Friday, January 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេជោ ៖ រាជរដ្ឋាភិបាល​កែលម្អ​គោលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ ព្រមទាំង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​រឹង និង​ទន់

​បាងកក​៖ ក្នុង​វេទិកា​នាយក​ប្រតិបត្តិ ACMECS សម្ដេច​តេជោ ហ៊ុន សែន បាន​លើកឡើង​នូវ​វិធានការ ប្រកប​ដោយ​ភាពជាក់ស្តែង និង​ប្រាកដនិយម​មួយចំនួន ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​យកចិត្តទុកដាក់​អនុវត្ត និង​កំពុង​ជំរុញ​ការសម្រួល​ពាណិជ្ជកម្ម​ដោយ​រៀបចំ​ដាក់ឲ្យ​អនុវត្ត​នូវ​បញ្ជរចេញ​-​ចូល​តែ​មួយ ធ្វើ​សាមញ្ញ​កម្ម និង​ស្វ័យប្រវត្តិកម្ម​និតិ​វិធី​គយ ទាំង​លើ​ការកំណត់ថ្លៃ និង​ការបញ្ចេញ​ទំនិញ កាត់បន្ថយ​នូវ​ថ្លៃ​សេវា ទាំង​ផ្លូវការ និង​មិន​ផ្លូវការ​នានា ព្រមទាំង​សិក្សា​ធ្វើការ​កែសម្រួល​នូវ​ស្ថាប័ន តាម​មាត់ច្រក​ទា្វ​អន្តរជាតិ និង​កំពង់ផែ​អន្តរជាតិ ដើម្បី​សម្រួល និង​ពន្លឿន​ដល់​ការនាំចេញ​-​នាំចូល​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​វេទិកា​នាយក​ប្រតិបត្តិ ACMECS ស្ដីពី “​ការ​ភ្ជាប់​ទៅ​អនាគត​របស់​យើង​៖ ការលើក​កំពស់​កិច្ចសហប្រតិបត្តិការ និង​ការធ្វើសមាហរណកម្ម ACMECS” នៅ​សណ្ឋាគារ​សាំង​គ្រីឡា ក្រុង​បាងកក ប្រទេស​ថៃ​។

​នៅក្នុង​វេទិកា​នេះ គឺ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​ទាំងអស់ វិនិយោគិន​ធំៗ ដៃគូ​អភិវឌ្ឍន៍ តំណាង​សភា​ពាណិជ្ជកម្ម​ប្រទេស​សមាជិក​ទាំងអស់ អគ្គលេខាធិការ​អាស៊ាន គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សំខាន់ៗ​របស់​ពិភពលោក និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ផង​ដែរ​។

​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ថៃ​, ប្រទេស​មី​យ៉ាន់​ម៉ា បាន​ឡើង​ថ្លែង​សន្ទរកថា​គន្លឹះ ដែល​ក្នុងនោះ​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​ក៏​បាន​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​គន្លឹះ​វាយតម្លៃ​ខ្ពស់​, គាំទ្រ និង​ឯកភាព​ទាំងស្រុង លើ​អនុសាសន៍​ល្អៗ ដែលមាន​សារសំខាន់​របស់​ក្រុមប្រឹក្សា​ធុរកិច្ច​អេ​កម៉ិក (ACMECS) សំដៅ​ចូលរួម​សម្រេច​ឲ្យ​បានូ​វ​ទិសដៅ​គោលនយោបាយ និង​ចក្ខុវិស័យ​របស់ ACMECS ពោល​គឺ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ការធ្វើ​សមាហរណកម្ម​យ៉ាង​ជិតស្និទ្ធ ដើម្បី​ជំរុញ​ការរីកចម្រើន និង​ការអភិវឌ្ឍ​កាន់តែ​ស៊ីជម្រៅ សម្រាប់​តំបន់​ទាំងមូល ស្រប​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​ដែល​កំពុង​អនុវត្ត និង​ការគិតគូរ​របស់អេ​ម៉ិក ជា​ពិសេស​ស្រប​ទៅនឹង​ផែនការ ACMECS ២០១៩-២០២៣ ។

​សម្ដេច​តេជោ ហ៊ុន សែន បាន​លើកឡើង​នូវ​វិធានការ​មុត​ស្រួច​ប្រកបដោយ​ភាពជាក់ស្តែង និង​ប្រាកដនិយម​មួយចំនួន ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​យកចិត្តទុកដាក់​អនុវត្ត​ដូចខាងក្រោម​៖

១)​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ជំរុញ ការសម្រួល​ពាណិជ្ជកម្ម​ដោយ​រៀបចំ ដាក់ឲ្យ​អនុវត្ត​នូវ​បញ្ជរចេញ​-​ចូល​តែ​មួយ ធ្វើ​សាមញ្ញ​កម្ម និង​ស្វ័យប្រវត្តិកម្ម​និតិ​វិធី​គយ ទាំង​លើ​ការកំណត់ថ្លៃ និង​ការបញ្ចេញ​ទំនិញ កាត់បន្ថយ​នូវ​ថ្លៃ​សេវា ទាំង​ផ្លូវការ និង​មិន​ផ្លូវការ​នានា ព្រមទាំង​សិក្សា​ធ្វើការ​កែសម្រួល​នូវ​ស្ថាប័ន តាម​មាត់ច្រក​ទា្វ​អន្តរជាតិ និង​កំពង់ផែ​អន្តរជាតិ ដើម្បី​សម្រួល និង​ពន្លឿន​ដល់​ការនាំចេញ​-​នាំចូល​។​

២)​នៅលើ​ការតភ្ជាប់​ផ្នែក​ទន់ រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ផែនការ​មេ​ស្តីពី​វិស័យ​ឡូ​ជី​ស្ទីក រួម​ទាំង​ការតភ្ជាប់​ផ្នែក​ឌីជីថល (Digital) ផង​ដោយ​ដាក់ចេញ ជា​យុទ្ធសាស្ត្រ​សម្រាប់​ជំរុញ​អនុវត្ត​នៅក្នុង​រយៈពេល​មធ្យម​ខាង​មុខ​។ ជាមួយគ្នា​នេះ​ផង​ដែរ​រាជរដ្ឋាភិបាល​កំពុង​ក​សាង​បន្ថែម និង​កែលម្អ​កំពង់ផែ​សមុទ្រ​នៅ​ក្រុងព្រះសីហនុ​ឲ្យមាន​ជម្រៅ​ទឹក​រហូតដល់ ១៤​ម៉ែត្រ ដែល​អាច​ទទួលបាន​នូវ​នាវា​ទឹក​ទំនិញ​ធំៗ ទន្ទឹម​នឹង​ការកសាង​ផ្លូវ​ល្បឿន​លឿន​(Expressway) ពី​ភ្នំពេញ​ទៅ​កំពង់​ផែ​អន្តរជាតិ​នេះ ដើម្បី​សម្រូល​ដល់​ការដឹកជញ្ជូន​ទំនិញ​នានា ទៅ​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​ដោយ​ប្រើប្រាស់​យន្តការ ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​(PPP)​។ ការកសាង​ទាំងនេះ នឹង​សម្រេច​រួចរាល់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។​

៣)​ពាក់ព័ន្ធ​នឹង​ថ្លៃ​អគ្គិសនី ដោយសារ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់​ជាង​ថ្លៃ​អគ្គិសនី នៅក្នុង​ប្រទេស​មួយចំនួន​ដែល​ជា​សមាជិក ACMECS ដែល​ជា​បញ្ហា​ប្រឈម​ចម្បង​មួយ នៅ​ក្នុង​ការទាក់ទាញ​ការវិនិយោគ​។ ចំពោះ​បញ្ហា​នេះ រាជរដ្ឋាភិបាល​កំពុង​តែពិនិត្យ លទ្ធភាព​ធ្វើ​ការបញ្ចុះ​ថ្លៃ​អគ្គិសនី​ជា​បណ្តើរៗ​ថែម​ទៀត​ចាប់តាំងពី​ឆ្នាំ​២០១៩ នេះ​តទៅ​។​

៤)​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​បង្កើត​ធនាគារ SMEs ព្រមទាំង​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​កម្ពុជា ទន្ទឹម​នឹង​ការដាក់ចេញ​នូវ​វិធានការ​មុត​ស្រួច​មួយចំនួនទៀត នៅក្នុង​ក្របខ័ណ្ឌ​នៃ​គោលនយោបាយ​ជំរុញ​អភិវឌ្ឍន៍ SMEs ដើម្បី​លើ​កម្ពស់​វិស័យ​នេះ ឲ្យក្លាយ​ជា​ក្បាលម៉ាស៊ីន ប្រកប​ដោយ​ជីវភាព នៅ​ក្នុង​ការលើកស្ទួយ​កំណើនសេដ្ឋកិច្ច​។​

៥)​កម្ពុជា​កំពុង​រៀបចំ​ខ្លួន ដើម្បី​ចាប់​យក​សក្តានុពល​និង​ប្រយោជន៍​នៃ​សេដ្ឋកិច្ច Digital ដែល​កំពុង​តែ​កើនឡើង និង​រីក​ដុះ​ដាក់​នៅក្នុង​តំបន់ និង​ពិភពលោក​។ ដូច​បណ្តាល​ប្រទេស​នៅក្នុង​តំបន់​, កម្ពុជា​កំពុងតែ​បង្កើត​ការវិនិយោគ​រៀបចំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ទ្រទ្រង់​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច Digital នេះ​ដែល​រួម​បញ្ជូល​នូវ​ការអភិវឌ្ឍស្ថាប័​ន​, ការកសាង ហេដ្ឋារចនាសម្ព័ន្ធ​ឆ្អឹងខ្នង និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​។​

​នៅក្នុង​ឱកាស​នេះ​ដែរ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​លោក​នាយក​ប្រតិបត្តិ និង​វិនិយោគិន​ទាំងអស់​ទៅ​ស្វែងយល់​ពី​កាលានុវត្តភាព​វិនិយោគ​ជាក់ស្តែង ដែល​កម្ពុជា​អាច​ផ្គល់​ជូន​ក៏ដូចជា ភាពបុរេ​សកម្ម​របស់​រាជរដ្ឋាភិបា​ល​នៅក្នុង​ការកែទម្រង់ ជា ពិសេស​ការកែលម្អ​គោលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម​ និង​ការវិនិយោគ ព្រមទាំង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​រឹង និង​ទន់ ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​វិនិយោគិន​ក្នុងទិសដៅ​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​បរិស្ថាន​វិនិយោគ និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ