Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភាកម្ពុជាឡាវ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ កាន់តែទូលំទូលាយទំាងទ្វេភាគី និងនៅលើវេទិកាសភាអន្តរជាតិ

spot_img

ភ្នំពេញ ៖ បន្ទាប់ពីបានអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរួចមក ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបន្តដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា។

សម្តេចអគ្គមមហាពញាចក្រី ហេង សំរិន បានរៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូន ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន និងគណៈប្រតិភូ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា បន្ទាប់មកប្រធានរដ្ឋសភាទំាងពីរបានជួបពិភាក្សាការងារទ្វេរភាគីក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងរដ្ឋសភា រដ្ឋាភិបាល និងប្រជាពលរដ្ឋប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។

ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៅក្នុងការរៀបចំកិច្ចកំពូលអាស៊ានលើកទី៤០និង៤១ ព្រមទំាងកិច្ចប្រជុំពាក់ព័ន្ធ និងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់រៀបចំ ដែលធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែរន្ទឺឡើងនៅលើឆាកអន្តរជាតិ។ ឯកឧត្តមប្រធានរដ្ឋសភាថែមទាំងបានបញ្ជាក់ថា ជោគជ័យរបស់កម្ពុជានាពេលនេះ ជាមេរៀននិងបទពិសោធន៍សំខាន់មួយ សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអាយប៉ាលើកទី៤៥ របស់ប្រទេសឡាវ នៅក្នុងឆ្នាំ២០២៤ខាងមុខ។

ប្រធានរដ្ឋសភាប្រទេសទំាងពីរបានគំាទ្រចំពោះ វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ដោយបានផ្តល់ផលប្រយោជន៍ឱ្យគ្នទៅវិញទៅមក។ ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានសន្យាថា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងប្រជាជនប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំនិងសកម្មឡើងទៀតនៅលើគ្រប់វិស័យ។ ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាចូលរួមកិច្ចប្រជុំកំពូលរវាងប្រធានរដ្ឋសភាឡាវ តំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ដែលរដ្ឋសភាឡាវនឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកការគោរពអញ្ជើញ របស់ឯកឧត្តមប្រធានរដ្ឋសភានេះ។ សម្តេចមានសេចក្តីសោមនស្សរីករាយ ជាខ្លំាងដែលឯកឧត្តមប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់បានមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចចាត់ទុកការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ឡាវ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នឹងរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានជាង៦០ឆ្នាំមកនេះ កាន់តែរឹងមាំទ្វេដងថែមទៀត។

នៅក្នុងជំនួបទ្វេភាគីនេះប្រធានរដ្ឋសភាប្រទេសទំាងពីរបាន ផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកលើស្ថានការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ពិសេសអំពីរដ្ឋសភាទំាងពីរទៅវិញទៅមក។ បន្ទាប់មកសម្តេចប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តមប្រធានរដ្ឋសភាឡាវ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាងរដ្ឋសភាប្រទេសទំាងពីរ និងបានអញ្ជើញជាអធិបតីភាពក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងឡាវ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែទូលំទូលាយឡើង នៅគ្រប់កម្រិត ទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី នៅលើវេទិកាអន្តរសភានានា សំដៅបម្រើដល់ផលប្រយោជន៍ប្រទេសទំាងសងខាង ស្របតាមសភាពការណ៍ជាក់ស្តែង ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×