Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CEN និងកង្វល់ប្រជាពលរដ្ឋ ÷ ប្រជាពលរដ្ឋរិះគន់រឿងធ្វើផ្លូវចាក់បេតុងក្នុងទឹកដីខណ្ឌមានជ័យ កម្រាស់ជិត២តឹក បាតក្រោមអត់ដាក់ឆ្អឹងដែក ឬឆ្អឹងឫស្សី តើគេស៊ីដាច់ឬយ៉ាងណា?!

spot_img

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានសម្ដែងការរិះគន់ទៅលើរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លើកហែម ដារិទ្ធ មិងចៅសង្កាត់ស្ទឹងមានជ័យ៣ផងដែរ រឿងធ្វើផ្លូវចាក់បេតុងក្នុងមូលដ្ឋានប្រវែង៤០០ម៉ែត្រ ទទឹង៥ម៉ែត្រ ប៉ុន្តែមើលទៅដឹងតែគ្មានគុណភាពរួចទៅហើយ ព្រោះថា ផ្លូវចាក់បេតុងនេះ កម្រាស់ជិត២តឹក រីឯបាតក្រោម មិនមានចាក់ឆ្អឹងដែក ឬឆ្អឹងឫស្សី ដើម្បីឲ្យមាំទាំ ឬធន់ ប្រើប្រាស់បានយូរនោះទេ។

ប្រជាពលរដ្ឋ បាននិយាយប្រាប់មជ្ឈមណ្ឌលព័ត៌មាន CEN ថា កាលពី ២សប្តាហ៍មុន គេឃើញក្រុមមន្ត្រីការងាររបស់ខណ្ឌមានជ័យ ចុះពិនិត្យមើលការជួសជុលផ្លូវក្នុងមូលដ្ឋាន គឺផ្លូវចាក់បេតុងប្រវែង៤០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ជិត២តឹក ទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋដែលស្នើយូរមកហើយ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ផ្លូវចាក់បេតុងនេះ បើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ និងបញ្ចប់រួចរាល់ នៅថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងថ្ងៃស្ថាបនាផ្លូវនេះដែរ ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា ផ្លូវបេតុងកម្រាស់ជិត២តឹក បណ្តោយ៤០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្រាប់តែគ្មានឆ្អឹងដែកមួយសរសៃសម្រាប់ធ្វេីឱ្យមាំទាំ ឬរឹងមាំ ឬធន់ប្រើប្រាស់បានយូរនោះទៅវិញ?! តើជាបច្ចេកទេសអ្វីទៅ ហើយវិស្វកររូបនោះរៀនមកពីណា?!

ប្រជាពលរដ្ឋនិយាយលេងសើចបែបចំអកថា ឬមួយក៏ជាបច្ចេកទេសថ្មីសម្រាប់ធ្វើផ្លូវរបស់ក្រុមការងាររដ្ឋបាលខណ្ឌមានជ័យ និងសាលាសង្កាត់ស្ទឹងមានជ័យ៣ ? កាធ្វើផ្លូវរបៀបនេះ ច្បាស់ជាប្រើប្រាស់មិនបានប៉ុនន្មាននោះទេ ប្រាកដជាខូចខាតទៅវិញក្នុងពេលឆាប់ៗជាមិនខានឡើយ ព្រោះគ្មានចាក់ឆ្អឹងដែក ឬឆ្អឹងឫស្សីបាតក្រោម។

ដល់ពេលប្រជាពលរដ្ឋឆ្ងល់ ក៏ធ្វើជាសួរទៅកាន់ក្រុមការងារធ្វើផ្លូវចាក់បេតុងនេះ ថា ធ្វើផ្លូវបេតុងក្រាស់ល្អគ្រាន់បើ ហេតុអ្វីមិនដាក់ឆ្អឹងដែក ឬក៏ដាក់ឆ្អឹងឫស្សីនៅបាតក្រោម?! ស្រាប់តែក្រុមការងារសាលាខណ្ឌ និងសង្កាត់ស្ទឹងមានជ័យ៣ បានប្រាប់ប្រជាពលរដ្តវិញថា កន្លងមក គេធ្វើតែអ៊ីចឹង… ធ្វើតែអ៊ីចឹង គឺបានហើយ !

ប្រជាពលរដ្ឋហួសចិត្តថា ចប់បណ្ដោយលោកព្រះ… ចាំមើលប្រើប្រាស់ទៅបានយូរប៉ុណ្ណា? រឿងនេះប្រជាពលរដ្ឋសង្ស័យថា អាចថាតាមគម្រោង គឺបាតក្រោមមានឆ្អឹងដែក ឬឆ្អឹងឫស្សីអ៊ីចឹងដែរ ប៉ុន្តែក្រុមមន្ត្រីកេងចំណេញ ច្បិចលើច្បិចក្រោម យកអាលុយដាក់ឆ្អឹងដែក ឬឆ្អឹងឫស្សីនោះ ទៅចែកគ្នាចាយ, ទើបធ្វើផ្លូវចាក់បេតុងមួយនេះ មិនដាក់ឆ្អឹងដែក ឬឆ្អឹងឫស្សីនៅបាតក្រោមទៅវិញ, មិនដឹងជាទៅរៀនតាមវិស្វករណាទេ លោកព្រះ…?! ៕ រក្សាសិទ្ធិដោយ ៖ ប្រុសរិទ្ធិ

spot_img
×