Saturday, March 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក

សមរបម្រៀប ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានជួបជាមួយប្រធានរដ្ឋសភាម៉ារ៉ុក រួចហើយ ក៏បានបន្តអញ្ជើញជួបពិភាក្សាការងារជាបន្តទៀត ជាមួយឯកឧត្តម Gregory W. Meeks ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម Gregory W. Meeks បានគោរពសម្ដែងនូវការថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចប្រជុំអាយប៉ា ជាពិសេស នៅពេលដែលពិភពលោកកំពុងមានបញ្ហាតានតឹងខាងភូមិសាស្ត្រនយោបាយ។

ឯកឧត្តមបន្តថា ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមបានសង្កេតឃើញ កម្ពុជា បានដឹកនាំកិច្ចប្រជុំខាងលើបានដោយជោគជ័យ ដែលឆ្លុះបញ្ចាំងនូវភាពជាអ្នកដឹកនាំ ដែលអ្នកដទៃទៀតពិបាកនឹងធ្វើដូច ហើយដំណើររបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាយប៉ា ក្នុងគោលបំណងដើម្បីពង្រីកទំនាក់ទំនងជាមួយកម្ពុជាបន្ថែមទៀត តាមរយៈការអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ របស់ឯកឧត្តមប្រធានាធិបតី ចូ បៃដិន, តាមរយៈការអញ្ជើញមករបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិ មកចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិ និងតាមរយៈការចូលរួមកិច្ចប្រជុំអាយប៉ា ដែលលោកជំទាវអនុប្រធានាធិបតី បានសម្ដែងនូវការរីករាយយ៉ាងខ្លាំង ដែលរូបឯកឧត្តម បានជួបសន្ទនាជាមួយសម្ដេចតេជោ គឺជាការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះកម្ពុជា និងអាស៊ាន ដើម្បីជួយពង្រឹងគ្នាទៅវិញទៅមកទាំងផ្នែកនីតិបញ្ញត្តិ និងផ្នែកនីតិប្រតិបត្តិ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះសហរដ្ឋអាមេរិក ដែលបានគាំទ្រកម្ពុជាក្នុងភាពជាប្រធានអាស៊ាន រៀបចំឱ្យមានកិច្ចប្រជុំកំពូលនៅសហរដ្ឋអាមេរិកផង និងមកចូលរួមកិច្ចប្រជុំនៅកម្ពុជាផង។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានរៀបចំឱ្យមានជំនួបរវាងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីការពារជាតិចិន នៅទីក្រុងសៀមរាបទៀតផងដែរ។
ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា នៅពេលនេះ គឺល្អជាងពេលណាៗទាំងអស់, សហរដ្ឋអាមេរិកនៅពេលនេះ មានស្ថានទូតដ៏ល្អមួយ ដែលកន្លងមកមិនធ្លាប់មាន ហើយចំណែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរវិញ គឺមានការកើនឡើងប្រមាណ១៨ភាគរយ ជាមួយនឹងវត្តមានរបស់ក្រុមហ៊ុនហ្វត (Ford) និងក្រុមហ៊ុនជីអ៊ី (GE) ដែលកំពុងប្រតិបត្តិការយ៉ាងសកម្មនៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×