Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី សៃ អ៉ីងវិន លាលែងពីប្រធានគណបក្ស បន្ទាប់ពីការបោះឆ្នោតថ្នាក់មូលដ្ឋាន ត្រូវបានមើលឃើញថា ប្រជាជនតៃវ៉ាន់ដកថយចំពោះការគាំទ្រ

spot_img

តៃវ៉ាន់ ៖ ដោយមើលឃើញប្រជាជននៃកោះតៃវ៉ាន់មួយចំនួនធំមានការផ្លាស់ប្ដូរទស្សនៈ ចង់មានទំនាក់ទំនងជិតស្និទ្ធ ឬក៏អាចថាបង្រួបបង្រួមជាមួយប្រជាជនចិននៃរដ្ឋធានីប៉េកាំងនោះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បានសម្រេចលាលែងពី តំណែងប្រធានគណបក្សកាន់អំណាច DPP កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈការបោះឆ្នោតថ្នាក់មូលដ្ឋាន គឺគណបក្ស DPP របស់លោកស្រី ទទួលបានសំឡេងគាំទ្រតិច ដែលជាសញ្ញាបង្ហាញថា ប្រជាជនតៃវ៉ាន់ដកថយការគាំទ្រចំពោះយុទ្ធសាស្ត្រ ផែនការរបស់គណបក្ស DPP របស់លោកស្រី ប្រឆាំងតតាំងជាមួយនឹងចិន។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងការបោះឆ្នោតខាងលើ គណបក្សប្រឆាំងធំជាងគេនៅតៃវ៉ាន់ គឺ គូមីនតាង (Kuomintang ឬ KMT) ដណ្តើមបានតំណែងអភិបាលក្រុង និងស្រុកចំនួន១៣ ក្នុងចំណោម២១ រួមទាំងនៅទីក្រុងតៃប៉ិផងដែរ ស្របពេលដែលគណបក្ស DPP យកបានតែ៥ប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ សម្រាប់ជ្រើសរើសអភិបាលក្រុង អភិបាលស្រុក និងសមាជិកក្រុមប្រឹក្សាប្រចាំមូលដ្ឋាន គឺផ្តោតតែទៅលើបញ្ហាក្នុងស្រុកដូចជា វិបត្តិកូវីដ-១៩ និងបញ្ហាឧក្រិដ្ឋកម្ម, ហើយអ្នកដែលជាប់ឆ្នោតថ្នាក់តំបន់នេះ មិនមានសិទ្ធិសម្រេចអ្វីពាក់ព័ន្ធនឹង គោលនយោបាយចិនដោយផ្ទាល់ឡើយ។

ទោះជាយ៉ាងនេះក្តី លោកស្រី សៃ អ៉ីងវិន បាននិយាយថា វាមានន័យលើសពីការបោះឆ្នោតថ្នាក់តំបន់ធម្មតាៗ ដ្បិតពិភពលោកកំពុងសម្លឹងមើលថា តើ តៃវ៉ាន់ នឹងការពារប្រជាធិបតេយ្យរបស់ខ្លួនដោយរបៀបណា នៅចំពោះមុខភាពតានតឹងយោធា ជាមួយទីក្រុងប៉េកាំង ដែលចាត់ទុកដែនកោះនេះត្រឹមជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិននោះ?!

ថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មាន នៅទីស្នាក់ការរបស់គណបក្ស DPP អំពីការលាលែងជាប្រធានបក្ស លោកស្រី សៃ អ៉ីងវិន បាននិយាយថា «លទ្ធផល គឺ ខុសពីការរំពឹងទុករបស់យើង ដូច្នេះហើយ យើងទទួលយកលទ្ធផលនេះ ក៏ដូចជាទទួលយកការសម្រេចចិត្តរបស់ប្រជាជនតៃវ៉ាន់ដែរ»។

ពាក់ព័ន្ធការបោះឆ្នោតថ្នាក់តំបន់នៅតៃវ៉ាន់ នេះផងដែរ ខាងទីក្រុងប៉េកាំង បានលើកឡើងថា លទ្ធផលដែលចេញមកបានបង្ហាញថា ការយល់ឃើញ របស់ប្រជានតៃវ៉ាន់ទូទៅ គឺពួកគេចង់បានសុខសន្តិភាព ស្ថិរភាព និងការរស់នៅល្អប្រសើរ ហើយទីក្រុងប៉េកាំងនឹងបន្តធ្វើការជាមួយ ប្រជាជនតៃវ៉ាន់ ដើម្បីលើកកម្ពស់ទំនាក់ទំនងសន្តិភាព ព្រមទាំងប្រឆាំងនឹងចលនាឯករាជ្យរបស់តៃវ៉ាន់ ក៏ដូចជាការជ្រៀតជ្រែកពីបរទេស។

ទោះជាយ៉ាងណា គេនៅរង់ចាំមើលការបោះឆ្នោតមួយដំណាក់ទៀត គឺការបោះឆ្នោតសភា និងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ខាងមុខនេះ ប៉ុន្តែ លោកស្រី សៃ អ៉ីងវិន កំពុងស្ថិតក្នុងការកាន់អំណាចអាណត្តិទី២ ដូច្នេះហើយ លោកស្រីនឹង មិនអាចឈរឈ្មោះជាប្រធានាធិបតីម្តងទៀតឡើយ ដោយសារការកំណត់អាណត្តិប្រធានាធិបតីត្រឹម២អាណត្តិ, តើការដាក់គោលការណ៍ក្រោកឈរតតាំងជាមួយចិន និងប្តេជ្ញាការពារសិទ្ធិសេរីភាពរបស់តៃវ៉ាន់ មានប្រសិទ្ធភាពក្នុងការទាក់ទាញមេដឹកនាំតៃវ៉ាន់ ឲ្យបានឡើងធ្វើជាប្រធានាធិបតីប្រឆាំងចិនដែរឬយ៉ាងណា?៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×