នាំ ១៩៩៦ មកនៅក្រោមចំនួន ១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល ១០ឆ្នាំចុងក្រោយ, ទាំងកម្ពុជាខ្លួនឯង ទាំងរួមគ្នាធ្វើការជាមួយអន្តរជាតិ និងអង្គការសហប្រជាជាតិ គឺសុទ្ធសឹងតែជាសក្ខីកម្មដែលកម្ពុជាស្រឡាញ់សន្តិភាព៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

















