ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ សូមអញ្ជើញរួសរាន់មកបង់ពន្ធឲ្យបាននៅលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទព្រោះការបង់ពន្ធឲ្យបានទាន់ពេលវេលា ។
នេះបើតាមសេចក្ដីជូនដំណឹង ពីអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧ ការប្រមូលពន្ធប្រភេទនេះនឹងត្រូវបិទបញ្ចប់ជាស្ថាពរ នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
តាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា៖ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់យានយន្តជាច្រើនបានមក បង់ពន្ធរួចរាល់ហើយ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់មកបង់ពន្ធនេះនៅឡើយ ។
អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ ដែលពុំទាន់បានមកបំពេញកាតព្វកិច្ចបង់ពន្ធមេត្តា បានរួសរាន់អញ្ជើញមកប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមសាខាពន្ធដារខេត្ត -ខណ្ឌ ឬនៅតាមធនាគារអេស៊ីលីដា ធនាគារការណាឌីយ៉ា ធនាគារវឌ្ឍនៈ និងធនាគារកម្ពុជាសាធារណៈ ដើម្បី ជៀសវាងបាននូវការកកស្ទះ និងការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធ នៅថ្ងៃជិតផុតកំណត់ដែល អាចនាំឲ្យមានបាតុភាពអសកម្មដោយប្រការណាមួយ ។
ពាក់ព័ន្ធ នឹងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននេះដែរ ដោយអនុលោមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧ ការប្រមូលពន្ធគ្រប់ប្រភេទ នេះនឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅត្រឹមថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ ២០១៧ខាងមុខ ។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាតាម ការកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹង សហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ ដើម្បីចុះត្រួតពិនិត្យការប្រមូលពន្ធនេះ នៅតាមដងផ្លូវនានា បន្ទាប់ពីការបិទបញ្ចប់នៃការប្រមូលពន្ធ ។
អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមថាម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ដោយ៖បញ្ញាស័ក្តិ