Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងបញ្ជូនដ្រូនកំណាចទៅអ៊ុយក្រែន សម្រាប់ទប់ទល់រុស្ស៊ី

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលសភា បានច្រានចោលគម្រោងស្នើសុំទិញដ្រូនកំណាចបំពាក់មីស៊ីលភ្លើងនរក ពីក្រុងកៀវ ដោយសារតែការព្រួយបារម្ភ ខ្លាចគ្រឿងសឹកដ៏ទំនើបរបស់ខ្លួន ធ្លាក់ទៅដល់ដៃរបស់សត្រូវ ប៉ុន្ដែឥឡូវ ប្រធានាធិបតីសហរដ្ឋអាមេរិក បានជំរុញឲ្យគិតពិចារណាឡើងវិញ លើសំណើទាំងនោះ សម្រាប់ជួយដល់អ៊ុយក្រែន ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ថា រដ្ឋាភិបាលក្រុងកៀវ បានអំពាវនាវដល់សហរដ្ឋអាមេរិក ឲ្យផ្គត់ផ្គង់យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនដ៏មានឥទ្ធិពលខ្លាំង ជួយដល់ប្រទេសអ៊ុយក្រែន ខណៈកំពុងតែធ្វើសង្គ្រាមរបស់រុស្ស៊ី នៅក្នុងរដូវរងា។

សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក ចំនួន១៦រូប មកពីគណបក្សសាធារណរដ្ឋ និង ប្រជាធិបតេយ្យ បានស្នើដល់រដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) ត្រូវគិតពិចារណាឲ្យបានល្អិតល្អន់ លើសំណើរបស់អ៊ុយក្រែន សម្រាប់ដ្រូនឥន្ទ្រីប្រផេះដ៏កំណាច ដើម្បីប្រយុទ្ធជាមួយនឹងរុស្ស៊ី។ ប៉ុន្ដែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានទាត់ចោលសំណើ សម្រាប់ដ្រូនដ៏កំណាចនោះ ដោយសារតែការព្រួយបារម្ភ ពីការបាញ់ទម្លាក់ និង អាចបង្កើនជម្លោះ កាន់តែខ្លាំងឡើង។

ដោយសារតែរុស្ស៊ី បង្កើនការប្រើប្រាស់ដ្រូនអត្ដឃាត វាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ទើបអ៊ុយក្រែន បានអំពាវនាវយ៉ាងទទួចដល់សហរដ្ឋអាមេរិក ឲ្យផ្គត់ផ្គង់ដ្រូនដ៏ខ្លាំងក្លា ដល់ក្រុងកៀវ ដែលអាចជួយពួកគេ គ្រប់គ្រងស្ថានភាពជម្លោះនេះ។

ក្រុមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងលិខិតរបស់ពួកគាត់ ផ្ញើជូនដល់លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិ ដោយទុកពេលវេលាឲ្យគិតពិចារណា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីពន្យល់ អំពីមូលហេតុ ដែលមន្ទីរបញ្ចកោណ ជឿថា ដ្រូននេះ មិនសមស្រប សម្រាប់ការប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។

លោក មីខែល រ៉ាស្វូហ្សាអែវ (Mikhail Razvozhaev) អភិបាលក្រុង គាំទ្រដោយរុស្ស៊ី នៅឧបទ្វីបគ្រីមៀ (Crimea) កាលពីព្រឹក ថ្ងៃអង្គារ បានប្រកាស ពីការបាញ់ទម្លាក់ដ្រូនចំនួន២គ្រឿង នៅទីក្រុងសេវ៉ាស្ដូប៉ូល (Sevastopol) ជាកន្លែងដែលប្រព័ន្ធការពារដែនអាកាសរុស្ស៊ី កំពុងតែប្រតិបត្ដិការ។

លោកអភិបាលក្រុង បានបញ្ជាក់ នៅលើបណ្ដាញសង្គម ថា «ឥឡូវកម្លាំងការពាររបស់យើងធ្វើការបានល្អ ថ្វីបើមានការវាយប្រហារដោយដ្រូនយ៉ាងណាក៏ដោយ។ ចំណែកដ្រូនចំនួន២គ្រឿង យើងបានបាញ់ទម្លាក់»។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានអំពាវនាវដល់មហាអំណាចបស្ចិមលោក ជួយបន្ថែមទៀត។ លោកប្រធានាធិបតី បានស្ដីបន្ទោសដល់រុស្ស៊ី ចំពោះការប្រើប្រាស់រដូវរងារ ធ្វើជាអាវុធ បង្កគ្រោះមហន្ដរាយយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល។

លោកប្រធានាធិបតី ហ្សេឡែនស្គី បានប្រាប់ដល់អភិបាលក្រុងបារាំង នៅក្នុងកិច្ចប្រជុំមួយតាមវីដេអូ ថា «វិមានក្រឹមឡាំង ចង់ប្រែក្លាយអាកាសធាតុរដូវរងានេះ ឲ្យក្លាយទៅជាអាវុធ សម្រាប់ការកម្ទេចអ៊ុយក្រែន»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×