ពាក្យថា «អ្នកលក់ដូរ» មួយម៉ាត់ គឺត្រូវតែស្តែងចេញឡើង ជាមួយកាយវិការ សម្តីដំដៅរួសរាយរាក់ណាស់ណាស់ ទៅកាន់អតិថិជន និងជាពិសេស គឺត្រូវចេះមានការអត់ធ្មត់បំផុត បើទោះជាយើងមិនពេញចិត្ត នូវមិនល្អណាមួយរបស់អតិថិជនក៏ដោយ ព្រោះថា បើអ្នកប្រព្រឹត្តនូវទង្វើតាមតែកំហឹងរបស់ខ្លួន តបតទៅកាន់អតិថិជនមិនល្អ ឬ ពិបាកនិយាយ នោះនឹងធ្វើឱ្យមានរូបភាពមិនល្អ ប៉ះពាល់ដល់អាជីវកម្មរបស់អ្នកពុំខាន។ ដូច្នេះហើយទើបគេបានបង្កើតពាក្យមួយឃ្លានេះឡើង ដើម្បីឱ្យអ្នកលក់ប្រកាន់ភ្ជាប់ថា អតិថិជនគឺជាស្តេច។
តែដោយឡែក ថ្មីៗនេះ បុគ្គលិកចាក់សាំង Total ម្នាក់ ក្នុងចំណោម២នាក់ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាគួរឲ្យស្អប់ជាខ្លាំង បន្ទាប់ពីបានឃើញសកម្មភាពចង់បង្កហិង្សាដាក់ទៅលើអតិថិជនជាប្តីប្រពន្ធមួយ ដោយសារតែរឿងច្រឡំបាញ់លុយឲ្យ ខុសពីតម្លៃក្នុងតារាងអេក្រង់ តែបន្តិចបន្តួចប៉ុណ្ណោះ បែរជាគ្មានចេះប្រើពាក្យយល់យោគដ៏គួរសមសោះ។
នេះបើតាមអតិថិជនដែលមានគណនីហ្វេសប៊ុកឈ្មោះ Borey Chhart ព្រោះតែមិនអាចទទួលយកបាននូវទង្វើ ជាពិសេសពីសំណាក់បុរសជាបុគ្គលចិត្តកោងកាចម្នាក់ បានប្រាប់ឲ្យដឹងថា គាត់និងប្រពន្ធ កាលពីព្រឹកថ្ងៃទី២២ វិច្ចិកា ម្សិលមិញ បានទៅចាក់សាំងនៅការ៉ាស់សាំង Total សាខា សឡា ដោយចាក់ម៉ាពេញដូចរាល់ដង។ បន្ទាប់ពីចាក់រួច គាត់ក៏បានសួរបុគ្គលិកក្មេងម្នាក់ថា អស់ប៉ុន្មាន? រូបគេក៏ប្រាប់ថា 4.75$ ។ ប៉ុន្តែ ដោយសារគាត់ស្តាប់មិនសូវលឺព្រោះពាក់មួកការពារ ហើយមើលតារាងលុយច្រឡំនឹងតារាងចំនុះ 4.53 ក៏បាញ់លុយឲ្យប៉ុណ្ណឹង ស្រាប់តែបុគ្គលិកវ័យក្មេងនោះ ស្រែកគំហកដាក់គាត់ខ្លាំងៗតែម្តងថា អត់ចេះយកភ្នែកមើលទេអី!!។
គាត់បន្តថា នៅពេលគាត់សួរថា បើបងខុសនិយាយស្រួលទៅ បងអោយមើល transaction ABA តើ ក៏ស្រាប់តែបុរសជាបុគ្គលិកវ័យរាងចំណាស់ម្នាក់ បានចេញមកនិយាយកាងពីក្រោយ គ្មានចេះនិយាយអ្វីដែលល្អ បែរជាមកបញ្ឆេះកំហឹង រកស្ទុះវ៉ៃ ហើយថែមទាំងប៉ុនប៉ងចាប់បោកទូរស័ព្ទទៀតផង។
ជាមួយទង្វើដ៏មិនសមរម្យកោងកាចរបស់បុគ្គលិកទាំងពីរនាក់នេះ អតិថិជនខាងលើ ក៏ស្នើសូមឲ្យថៅកែការ៉ាស់សាំង Total សាខា សឡា ឆែកកាមេរ៉ាមើលអកប្បកិរិយាបុគ្គលិករបស់ខ្លួន និងគួរហៅទៅធ្វើការអប់រំផ្នែកសិលធម៌ផង ព្រោះបើចេញមកបែបព្រៃតែរបៀបៗនេះ គ្មានអ្នកណាចូលចាក់ទៀតឡើយ។
ជាក់ស្តែង បន្ទាប់ពីរឿងនេះបានកើតឡើង ក៏ស្រាប់តែឃើញបងប្អូនអ្នកធ្លាប់ជួបជាច្រើន បានចេញមកប្រាប់ឲ្យដឹងថា «បុគ្គលិក Total ភាគច្រើន គឺចរិកចឹង និយាយគ្មានសីលធម៍ មើលងាយភ្ញៀវខ្លាំងណាស់! បើគេជិះឡានទំនើបវិញមិនអីទេ តែបើយើងជិះឡានកញ្ចាស់ រឺក៏ម៉ូតូ មើលងាយ ដូចយើងទៅសុំ!, Total ប្រេងថ្លៃ តែបុគ្គិលអត់ថ្លៃថ្លៃសោះ, ចេញកាយវិការមកឈ្លើយម៉ង អាគាត់នេះ…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





