ប្រទេសវៀតណាម ដែលជាប្រទេសនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោក គ្រោងធ្វើការនាំចេញអង្ករចំនួន 7 លានតោននៅឆ្នាំនេះ។ តម្លៃអង្ករវៀតណាមបានកើនឡើង៣០ដុល្លារពី៤០៨-៤២៨ដុល្លារក្នុងមួយតោន។

ការរួមចំណែកមួយទៀតគឺការកែលម្អគុណភាពស្រូវ និងការចូលរួមពីរដ្ឋាភិបាល កសិករ និងសហករណ៍ បានបន្តជំរុញឱ្យផលិតកម្មតូចៗឱ្យមានគុណភាពខ្ពស់ និងមិនសូវប្រើជី និងថ្នាំសម្លាប់សត្វល្អិតញឹកញាប់។ ទាក់ទិននឹងទីផ្សាររបស់ប្រទេសចិន អ្នកនាំចូលអង្ករធំទីពីររបស់វៀតណាម លោក La Vân Phi ប្រធានក្រុមហ៊ុន Đại Dương Seed Trade Investment JSC. ដែលជាក្រុមហ៊ុនស្រាវជ្រាវកសិកម្ម បាននិយាយថា ប្រទេសចិនបាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងលើផ្នែកភូតគាមអនាម័យក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកបានណែនាំដល់អ្នកនាំចេញឱ្យបន្តតាមឱ្យទាន់នឹងច្បាប់ភូតគាមអនាម័យរបស់ប្រទេសចិន ដែលមានតម្រូវចាំបាច់ ហើយនឹងបន្តពង្រីកសម្រាប់អនាគតដ៏ខ្លីខាងមុខ។

លោក Phi បានជំរុញឱ្យអ្នកនាំចេញទាញយកអត្ថប្រយោជន៍នៃតម្រូវការអង្ករដែលមានគុណភាពខ្ពស់របស់ប្រទេសចិន ប៉ុន្តែកុំព្រងើយកន្តើយចំពោះអង្ករកម្រិតមធ្យម ព្រោះថានៅតែមានតម្រូវការសំខាន់ក្នុងចំណោមអ្នកប្រើប្រាស់នៅក្នុងប្រទេសចិន។ លោក Lê Thanh Hoa អនុប្រធានផ្នែកកែច្នៃ និងទីផ្សារកសិកម្មក្រោមក្រសួងកសិកម្មវៀតណាម (MARD) បាននិយាយថា ប្រទេសចិនគឺជាទីផ្សារដ៏សំខាន់បំផុតមួយរបស់វៀតណាម ខណៈដែលប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកនៅតែមានតម្រូវការស្បៀងអាហារយ៉ាងច្រើន។

ទោះជាយ៉ាងណា ការចូលទៅក្នុងប្រទេសចិនកាន់តែលំបាក។ យោងតាម MARD មានតែក្រុមហ៊ុននាំចេញអង្ករវៀតណាមចំនួន 22 ប៉ុណ្ណោះដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវក្នុងការនាំចេញអង្ករជាមួយនឹងកូតាកំណត់ដោយរដ្ឋាភិបាលចិនចំនួន 2 លានតោន ខណៈដែលប្រទេសទាំងពីរកំពុងចរចាដើម្បីកែតម្រូវ។ ច្បាប់នៃការវេចខ្ចប់ ការដាក់ស្លាកយីហោ និងប្រភពដើមទំនិញក៏កាន់តែមានតម្រូវការផងដែរ ជាមួយនឹងស្តង់ដារគុណភាពកាន់តែតឹងរ៉ឹង។ ទីផ្សារធំៗផ្សេងទៀតរួមមាន EU និងចក្រភពអង់គ្លេស ដែលទាំងពីរបានមើលឃើញការកើនឡើងនៃបរិមាណនាំចេញអង្កររបស់វៀតណាមចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងជាច្រើន។ -VNS
