កាលពីថ្ងៃទី 01 ខែវិច្ឆិកា ឆ្នាំ 2017 ក្រុម Ford និងក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវអណ្តូងទឹកស្អាតចំនួន 16 ផ្គត់ផ្គង់ទឹកស្អាតដល់ជាង 200 គ្រួសារនៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ។ ពិធីនេះ Ford នង RMA Cambodia រួមជាមួយនិងអ្នកស្ម័គ្រចិត្ត ក៏ដូចជាប្រជាពលរដ្ឋ តំណាងក្រុមហ៊ុន Ford និង RMA Cambodia រួមជាមួយនឹងអ្នកស្ម័គ្រចិត្ត ក៏ដូចជាប្រជាពលរដ្ឋ និងសិស្ស ដែលរស់នៅក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។
តាមការបញ្ជាក់របស់ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia បានឲ្យដឹងថា ក្រុមហ៊ុនបានចំណាយ $25,000 ក្រោមជំនួយឧបត្ថម្ភនៃមូលនិធិអភិរក្ស និងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Initiative) ទៅឲ្យអង្គការយុវជនខ្មែរនិងការអភវឌ្ឍន៍សង្គម(KYSD) ដើម្បីរួមចំណែកកាត់បន្ថយការលំបាករៀងរាល់ថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។ រហូតមកដល់ពេលនេះ គឺក្រុមហ៊ុន Ford បានសាងសង់អណ្តូងទឹកស្អាតចំនួនជាង ១០០អណ្តូងហើយសម្រាប់សហគមន៍ជនបទ ចាប់តាំងពីឆ្នាំ 2012 បន្ទាប់ពីមានការផ្តួចផ្តើមដោយអនុប្រធានក្រុមហ៊ុន Ford Elena Ford ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់នៅកម្ពុជា។
លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងផ្នែកទីផ្សាររថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា “ពួកយើងពិតជាមានមោទនភាពក្នុងការប្រកាសការបញ្ចប់ការសាងសង់អណ្តូងទឹកស្អាតនៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ។ កម្មវិធីអភិរក្ស និងការពារបរិស្ថាន គឺជាកម្មវិធីមួយដែលក្រុមហ៊ុន Ford ចូលរួមចំណែកជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនក្នុងសហគមន៍ដែលយើងកំពុងតែប្រកបអាជីវកម្ម”។
ក្រៅពីនេះ ក្រុមហ៊ុន Ford ក៏បានចូលរួមសកម្មភាពសង្គមជាច្រើននៅក្នុងប្រទេសកម្ពុជា ក្រោមមូលនិធិគាំពារសហគមន៍ជាសកលប្រចាំឆ្នាំផងដែរ។ បុគ្គលិកក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia ក៏បានចូលរួមចំណែកជាមួយអង្គការយុវជនខ្មែរ និងការអភិវឌ្ឍន៍សង្គម ដើម្បីសាងសង់បណ្ណល័យមួយខ្នង ក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ហើយបណ្ណាល័យនេះនឹងក្លាយជាកន្លែងសិក្សា និងស្រាវជ្រាវដ៏ប្រសើរមួយសម្រាប់សិស្សជាង 600នាក់ ដែលស្ថិតក្នុងតំបន់នេះ។
កាលពីខែកញ្ញា មានអ្នកស្ម័គ្រចិត្តមកពីក្រុមហ៊ុន Ford ទូទាំងពិភពលោកជាង 30,000 នាក់ បានចូលរួមនៅក្នុងគម្រោងជាង 600 គម្រោងជាមួយនឹងអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ផ្សេងទៀត មកពីប្រទេសផ្សេងគ្នាជុំវិញពិភពលោក។ ក្រុមហ៊ុន Ford ក៏បានជួយជាជំនួយសម្បុរសធម៌ផ្សេងទៀតចំនួន 600,000 ដុល្លារផងដែរដើម្បីទិញឧបករណ៍និងគ្រឿងផ្គត់ផ្គង់សម្រាប់គំរោងទាំងនោះផងដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក មានអ្នកស្ម័គ្រចិត្តមកពីក្រុមហ៊ុន Ford រាប់ពាន់នាក់បានចូលរួមចំណែកក្នុងគំរោងអភីវឌ្ឍសង្គមផ្សេងៗទៀតនៅគ្រប់ប្រទេសរួមមានប្រទេសចិន ឥណ្ឌា តៃវ៉ាន់ អូស្ត្រាលី នូវែលសេឡង់ ថៃ វៀតណាម ហ្វីលីពីន និងប្រទេសជាច្រើនទៀត៕