Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត សម្រេចបាន​៥០​ភាគរយ នឹង​គ្រោង​បញ្ចប់​ទាំងស្រុង នៅ​ថ្ងៃ​ទី​១០ ខែកក្កដា​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបង្ហាញ​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត សម្រាប់​ប្រើប្រាស់ ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ដែល​មាន​ចំនួន​សរុប ១០.៥២៥.៦៥០​សន្លឹក ហើយ​បើ​គិត​ត្រឹម​ថ្ងៃទី​១៥​ខែមិថុនា ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត សម្រេចបាន​១៤​ខេត្តហើយ ស្មើនឹង​៥០​ភាគរយ នៃ​ចំនួន​ដែល​គ្រោងទុក ។ បើ​មិន​មាន​ការប្រែប្រួល​នោះទេ ដំណើរការ​បោះពុម្ព នឹង​បញ្ចប់​ទាំងស្រុង គឺ​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​ទីតាំង​រោង​ពុម្ព ស្ថិតនៅ​ផ្ទះ​លេខ​៩ ផ្លូវ​លេខ​៣៤៥ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក​។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ បានបញ្ជាក់​ថា សន្លឹកឆ្នោត​ដែល​នឹង​ត្រូវ​បោះពុម្ព ដើម្បី​បម្រើ​ដល់​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ មាន​ចំនួន ១០.៥២៥.៦៥០​សន្លឹក ក្នុងនោះ​សន្លឹកឆ្នោត ៣២៩.២០០​សន្លឹក ជា​សន្លឹកឆ្នោត​គំរូ ហើយ​ក្រៅពី​នោះ ក៏​មាន​សន្លឹកឆ្នោត សម្រាប់​ប្រើប្រាស់ ដើម្បី​បណ្តុះបណ្តាល​មន្ត្រី និង​សន្លឹកឆ្នោត ត្រៀម​បម្រុង​នៅតាម ការិយាល័យ​បោះឆ្នោត​នី​មួយៗ​ផងដែរ​។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ ក្នុង​សន្លឹកឆ្នោត​មួយ​សន្លឹក ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៩៩០​រៀល ដូច្នេះ​សន្លឹកឆ្នោត​ជាង ១០​លាន​សន្លឹក​នេះ ចំណាយ​ថវិកា ១០.៤២០.៣៩៣.៥០០​រៀល ស្មើនឹង​ជាង ២,៦​លាន​ដុល្លារ​។​

​បើ​តាម​លោក ឌឹ​ម សុ​វណ្ណា​រុំ សន្លឹក​ឆ្នោត​នៅ​តាម​ខេត្ត​នីមួយៗ​មិន​ដូចគ្នា​ទេ ព្រោះ​ដោយសារ​ការ​ដាក់​បេក្ខជន ចូលរួម​ប្រកួតប្រជែង ពី​សំណាក់​គណបក្ស​នយោបាយ មិន​ដូចគ្នា ហើយ​ខេត្ត​ដែល​បាន​បោះពុម្ព​សន្លឹកឆ្នោត​រួចរាល់​នោះ រួមមាន ខេត្ត​កំពត ខេត្ត​កែប ខេត្ត​ប៉ៃលិន ខេត្ត​កោះកុង ខេត្ត​បន្ទាយមានជ័យ ខេត្ត​ក្រចេះ ខេត្ត​កំពង់ឆ្នាំង ខេត្ត​ព្រះវិហារ ខេត្ត​រតនគិរី ខេត្ត​បាត់ដំបង ខេត្តសៀមរាប ខេត្ត​កំពង់ស្ពឺ ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​តាកែវ​។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ បានបញ្ជាក់​ថា ការបោះពុម្ព​សន្លឹកឆ្នោត​មាន​៥​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១៖ ដំណាក់កាល​បោះពុម្ព ដំណាក់កាល​ទី​២ វាយ​លេខ​កូដ ដំណាក់កាល​ទី​៣ ចោះ​អក្សរ​កាត់ NEC ដើម្បី​រក្សា​ការសម្ងាត់ ដំណាក់កាល​ទី​៤ កិប​ក្បាល និង​ដំណាក់កាល​ទី​៥ វេច​ខ្ចប់​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

      

spot_img
×