រដ្ឋធានីកៀវ៖ ការវាយប្រហាររបស់ទាហានរុស្ស៊ី បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងប្រទេសអ៊ុយក្រែន ប្រហែល៦០ភាគរយ ហើយធ្វើឲ្យមនុស្សរាប់លាននាក់ អត់មានអគ្គិសនីប្រើប្រាស់ ខណៈអាកាសធាតុចុះត្រជាក់ខ្លាំង ប៉ុន្ដែអាជ្ញាធរក្រុងកៀវ កំពុងតែពុះពារស្ដារស្ថានការណ៍នេះ ឲ្យល្អប្រសើរឡើងវិញ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ថា អាជ្ញាធរអ៊ុយក្រែន កំពុងតែពុះពារយ៉ាងខ្លាំង សម្រាប់ការតភ្ជាប់បណ្ដាញទឹក និង អគ្គិសនី សម្រាប់មនុស្សរាប់លាននាក់ប្រើប្រាស់ ក្រោយពេលរុស្ស៊ី បានបាញ់មីស៊ីល និង ដ្រូន វាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល កាលពីថ្ងៃពុធ។ សកម្មភាពយោធារបស់ក្រុងមូស្គូ បានធ្វើឲ្យប្រទេសអ៊ុយក្រែន ប្រហែលជិត៨០ភាគរយ ត្រូវងងឹតសូន្យសុង ដោយការអត់អគ្គិសនី។

គិតត្រឹមល្ងាច ថ្ងៃព្រហស្បតិ៍ មានរយៈពេលជាង២៤ម៉ោង ក្រោយទាហានរុស្ស៊ី បានវាយកម្ទេចតំបន់នានា នៃរដ្ឋធានីកៀវ (Kyiv)នោះ លោក វីតាលី ក្លីតស្កូ (Vitali Klitschko) អភិបាលក្រុង និង ជាអតីតអ្នកប្រដាល់អាជីព បានបញ្ជាក់ ថា ផ្ទះប្រជាពលរដ្ឋ ប្រហែល៦០ភាគរយ នៅតែមិនមានអគ្គិសនីប្រើប្រាស់ ខណៈសីតុណ្ហភាពធ្លាក់ចុះ រហូតដល់កម្រិត ក្រោមសូន្យអង្សា។ ស្ថិតក្នុងស្ថានភាពដ៏លំបាកបែបនេះ អាជ្ញាធរ កំពុងតែពុះពារស្តារបណ្ដាញសេវាទឹកជាមុន ទើបចាប់ផ្ដើមដំណើរការតភ្ជាប់បណ្ដាញអគ្គិសនីឡើងវិញ សម្រាប់ជួយដល់ប្រជាជន ដែលកំពុងតែប្រឈមនឹងរដូវរងា។

លោក ចេន អេហ្គេឡង់ដ៍ (Jan Egeland) អគ្គលេខាធិការ ក្រុមប្រឹក្សាទទួលបន្ទុកជនភៀសខ្លួនរបស់ន័រវ៉ែស បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ថា «មានការផ្ដោតអារម្មណ៍ខ្លាំងណាស់ ដោយសារតែរុស្ស៊ី ធ្វើសង្គ្រាម ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ប្រជាជនស៊ីវិល រាប់លាននាក់ មិនអាចស៊ូទ្រាំនឹងរដូវរងាបាន ដោយការគ្មានអគ្គិសនី ឬគ្មានកម្ដៅ និង ទឹកប្រើប្រាស់នោះឡើយ»។
បើតាមប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី បានអះអាង កាលពីប៉ុន្មានថ្ងៃមុនេះ ថា ប្រជាជនរបស់គាត់ ប្រហែល១០លាននាក់ អត់មានអគ្គិសនីប្រើប្រាស់ ដោយសារទាហានរុស្ស៊ី បានវាយប្រហារកម្ទេចរោងចក្រថាមពល៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី




