បាងកក ៖ នៅរសៀលថ្ងៃទី ១៥ ខែ មិថុនា នេះ បន្ទាប់ពីបានអញ្ជើញចូលរួមវេទិកានាយកប្រតិបត្តិ ACMECS ស្ដីពី “ការភ្ជាប់ទៅអនាគតរបស់យើង៖ ការលើកកំពស់កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្ម ACMECS” រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នៅអាគារសាំងគ្រីឡា ក្រុងបាងកក។
ក្នុងជំនួបរសៀលនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី សប្បាយរីករាយយ៉ាងខ្លាំងដែលបានជួបពិភាក្សាការងារជាមួយលោក នាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ នៅសិង្ហបុរី កាលពីខែ មេសា កន្លងទៅនេះ។
សម្ដេចតេជោ បានសាទរចំពោះការកើនឡើងនូវទំហំពាណិជ្ជកម្មទ្វេភាគីពី ៥.៦០៩ លានដុល្លារ ឆ្នាំ២០១៦ ដល់ ៦.១៦៥ លានដុល្លាអាមេរិកនៅឆ្នាំ២០១៧។ សម្ដេចតេជោ បានស្នើសុំភាគីទាំងពីរធ្វើកិច្ចសហប្រតិបត្តការអោយកាន់តែជិតស្និទ្ធថែមទៀត ដើម្បីសម្រេចបានគោលដៅពាណិជ្ជកម្មទ្វេភាគី ១៥ ប៊ីលានដុល្លា នៅឆ្នាំ២០២០។
នៅក្នុងឱកាសនេះដែរ សម្ដេចតេជោ បានស្នើសុំអោយភាគីថៃជួយជំរុញពន្លឿនការចុះហត្ថលេខាលើសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីទំនិញឆ្លងកាត់ និងកំពុងរង់ចាំការបំពេញនីតិវិធីផ្ទៃក្នុង ដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។ សម្ដេចតេជោ បានស្នើសុំអោយរាជរដ្ឋភិបាលថៃជួយជំរុញវិនិយោគិនថៃមកវិនិយោគនៅកម្ពុជាអោយកាន់តែច្រើនឡើងថែមទៀត។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ភាគីថៃដែលជួយសម្រួលដល់ការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ហើយកម្ពុជានឹងខិតខំប្រឹងប្រែងផ្ដល់ភាពស្របច្បាប់ដល់ពលករដែលមិនទទួលសិទ្ឋិរស់នៅីធ្វើការស្របច្បាប់ អោយបានរួចមុនដំណាច់ខែមិថុនា ឆ្នាំ២០១៨ នេះ។
សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់ភាគីថៃដែលបានផ្ដល់ក្បាលរថភ្លើងមួយគ្រឿងដល់កម្ពុជា ហើយស្នើសុំភាគីទាំងសងខាងជួបប្រជុំចរចាគ្នាលើកិច្ចព្រមព្រៀងកម្ពុជា-ថៃ ស្ដីពីបច្ចេកទេស និងនីតិវិធីដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវដែក ដើម្បីឈានដល់ការឯកភាពនិងចុះហត្ថលេខាក្នុងពេលដ៏ខ្លីខាងមុខ។ ព្រមទាំងបានជំរុញអាជ្ញាធរ ពាក់ព័ន្ធ ចាប់ផ្ដើមពិភាក្សាពីការបើកច្រកទ្វារព្រំដែនអន្តរជាតិ នៅ អូរនាង(ខេត្តបន្ទាយមានជ័យ) – បានប៉ារ៉ៃ(ខេត្តស្រះកែវ), ទន្ទឹមនឹងការការបើកច្រកទ្វារអន្តរជាតិ ស្ទឹងបត់-ណងអៀន។
ជំនួបថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគឺបានរឹតចំណងទំនាក់ទំនងប្រពៃណីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការថែររក្សាសន្តិភាពតាមព្រំដែនរវាងប្រទេសទាំងពីរអោយកាន់តែល្អប្រសើរឡើង។ បន្ទាប់ពីកិច្ចប្រជុំទ្វេភាំគីរួចហើយ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយនោកនាយករដ្ឋមន្ត្រីថៃ និងលោកជំទាវ នៅសណ្ឋាគារ Shangri La Hotel ប្រកបដោយភាពស្និទ្ឋស្នាល និងរីករាយក្រៃលែង៕ ដោយ ៖ បញ្ញាស័ក្តិ