Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ ការចិញ្ចឹមថែទាំដែលកាចសាហាវ នឹងធ្វើឱ្យពេលកុមារធំឡើង ក្លាយជាមនុស្សឈឺច្រើន

    យើងធ្លាប់បានឮតែពាក្យថា កុមារដែលត្រូវបានចិញ្ចឹមមើលថែយ៉ាងយកចិត្តទុកដាក់ ពេលធំឡើង នឹងក្លាយជាមនុស្សល្អនៅថ្ងៃខាងមុខ តែលទ្ធផលនៃការវិភាគថ្មីៗបំផុត របស់មហាវិទ្យាល័យ UCLA សហរដ្ឋ អាមេរិក ធ្វើឱ្យយើងអាចបន្ថែមពាក្យចូលទៅទៀតថា ការមើលថែទាំ និងផ្ដល់នូវសេចក្តីស្រឡាញ់ដល់កុមារយ៉ាងល្អនោះ នឹងធ្វើឱ្យគេធំឡើង ក្លាយជាមនុស្សដែលមានសុខភាពល្អ។ ប៉ុន្តែផ្ទុយទៅវិញ កុមារដែលត្រូវបានចិញ្ចឹម បែបខ្វះភាពកក់ក្តៅ និងទទួលរងតែអំពើហិង្សា  នឹងក្លាយជាមនុស្សធំ ដែលឈឺច្រើន ថែមទាំងប្រថុយនឹងការកើតជំងឺបេះដូង និងសរសៃឈាម ច្រើនជាងអ្នកផ្សេងទៀតផង។

 ការស្រាវជ្រាវវិភាគ បានធ្វើឡើងក្នុងរូបបែបនៃការសាកសួរ ពីអ្នកចូលរួមចំនួន ៧៥៦នាក់ ក្នុងប្រធានបទរឿង ភាពប្រឈមក្នុងការកើតជំងឺបេះដូងខ្វះឈាមក្នុងវ័យកំលោះក្រមុំ  ដោយវាយតម្លៃតាមរយ:សញ្ញាដែលបញ្ជាក់ពីសុខភាពទូទាំងរាងកាយ ១៨ប្រការ ដែលមានជាអាទិ៍  សម្ពាធឈាម  កម្រិតកូលេស្តេរ៉ូលនៅក្នុងសរសៃឈាម ទំហំចង្កេះ និងទម្ងន់ខ្លួនជាដើម។ បន្ទាប់ពីនោះ ទើបយកព័ត៌មានដែលទទួលបាន មកសរុបលទ្ធផលថា តើមនុស្សម្នាក់ៗមានភាពប្រថុយប្រថានចំពោះការវិវឌ្ឍ ឆ្ពោះទៅរកជំងឺបេះដូងខ្វះឈាមខ្លាំងប៉ុនណា?  ប៉ុន្តែ ក្រៅពីការវាយតម្លៃតាមបែបបទសុខភាពទាំងនោះហើយ អ្នកស្រាវជ្រាវ នៅបានរកឃើញទៀតថា ប្រវត្តិនៃការចិញ្ចឹមមើលថែកុមារ ដែលបានមកពីការសាកសួរ អ្នកចូលរួមធ្វើការស្រាវជ្រាវវិភាគទាំងនោះ បានហុចលទ្ធផលដ៏មានអត្ថន័យសំខាន់ដល់សុខភាពមនុស្សម្នាក់ៗផងដែរ គឺមនុស្សដែលធំឡើងជាមួយនឹងការចិញ្ចឹមថែទាំ បែបឱ្យតែរួចៗពីដៃ តាំងពីវ័យទារកមកនោះ  គឺជាក្រុមមនុស្សដែលមានកម្រិតសុខភាពអន់ខ្សោយ ដូចជា ទំហំចង្កេះក្រាស់ធំ  កូលេស្តេរ៉ូលច្រើន  សម្ពាធឈាមខ្ពស់ -ល- ខុសប្លែកពីក្រុមមនុស្ស ដែលធំធាត់ឡើងនៅក្នុងក្រុមគ្រួសារ ដែលមើលថែចិញ្ចឹមយ៉ាងយកចិត្តទុកដាក់ យ៉ាងគួរឱ្យសង្កេត។

    ដូច្នេះហើយទើបយើងអាចមើលឃើញបានថា  បទពិសោធន៍នៃការដែលត្រូវបានចិញ្ចឹមនៅក្នុងវ័យកុមារ មានផលប៉ះពាល់ដល់ការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗទូទាំងរាងកាយ។ ក្រុមមនុស្សដែលត្រូវបានចិញ្ចឹមឱ្យធំឡើងយ៉ាងគ្មានការយកចិត្តទុកដាក់ ឬអាចដល់ថ្នាក់ប្រើអំពើហិង្សា មិនថាតែខាងផ្លូវកាយ និងផ្លូវចិត្តផងនោះ នឹងធ្វើឱ្យការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗក្នុងរាងកាយ ខុសពីធម្មតា ហុចផលឱ្យពេលធំឡើង ក្លាយជាមនុស្សឈឺច្រើន  ឬឆាប់ធ្លាក់ខ្លួនឈឺដោយងាយ  មានអ្នកខ្លះចូលក្នុងលក្ខណៈប្រឈមនឹងរោគបេះដូង និងសរសៃឈាមទៀតផង  ខុសគ្នាស្រឡះពីក្រុមមនុស្សដែលត្រូវបានចិញ្ចឹមមើលថែទាំមកយ៉ាងល្អ បានទទួលភាពកក់ក្តៅពេញទំហឹងនោះ  ច្រើនតែមានសុខភាពរឹងប៉ឹង  មានប្រព័ន្ធស៊ាំនឹងជម្ងឺផ្សេងៗ រឹងមាំល្អទៀតផង។

   លោកស្រីវេជ្ជបណ្ឌិត ថេរេហ្សា ស៊ីមែន  សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រមនុស្សចាស់ ដែលជាមនុស្សម្នាក់ ក្នុងចំណោមអ្នកដឹកនាំការវិភាគស្រាវជ្រាវនេះបានរៀបរាប់ថា  លោកស្រីសង្ឃឹមថា លទ្ធផលនៃការស្រាវជ្រាវវិភាគដែលទទួលបានក្នុងគ្រានេះ  នឹងជួយជំរុញឱ្យមនុស្សយើងសង្កេតឃើញពីភាពពាក់ព័ន្ធគ្នារបស់បញ្ហាថា តើការចិញ្ចឹមមើលថែទាំកូននៅក្នុងវ័យកុមារ ហុចផលដល់សុខភាពនៅក្នុងវ័យមនុស្សធំយ៉ាងដូចម្ដេចខ្លះ និងការកែបញ្ហានេះយ៉ាងមានប្រសិទ្ធភាព។  ការជំរុញ និងបំផុសឱ្យឪពុកម្តាយ ឬអ្នកមើលថែទាំក្មេងបានដឹង បានយល់ ពីការមើលថែ និងចិញ្ចឹមកុមារយ៉ាងត្រឹមត្រូវ ទាំងក្នុងរឿងការហូបចុក ការរស់នៅ សុខភាពផ្លូវកាយ និងផ្លូវចិត្ត រួមទាំងការបានទទួលនូវភាពកក់ក្តៅ ការមើលថែទាំ យកចិត្តទុកដាក់យ៉ាងពេញទំហឹងនោះ  នឹងជួយកាត់បន្ថយបរិមាណមនុស្សធំ ដែលក្លាយជាអ្នកមានជំងឺ ១ថ្ងៃកាត់ ១ថ្ងៃកោរ បានយ៉ាងងាយនាពេលអនាគត និងកាត់បន្ថយបញ្ហាពាក់ព័ន្ធនឹងការមើលថែទាំអ្នកជំងឺបេះដូង និងសរសៃឈាម ដែលជាជំងឺមួយ ក្នុងចំណោមជំងឺដ៏កាចសាហាវនោះបានទៀតផង៕
Mom and son on playground. Boy in bright red T-shirt and young woman in dress outdoors summer. Everyday life. Concept of childhood and relationship of children with parents
×