Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ស ខេង ៖ ច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក (ថ្មី) កំពុងអនុវត្ត មានមាត្រាត្រូវធ្វើវិសោធនកម្មច្រើន

spot_img

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យឆ្លង សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក (ថ្មី) នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់ជាសមាជិកក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់ជាច្រើនរូបទៀត។

សម្ដេចក្រឡាហោម មានប្រសាសន៍ថាច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឆ្លងកាត់ដំណាក់កាលនៃការអនុវត្តជាបន្តបន្ទាប់ទៅតាមបរិបទនៃការប្រែប្រួលខាងសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា និងបានឆ្លងកាត់ការធ្វើវិសោធនកម្មជាច្រើនលើក។ សម្ដេចបន្ថែមថា ដោយសារការសិក្សាបានរកឃើញថាច្បាប់កំពុងអនុវត្តជាធរមាននេះ មានមាត្រាត្រូវធ្វើវិសោធនកម្មច្រើន សម្ដេចបានស្នើប្រមុខរាជរដ្ឋាភិបាលព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានក្រុមការងារតាក់តែងច្បាប់ ដែលបានដឹកនាំក្រុមការងារអន្តរក្រសួង រៀបចំកិច្ចប្រជុំជាច្រើនលើកច្រើនសារ ដើម្បីប្រមូលមតិយោល់ និងធាតុចូលសំខាន់ៗ រហូតឈានទៅសម្រេចបានសេចក្ដីព្រាងច្បាប់ក្នុងកម្រិតបឋម នៃដំណើរការបង្កើតច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ។

ឯកឧត្តម តូច ចាន់កុសល បានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំថា ក្នុងចំណោមខ្លឹមសារសំខាន់ៗនោះ សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ ក៏ចែងអំពីការកំណត់ប្រភេទបទល្មើសចរាចរណ៍ច្បាស់លាស់ ដើម្បីឱ្យការអនុវត្តវត្តច្បាប់មានភាពប្រសើរឡើងដែរ។ ឯកឧត្តមបន្តថា ក្រុមការងារតាក់តែងច្បាប់ បានបើកកិច្ចប្រជុំចំនួន២២លើក រហូតឈានទៅបង្កើតបាននូវសេចក្ដីព្រាងច្បាប់ថ្មីនាពេលនេះ។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ឯកឧត្តម តូច ចាន់កុសល ស្ដីអំពីខ្លឹមសារសំខាន់ៗនៃសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោករួចមក សម្ដេចក្រឡាហោម ស ខេង និងសមាជិកនៃកិច្ចប្រជុំ ក៏បានបន្តផ្លាស់ប្ដូរមតិយោបល់គ្នាលើខ្លឹមសារនីមួយៗនៃសេចក្ដីព្រាងច្បាប់នេះ ជាពិសេសខ្លឹមសារដែលត្រូវបានកែសម្រួលខុសពីមាត្រាចំនួន៤៨នៃច្បាប់ដែលកំពុងនៅជាធរមាននៅឡើយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×