Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ស្នើបង់ក្លាដែស ដាក់ចេញទិសដៅការងារមួយចំនួន ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម

spot_img

ពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីស្បៀងអាហារបង់ក្លាដែស លោក Sadhan Chandra Majumder ដោយផ្តោតលើការពង្រឹងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងនាំចេញអង្ករទៅទីផ្សារបង់ក្លាដែស នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ពិសេសផ្តោតលើការងារសំខាន់ៗ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីការតភ្ជាប់ កិច្ចសហប្រតិបត្តិការ និងសកម្មភាពយុទ្ធសាស្រ្តអនាគត ក្នុងការនាំចូលអង្ករពីប្រទេសកម្ពុជា ទៅក្នុងទីផ្សារបង់ក្លាដែស។

ក្នុងជំនួបនេះដែរ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានស្នើភាគីបង់ក្លាដែសដាក់ចេញនូវទិសដៅការងារមួយចំនួន ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ស្របតាមការចង្អុលបង្ហាញរបស់ប្រមុខដឹកនាំនៃប្រទេស​ទាំងពីរដែលរួមមាន៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-បង់ក្លាដែស និងការធានាបាននូវការអនុវត្ត ដោយពេញលេញ និងមានប្រសិទ្ធភាព។ ការរៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាពា​ណិជ្ជកម្មចម្រុះរវាងកម្ពុជា-បង់ក្លាដែស ដើម្បីពិនិត្យនិងតាមដានវឌ្ឍនភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងការពិនិត្យលទ្ធភាព បន្តអនុស្សរណៈយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងកម្ពុជា-បង់ក្លាដែសជាដើម។

រដ្ឋមន្រ្តីពាណិជ្ជកម្ពុជា បានស្នើភាគីបង់ក្លាដែស បង្កើតឱ្យមានក្រុមការងារបច្ចេកទេសរួម ដើម្បីពិនិត្យ និងរៀបចំការសិក្សាសមិទ្ធិភាពរួមគ្នា (Joint Feasibility Study) សម្រាប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-បង់ក្លាដែស ស្របតាមចុក្ខវិស័យនៃប្រទេសទាំងពីរ និងស្មារតីនៃជំនួបទ្វេភាគីរវាង ប្រមុខដឹកនាំនៃប្រទេសទាំងពីរ នាពេលកន្លងទៅថ្មីៗនេះ។

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវសុដ្ឋិនិយម ចំពោះកំណើនជាវិជ្ជមាននៃពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០២២ ដែលមានទំហំទឹកប្រាក់ប្រមាណ ២២លានដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ៥៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

ភាគីទាំងពីរ បានឯកភាពគ្នាចាត់តាំងមន្រ្តីបង្គោល ដើម្បីបន្តអនុវត្តទិសដៅការងារ ដែលជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា រួមទាំងការពិនិត្យលទ្ធភាពរៀបចំការសិក្សាសមិទ្ធិភាពរួមគ្នា (Joint Feasibility Study) សម្រាប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផងដែរ។ ភាគីទាំងពីរ ក៏បានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប ភាគីបង់ក្លាដែស បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ជាពិសេសសារៈសំខាន់នៃការលើកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ ក្នុងនោះ ភាគីបង់ក្លាដែស បានឯកភាព ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-បង់ក្លាដែស, ការបន្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងកម្ពុជា-បង់ក្លាដែស និងការរៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះរវាងកម្ពុជា-បង់ក្លាដែសផងដែរ៕

spot_img
×