Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស​បញ្ជូន​ឧទ្ធម្ភាគចក្រ Sea King ទៅ​ឲ្យ​អ៊ុយក្រែន​ជាលើកដំបូង ចាប់តាំងពី​ជម្លោះ​ផ្ទុះឡើ​ង និង​ប្រកាស​ផ្តល់​អាវុធ​បន្ថែម​ច្រើ​ន​ទៀត

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Ben Wallace បាននិយាយថា អង់គ្លេសនឹងបញ្ជូនឧទ្ធម្ភាគចក្រ ទៅកាន់អ៊ុយក្រែនជាលើកដំបូង ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសជិតខាង។

យោងតាមទីភ្នាក់ងារសារព័ត៌មាន PA សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយលោក Wallace ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសន័រវេស -ជាកន្លែងដែលលោកកំពុងជួបជាមួយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសសម្ព័ន្ធមិត្ត ដើម្បីពិភាក្សាអំពីជំនួយដល់អ៊ុយក្រែន។ ជាពិសេស អង់គ្លេសនឹងបញ្ជូនឧទ្ធម្ភាគចក្រ Sea King ចំនួន៣គ្រឿងរបស់កងទ័ពរបស់ខ្លួនទៅកាន់ទីក្រុងគៀវ ដែលដំបូងគេ គឺមានវត្តមាននៅអ៊ុយក្រែនរួចហើយ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​យន្តហោះ​មនុស្ស​បើក ​ត្រូវ​បាន​បញ្ជូន​ទៅ​អ៊ុយក្រែន​ ចាប់​តាំង​ពី​ជម្លោះ​បាន​ផ្ទុះ​ឡើង​កាល​ពី​ចុង​ខែ​កុម្ភៈ។

លោក Wallace ក៏បានបញ្ជាក់ផងដែរថា ចក្រភពអង់គ្លេសក៏នឹងបញ្ជូនកាំភ្លើងធំចំនួន ១០,០០០ បន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយការពារទឹកដីដែលដណ្តើមបានមកវិញពីរុស្ស៊ី។

លោក Wallace បាននិយាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសន័រវេស៖ «ការគាំទ្ររបស់យើងចំពោះអ៊ុយក្រែននឹងមិនរសាយឡើយ។ គ្រាប់ផ្លោងទាំងនេះនឹងជួយអ៊ុយក្រែនការពារទឹកដីដែលខ្លួនបានយកមកវិញពីរុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ»។

ក្រសួងការពារជាតិអង់គ្លេស ក៏បានបង្ហាញផងដែរថា កងនាវាចរណ៍បានផ្តល់វគ្គបណ្តុះបណ្តាលឧទ្ធម្ភាគចក្រ Sea King រយៈពេល៦សប្តាហ៍នៅចក្រភពអង់គ្លេស ដល់កងកម្លាំងប្រដាប់អាវុធ និងវិស្វកររបស់ប្រទេសអ៊ុយក្រែន។

ចក្រភពអង់គ្លេស គឺជាម្ចាស់ជំនួយដ៏ធំបំផុតមួយដល់អ៊ុយក្រែន ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ។ កញ្ចប់​ជំនួយ​ចុង​ក្រោយ​នេះ​កើត​ឡើង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ Rishi Sunak បាន​ប្រកាស​ថា​ ប្រទេស​អង់គ្លេសនឹង​ផ្តល់​កញ្ចប់​នេះ។ ជំនួយ​ការពារជាតិ​ទាំងនេះដល់​អ៊ុយ​ក្រែ​ន គឺមានតម្លៃ ៥៩,៤​លាន​ដុល្លារ​​។

អង់គ្លេសបាននិយាយថា ខ្លួននឹងបញ្ជូនអាវុធបន្ថែមទៀត ដូចជាកាំភ្លើងប្រឆាំងយន្តហោះ និងបច្ចេកវិទ្យាដើម្បីដោះស្រាយជាមួយយន្តហោះគ្មានមនុស្សបើក ទៅកាន់អ៊ុយក្រែន។ មុននេះ អង់គ្លេសក៏បានសន្យាផ្តល់កាំជ្រួចពីដីទៅអាកាសចំនួន ១០០០ គ្រាប់ និងកាំភ្លើងប្រឆាំងយន្តហោះចំនួន ១២៥ ដើម ដល់ប្រទេសនេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×