Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន ពេលនេះចុះត្រជាក់ខ្លាំងបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ប្រជាជន និងទាហានជួបការលំបាក

spot_img

រដ្ឋធានីកៀវ៖ ស្របពេលកម្លាំងទាហានរុស្ស៊ី បង្កើនការវាយប្រហារ កម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និង បានបំផ្លិចបំផ្លាញបណ្ដាញថាមពលអគ្គិសនី ស្ទើរពេញប្រទេសអ៊ុយក្រែន នោះ អាកាសធាតុ នៅក្នុងរដ្ឋធានីរបស់ប្រទេសអឺរ៉ុបខាងកើត ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន ក៏កំពុងតែចុះត្រជាក់ខ្លាំងបំផុត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ថា លោក វីតាលី ក្លីតស្កូ (Vitali Klitschko) អភិបាលក្រុងកៀវ និង ជាអតីតកីឡាករប្រដាល់អាជីព បានព្រមាន ថា រដ្ឋធានីរបស់អ៊ុយក្រែន ប្រឈមនឹងអាកាសធាតុចុះត្រជាក់ខ្លាំងបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ បញ្ហានេះ កំពុងតែធ្វើឲ្យអ៊ុយក្រែន ប្រឈមមុខខ្លាំង ខណៈកម្លាំងទាហានរុស្ស៊ី វាយប្រហារបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល ដោយបានបន្សល់ទុកឲ្យផ្នែកជាច្រើនរបស់ទីក្រុងនេះ ស្ថិតក្នុងភាពងងឹតសូន្យសុង។

លោកអភិបាលរដ្ឋធានីកៀវ បានផ្ដល់បទសម្ភាសន៍មួយ ជាមួយនឹងសារព័ត៌មានអាល្លឺម៉ង់ Bild ថា «ស្ថិតក្នុងស្ថានភាពបែបនេះ ប្រជាជនរស់នៅក្នុងទីក្រុងកៀវ ត្រូវតែត្រៀមរៀបចំឲ្យរួចជាសម្រេច សម្រាប់សេណារីយ៉ូដ៏អាក្រក់កើតឡើង ដោយសារការដាច់ថាមពលអគ្គិសនីពាសពេញទីក្រុង ខណៈសីតុណ្ហភាពចុះត្រជាក់ខ្លាំង។ ចំណែកប្រជាជនរស់នៅតាមតំបន់ជាច្រើន នៅក្នុងរដ្ឋធានីនេះ ក៏នឹងត្រូវជម្លៀសចេញ តាមសេណារីយូនេះផងដែរ។

អង្គការសុខភាពពិភពលោក បានព្រមាន កាលពីថ្ងៃចន្ទ ថា មនុស្សរាប់លាននាក់ រស់នៅក្នុងប្រទេសអ៊ុយក្រែន ប្រឈមមុខនឹងអាកាសធាតុត្រជាក់គំរាមកំហែងដល់អាយុជីវិត នៅឆ្នាំនេះ ដោយសារទាហានរុស្ស៊ី បង្កើនការវាយប្រហារ បំផ្លិចបំផ្លាញលើហេដ្ឋារចនាសម្ព័ន្ធថាមពល ខណៈអាកាសធាតុកំពុងតែចុះត្រជាក់ខ្លាំង៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×