Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជី ថ្នាំកសិកម្មខ្ពស់ អាកាសធាតុប្រែប្រួល និងកង្វះរោងចក្រកែច្នៃ នៅតែជាកត្តាប្រឈមសម្រាប់ខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី

spot_img

ភ្នំពេញ៖ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា តម្លៃជី ថ្នាំកសិកម្មខ្ពស់ អាកាសធាតុប្រែប្រួល, និងកង្វះរោងចក្រកែច្នៃ នៅតែជាកត្តាប្រឈមសម្រាប់ខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី។ លោកបានកត់សម្គាល់ឃើញថា បើសិនជាមានអំណោយផលពីអាកាសធាតុ ដំណាំស្វាយចន្ទី នឹងមានការលូតលាស់ល្អ ថែមទាំងផ្ដល់ទិន្នផលខ្ពស់ជាងមុនផងដែរ។

លោក អួន ស៊ីឡុត បានបន្តថា ទីផ្សារក្នុងស្រុក សសក បានភ្ជាប់ទំនាក់ទំនងរវាងកសិករជាមួយសិប្បកម្ម និងសហគ្រាសធុន តូចនិងមធ្យម ចំនួន១៧ ដែលផលិតកែច្នៃស្វាយចន្ទី។ ទោះជាយ៉ាងណា សហគ្រាសធុនតូច និងមធ្យម ទាំងនោះស្រូបទាញការទិញប្រមាណ ៥ម៉ឺនតោន តែប៉ុណ្ណោះក្នុងមួយឆ្នាំ ដោយសារបញ្ហាប្រឈមផ្នែកវត្ថុ និងទីផ្សារ។

ប្រធានសមាគមរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនណាអាកាសធាតុនៅតែអំណោយផលនោះ ទិន្នផលគ្រាប់ស្វាយចន្ទី នឹងអាចបន្តកើនឡើងពីចន្លោះពី ៨០ម៉ឺនតោន ទៅ ១លានតោន នៅឆ្នាំ២០២៣។ ប៉ុន្តែលោកបានកំណត់សម្គាល់ថា ចាប់ពីខែសីហាមក កសិករបានលក់គ្រាប់ឆៅស្ទើរតែអស់ មានសល់តិចតួចមិនដល់ ១ម៉ឺនតោនផង។

នៅឆ្នាំ២០២៣ ខាងមុខនេះ សមាគមស្វាយចន្ទីកម្ពុជា (សសក) នឹងសហការលក់គ្រាប់ឆៅទៅឱ្យក្រុមហ៊ុនអន្តរជាតិពីរ ដែលមានទីតាំងរោងចក្រនៅប្រទេសវៀតណាម គឺក្រុមហ៊ុនអូឡាំ ចំនួន ៥ម៉ឺនតោន និងក្រុមហ៊ុន Inter Snack ចំនួន ២ម៉ឺនតោន។ នេះបើផ្អែកតាមការឲ្យដឹងពីប្រធានសមាគមស្វាយចន្ទីកម្ពុជា។ វៀតណាម គឺនៅតែជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ខណៈដែលការកែច្នៃនៅក្នុងស្រុកហាក់មិនទាន់មានច្រើនគ្រប់គ្រាន់នៅឡើយ។ ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សរុបមានប្រមាណជាង ៤លានតោន បានកើនឡើងជាង១០% បើធៀបនឹង រយៈពេលដូចគ្នានៅឆ្នាំ២០២១ គិតជាទឹកប្រាក់សរុបមានជាង ២,៦ពាន់លានដុល្លារអាមេរិក។

បើយោងតាមរបាយការណ៍ដែលផ្ដល់ដោយសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា រយៈពេល ១០ខែ ដើមឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៦ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លារ ថយចុះ ៣៤,៦៥% បើធៀបឆ្នាំ២០២១ គឺថយ ៣៥ម៉ឺនតោន។ ដោយឡែក កម្ពុជានាំទៅវៀតណាម មានចំនួន ៦៤ម៉ឺនតោន ថយចុះ ៣៧%។

ហើយបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរយៈពេល ១០ខែ នាឆ្នាំ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ក្នុងបរិមាណជិត ៤៧ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ធ្លាក់ចុះជិត៥០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ខណៈការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃវិញមានចំនួនជិត ៦០០តោន បានថយចុះជិត ៦០%៕

spot_img
×