រដ្ឋធានីប៉េកាំង៖ រហូតមកដល់ពេលនេះ ថ្វីត្បិតតែពិភពលោកទាំងមូល បានបើកទ្វារចំហដំណើរការសេដ្ឋកិច្ច និងវិស័យទេសចរណ៍ឡើងវិញហើយក្ដី ប៉ុន្ដែប្រទេសចិន នៅតែបន្ដរឹតត្បឹតច្បាប់ទប់ស្កាត់នឹងជំងឺកូវីដ-១៩យ៉ាងតឹងរឹងបំផុត រហូតធ្វើឲ្យមានការផ្ទុះបាតុកម្មរាលដាល នៅតាមបណ្ដាទីក្រុងជាច្រើនរបស់ប្រទេសមហាយក្សអាស៊ីមួយនេះ ប្រឆាំងនឹងគោលនយោបាយសូន្យកូវីដរបស់ប្រធានាធិបតី ស៊ី ជិនពីង។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ថា អាជ្ញាធរទីក្រុងហ្គងហ្ស៊ូ (Guangzhou) ស្ថិតនៅភាគខាងត្បូង ប្រទេសចិន បានប្រកាស អំពីការលើកលែងនូវការរឹតបន្ដឹងកូវីដដ៏ខ្លាំងក្លាបំផុត ក្រោយការផ្ទុះបាតុកម្ម តវ៉ាប្រឆាំងនឹងគោលនយោបាយនេះ។

ការបន្ធូរបន្ថយនូវការរឹតបន្ដឹងកូវីដ បានកើតឡើង ត្រឹមតែរយៈពេល១ថ្ងៃ ក្រោយក្រុមបាតុករ បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយនឹងប៉ូលិស នៅក្នុងទីក្រុងភាគខាងត្បូង ប្រទេសចិន ជុំវិញវិធានការដ៏តឹងរឹងបំផុតរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។
អាជ្ញាធរចិន បានបិទខ្ទប់ពាសពេញប្រទេស និង ការរឹតបន្តឹងដល់ការធ្វើដំណើរ ហើយបានធ្វើតេស្តទ្រង់ទ្រាយធំ ដែលជាផ្នែកមួយ នៃគោលនយោបាយ «សូន្យ-កូវីដ» របស់ក្រុងប៉េកាំង រហូតជំរុញឲ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំង ពីប្រជាជន ខណៈប្រទេសជាច្រើន នៅលើពិភពលោក បានបន្ធូបន្ថយការរឹតត្បឹត ហើយបើកដំណើរការសេដ្ឋកិច្ច និង វិស័យទេសចរណ៍ឡើងវិញ។
បាតុកម្មប្រឆាំងនឹងគោលនយោបាយសូន្យកូវីដរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) កាលពីចុងសប្ដាហ៍ បានរីករាលដាល ទៅកាន់ទីក្រុងសៀងហៃ រដ្ឋធានីក្រុងប៉េកាំង និង កន្លែងផ្សេងៗទៀត។ នេះជាសកម្មភាពដ៏កម្រ បានក្លាយទៅជាការបង្ហាញ អំពីការផ្គើនជាសាធារណៈ មិនធ្លាប់មានពីមុនមក ចាប់តាំងពីប្រធានាធិបតីចិន លោក Xi Jinping បានឡើងកាន់អំណាច នៅក្នុងអំឡុងឆ្នាំ២០១២ រហូតមក។

មន្រ្ដីក្រុងឆុងហ្គីង (Chongqing) បានឲ្យដឹងថា ទីក្រុងនាភាគនិរតីមួយនេះ ទំនងជានឹងអនុញ្ញាតឱ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកជំងឺកូវីដ-១៩ តាមការបំពេញលក្ខខណ្ឌមួយចំនួន ត្រូវធ្វើចត្ដាឡីស័ក នៅក្នុងផ្ទះរបស់ពួកគេ។ ប៉ុន្ដែជាមួយនឹងចំនួនអត្រាកូវីដ នៅទូទាំងប្រទេស ហាក់ដូចជា មានក្តីសង្ឃឹមតិចតួច សម្រាប់ការផ្លាស់ប្តូរគោលនយោបាយ«សូន្យ-កូវីដ» ដែលលោកប្រធានាធិបតី ស៊ី បានអះអាង ថា វាបានជួយសង្គ្រោះអាយុជីវិតរបស់មនុស្ស។
គេហទំព័រ Worldometer បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ចិន មានករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៤ ២៨៨នាក់ ធ្វើឲ្យប្រទេសមហាយក្សអាស៊ីនេះ មានអ្នកឆ្លងសរុប ៣១៩ ៥៣៦នាក់។ នៅក្នុងចំណោមអ្នកឆ្លងជំងឺកូវីដទាំងនោះ មានអ្នកស្លាប់ ៥ ២៣៣នាក់ និង មានអ្នកជាសះស្បើយ ២៧៨ ៦៨៧នាក់ ហើយ៣៥ ៦១៦នាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល។

ចិន ជាប្រភពដើម នៃការផ្ទុះជំងឺកូវីដ-១៩ ហើយរហូតមកដល់ពេលនេះ ចិនឈរលើលេខរៀងទី១០៣ នៃប្រទេសមានអ្នកឆ្លងជំងឺកូវីដច្រើនជាងគេ នៅលើពិភពលោក ខណៈសហរដ្ឋអាមេរិក ឈរនៅលេខរៀងទី១ ដោយមានអ្នកឆ្លងថ្មី ៣៩ ២០៨នាក់ ធ្វើឲ្យប្រទេសមហាអំណាចកំពូលមួយនេះ មានអ្នកឆ្លងសរុប ១០០ ៥៩៥ ៦៥៨នាក់។ នៅក្នុងចំណោមអ្នកឆ្លងទាំងនោះ មានអ្នកស្លា.ប់ជាង១លាននាក់ និង មានអ្នកជាសះស្បើយ ជាង៩៨លាននាក់ ហើយជាង១,៣លាននាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល៕ រក្សាសិទ្ធិដោយ ៖ សារាយSN





