ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គកុម្មង់ដូជំនាន់ទី១១ បើកវគ្គជួសជុលអូប័រជំនាន់ទី៦ វគ្គសង្គ្រោះគ្រោះមហន្តរាយ និងបើកវគ្គឆត្រយោងជំនាន់ទី៣៣ វគ្គឆត្របញ្ជាជំនាន់ទី៦ វគ្គឯកទេសមុជទឹកជំនាន់ទី៩ នៅបញ្ជាការដ្ឋានកងទ័ពពិសេស (កំបូល)។
មានមតិក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីភាពជោគជ័យរបស់កម្ពុជា នៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ដោយចាត់ទុកថានេះជាមោទនភាព ជាកិត្យានុភាពរបស់កម្ពុជា ដែលល្បីរន្ទឺលើឆាកអន្តរជាតិ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់យ៉ាងដូច្នេះថា «ជោគជ័យដែលកម្ពុជាទទួលបាន អាស្រ័យ ដោយកម្ពុជាក្រោមការដឹកនាំឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាពពេញលេញ គ្រប់គ្រងបានល្អជំងឺកូវីដ-១៩ ធានាបានសន្តិសុខ សុវត្ថិភាព ផាសុខភាពជូនឥស្ស រជនពិភពលោកដែលចូលរួមក្នុងកិច្ចប្រជុំដោយផ្ទាល់»។
លើវិស័យការពារជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីបរិបទដែលប្រទេសជាតិមានសន្តិភាពពេញ លេញ ជាឱកាសដ៏មានតម្លៃសម្រាប់កងយោធពលខេមរភូមិន្ទធ្វើការហ្វឹក ហ្វឺន ពង្រឹងសមត្ថភាពជំនាញឲ្យកាន់ តែមុតស្រួច ក្នុងបុព្វហេតុបម្រើជាតិ ការពារមាតុភូមិ។
«ក្នុងន័យនេះ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារឱ្យ ខានតែបាននូវសន្តិភាព ទោះស្ថិតក្នុងតម្លៃណាក៏ដោយ»។ នេះជាការបញ្ជាក់របស់ នាយឧត្ដមសេនីយ៍ វង្ស ពិសេន។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយដ៏មានសារៈសំខាន់បំផុត នៅក្នុងការកែទម្រង់កសាងធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ ពីព្រោះថា ការហ្វឹកហ្វឺនគឺជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់ ទាំងការកសាង និងបង្កើនសមត្ថភាព ការថែរក្សាគ្រឿងបំពាក់ និងការធានានិរន្តរភាពការងារ។
សម្រាប់បញ្ជាការដ្ឋានទ័ពពិសេស នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីយុទ្ធសាស្ត្រនៃការហ្វឹកហ្វឺន ដើម្បីប្រែក្លាយអង្គភាពទ័ពពិសេស ទៅ ជាអង្គភាពមុតស្រួច ធានាបានកិច្ចការពារ បូរណភាពទឹកដី ការថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពសង្គម ដែលទាមទារចាំបាច់ក្នុងការប្រកាន់ ខ្ជាប់លក្ខណៈសម្បត្តិ ៤យ៉ាង គឺ ទឹកចិត្តក្លាហានភក្តីភាពកាយសម្បទា និងជំនាញ៕ រក្សាសិទ្ធិដោយ ៖ មួង សុវណ្ណារីទ្ធ

















